ជាតិ
វីដេអូ
និស្សិតកសិកម្ម សួន ឧត្តម ចង់បង្កើតកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុក ព្រោះមិនចង់ឃើញការនាំចូលពីក្រៅ
× ក្រចេះ៖ យុវជន សួន ឧត្តម ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យក្រចេះ បានជ្រើសរើសជំនាញសេនេទិច និងបង្កាត់ពូជ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តម។ តាមរយៈការជ្រើសរើសជំនាញកសិកម្មនេះ ឧត្តម មានបំណងបង្កើតកសិដ្ឋានចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះមិនចង់ឃើញមានការនាំចូលពីប្រទេសជិតខាង។
«ខ្ញុំចង់បើកជាកសិដ្ឋានខ្លួនឯង។ ប្រសិនបើប្រទេសយើង មានកសិដ្ឋានធំៗ មានកន្លែងចិញ្ចឹមត្រី ដែលផ្គត់ផ្គង់ក្នុងទីផ្សារ វាជារឿងល្អ។ ខ្ញុំគិតថា យើងមិនអាចនាំចូលពីប្រទេសជិតខាងបានទេ គឺយើងបង្កើតផលិតផលក្នុងស្រុក»។ នេះជាការលើកឡើងរបស់យុវជន សួន ឧត្តម។
សូមអញ្ជើញបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយយុវជន សួន ឧត្តម និស្សិតជំនាញសេនេទិច និងបង្កាត់ពូជ នៃសាកលវិទ្យាល័យក្រចេះដូចតទៅ៖
ជាអ្នករស់នៅខេត្តស្ទឹងត្រែង យុវជន សួន ឧត្តម បានចាប់អារម្មណ៍លើវិស័យកសិកម្ម។ យុវជនវ័យ ២០ឆ្នាំរូបនេះ មើលឃើញពីតម្រូវការម្ហូបអាហារនៅកម្ពុជា ដោយបន្លែ ត្រី សាច់មួយចំនួន នាំចូលពីក្រៅប្រទេស។ បើតាមយុវជន សួន ឧត្តម ជំនាញកសិកម្ម ជាជំនាញដែលងាយស្រួលសិក្សា។ និស្សិតឆ្នាំទី២រូបនេះ លើកទឹកចិត្តដល់សិស្សានុសិស្ស ជ្រើសរើសជំនាញកសិកម្ម សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានរីកចម្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com