RFI
អន្តរជាតិ
RSF៖ ចំនួនអ្នកសារព័ត៌មានស្លាប់ក្នុងឆ្នាំ ២០២៣ បានថយចុះ
17, Dec 2023 , 11:59 am        
រូបភាព
RSF ថាចំនួនអ្នកសារព័ត៌មានស្លាប់ក្នុងឆ្នាំ ២០២៣ បានថយចុះ។ AP
RSF ថាចំនួនអ្នកសារព័ត៌មានស្លាប់ក្នុងឆ្នាំ ២០២៣ បានថយចុះ។ AP
ដោយ៖ទុយ ដានែល/RFI
 
ថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ​ អង្គការអ្នកកាសែតគ្មានព្រំដែនហៅកាត់ជាភាសាបារាំង RSF បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពអ្នកកាសែតក្នុងលោក។ តាមរបាយការណ៍​ មានអ្នកសារព័ត៌មានចំនួន ៤៥នាក់​បានស្លាប់ បាត់បង់ជីវិត នៅក្នុង​ពេល​បំពេញ​ការងារ​​យកព័ត៌មានគិតត្រឹម​ថ្ងៃទី១ ធ្នូ។

តាម​RSF​ អ្នកកាសែតស្លាប់ក្នុងឆ្នាំ ២០២៣ មានចំនួនតិចជាងឆ្នាំ ២០២២ ដែលមានចំនួនរហូតដល់ទៅ ៦១នាក់។ គួររម្លឹកថា កាលពីជាង ២០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០០២​ ចំនួនអ្នកកាសែតដែលបាត់បង់ជីវិតក្នុងពេលចុះបំពេញបេសកកម្មមានតែ ៣៣នាក់ប៉ុណ្ណោះ។ ថ្លែងប្រា​ប់ AFP អគ្គលេខាធិការ​ RSF​ លោក Christophe Deloire បាន​កត់សម្គាល់ឃើញ​ពី​ការថយចុះជាបន្តបន្ទាប់ចំនួន​អ្នកកាសែតស្លាប់​ក្នុង​ពេល​បំពេញការងារ។ ក្នុង​ឆ្នាំ ២០១២ មាន​ស្លាប់អ្នកកាសែត​ដល់​ទៅ ១៤០នាក់ ពិសេស​ក្នុង​អំឡុង​សង្រ្គាម​នៅ​ស៊ីរី និង​បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៣ នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់។​
 
តាមអង្គការអ្នកកាសែតគ្មានព្រំដែន ចំនួន​អ្នកកាសែតស្លាប់​សរុប​ក្នុង​ឆ្នាំ ២០២៣ មិនបានរាប់បញ្ចូលចំនួនអ្នកស្លាប់នៅក្រៅពេលបំពេញបេសកកម្ម​ទេ។ ដោយឡែក RSF បាន​ស្រង់​​ចំនួន​អ្នកកាសែតស្លាប់សរុប ៦៣នាក់​នៅ​ដើមបូព៌ា គិតចាប់តាំងពីពេលផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃទី០៧តុលា។ RSF បាន​លំអិត​ថា មាន​ស្លាប់អ្នកសារព័ត៌មាន ចំនួន ១៣នាក់នៅ​ក្រោម​គ្រាប់កាំភ្លើង​អ៊ីស្រាអែល​ក្នុង​តំបន់ហ្កាហ្សា។ បន្ទាប់​មក សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏​បាន​បណ្តាល​ឲ្យ​ស្លាប់អ្នកកាសែត​ ៣នាក់​ដែល​កំពុង​បំពេញ​ការងារនៅ​ក្នុង​ប្រទេស​លីបង់ និងស្លាប់​អ្នកកាសែត​ម្នាក់​ទៀត​នៅ​អ៊ីស្រាអែល​ដោយ​ពួក​ហាម៉ាស។
 
ដោយឡែក ​សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបាន​សម្លាប់​អ្នកកាសែតសរុប​ចំនួន ១១នាក់​គិត​តាំង​ពី​​ខែ​កុម្ភៈ​២០២២ ក្នុង​នោះ​មាន ៣នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ ២០២៣។ តាម RSF ដដែល ចំនួន​អ្នកកាសែតស្លាប់​នៅ​អាមេរិកឡាទីន បានធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​តែ ៦នាក់ ពោល​តិច​ជាង​ឆ្ងាយ​ក្នុង​ឆ្នាំ ២០២២ ដែល​មាន​ដល់ទៅ ២៦នាក់។ ​ នៅប្រទេសម៉ិកស៊ិក អ្នកសារព័ត៌មានចំនួន ៤នាក់ បានស្លាប់ ពោលគឺតិចជាងឆ្នាំ ២០២២ ដែល​មាន​ស្លាប់ ១១នាក់។ ក្រៅ​ពី​ការបាត់បង់ជីវិត RSF ក៏​បាន​លើក​ឡើង​ពី​ចំនួន​អ្នកកាសែត​បាត់​ខ្លួន​ក្នុង​ឆ្នាំ ២០២៣ ដែល​មានចំនួន​សរុប ៨៤នាក់។ បន្ទាប់មក RSF បាន​បញ្ជាក់​ពី​ចំនួន​អ្នកកាសែត​ជាប់​ឃុំ​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួនសរុប ៥២១នាក់ ពោល​គឺតិច​ជាងឆ្នាំ ២០២២ ដែល​មាន ចំនួន ៥៦៩នាក់។ បេឡារុស​ជា​ប្រទេស​ស្ថិត​លេខរៀងទី៣ ដែល​ចាប់​អ្នកកាសែត​ដាក់​គុកច្រើនជាង​គេ បន្ទាប់​ពី​ប្រទេសចិន និង​ភូមា នេះ​បើ​តាម RSF៕
 

© រក្សាសិទ្ធិដោយ thmeythmey.com