កីឡាជាតិ
ជាតិ
ណាង សុវណ្ណ ប្រើក្បាច់ក្លេ យកឈ្នះ អ្នកលេងគុនល្បុក្កតោមកពីវៀតណាម
17, Dec 2023 , 4:29 pm        
រូបភាព
កីឡាករ ណាង សុវណ្ណ អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទារលោហិត បានយកឈ្នះ កណ្ដុរស មានពិស Pham Van Giang មកពីវៀតណាម ឲ្យបោះបង់ចោលការប្រកួត នៅទឹកទី២ ដោយប្រើក្បាច់ក្លេ ក្នុងការប្រកួតអ្នកលេងគុន។ កីឡាករកម្ពុជារូបនេះ បានចំណាយពេល ២ខែ ក្នុងការហ្វឹកហាត់ត្រៀមប្រកួតគុនល្បុក្កតោ លក្ខណៈអន្ដរជាតិនេះ។

 

កីឡាករ ណាង សុវណ្ណ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ថា គូប្រកួតមកពីវៀតណាម ធ្ងន់ជាងខ្លួន ២គីឡូក្រាម ប៉ុន្ដែ សុវណ្ណ ព្រមប្រកួត បើទោះជាដឹងថា មិនងាយស្រួលទេ ក្នុងការជួបអ្នក ដែលមានគីឡូធ្ងន់ជាង់។ 
 
កីឡាករកម្ពុជារូបនេះ ប្រកួតលើប្រភេទទម្ងន់ ៥១គីឡូក្រាម ប៉ុន្ដែ គូប្រកួតមានទម្ងន់ ៥៣គីឡូក្រាម។ បើទោះជាយ៉ាងនេះ ក៏ដោយ អ្នកលេងគុនល្បុក្កតោកម្ពុជារូបនេះ បានយកឈ្នះ ដោយប្រើក្បាច់ឃ្លេរ នៅទឹកទី២។
  


ណាង សុវណ្ណ បាននិយាយថា ប្រសិនជា ឃ្លេរគូប្រកួតនៅទឹកទី ២ មិនបានទេ សុវណ្ណ អាចចាញ់ ព្រោះគូប្រកួត មានភាពរឹងមាំច្រើន។
 
ដោយឡែក ពេលដឹងថាខ្លួនមានវត្តមានប្រកួតក្នុងព្រឹត្ដិការណ៍អ្នកលេងគុន សុវណ្ណ បានប្រឹងហ្វឹកហាត់ អស់រយៈពេល ២ខែ។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ណាង សុវណ្ណ គឺជាម្ចាស់មេដាយមាសកីឡាគុនល្បុក្កតោថ្នាក់ជាតិ ៤ឆ្នាំជាប់គ្នា និងជាម្ចាស់មេដាយមាស ជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ណាង សុវណ្ណ ដណ្ដើមបាន មេដាយសំរិទ្ធ៕

Tag:
 ណាង សុវណ្ណ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com