ជាតិ
សេដ្ឋកិច្ច
វៀតណាម សម្រេចបើកឱ្យមានជើងហោះហើរត្រង់ មកកាន់ ខេត្តសៀមរាប
× កម្ពុជា-វៀតណាម ឯកភាពឱ្យមានការហោះហើរត្រង់ពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាប។ ជើងហោះត្រង់រវាងរដ្ឋធានីហាណូយ និងខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមពៀង ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត និង លោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នាថ្ងៃទី១១ធ្នូ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបើកឱ្យមានជើងហោះហើរត្រង់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសវៀតណាម លំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូន ជាដើម។ ជនជាតិវៀតណាម ជាទេសចរធំលំដាប់ទី២បន្ទាប់ថៃ ដែលបានមកលេងកម្សាន្ត នៅទឹកដីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣។
របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ១០ខែមកនេះ កម្ពុជាទទួលបានទេសចរជនជាតិវៀតណាមចំនួន ៩៥ ៨៩៥នាក់ កើនបាន៦៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។
ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួបទី៥៦ឆ្នាំនៃទំនងការទូតផ្លូវការ រវាងកម្ពុជា និងវៀតណាម។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com