អន្តរជាតិ
អូស្ត្រាលី​មាន​ទំនុក​ចិត្ត​ថា​នឹង​បញ្ចប់សម្ពាធពីចិនលើពន្ធស្រា​នៅ​ដើម​ឆ្នាំ​២០២៤
17, Dec 2023 , 5:29 pm        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី១៧ ខែធ្នូ​បានលើកឡើងថា ខ្លួនមានទំនុកចិត្តដែលសម្ពាធពន្ធលើ ស្រារបស់ខ្លួនដែលត្រូវបានពាំនាំដោយចិនតាំងពីឆ្នាំ ២០២១ នឹងត្រូវដកចេញនៅដើម ឆ្នាំក្រោយ។

 
«ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថានៅដើមឆ្នាំថ្មីនេះយើងនឹងទទួលបានលទ្ធផលអំណោយផលពីអាជ្ញាធរចិនក្នុងការលុបចោលការហាមឃាត់លើស្រាអូស្ត្រាលី»។ រដ្ឋមន្ត្រីពាណិជ្ជកម្ម អូស្ត្រាលី លោក Don Farrell បានប្រាប់ទូរទស្សន៍ Sky News បែបនេះដោយបន្ថែមថា ការសម្រេចបានមួយនេះនឹងមានសារសំខាន់ណាស់សម្រាប់អ្នកផលិតស្រាអូស្ត្រាលីខណៈឈានចូលដល់រដូវកែច្នៃស្រាផងដែរ។
 
ការប្រកាសខាងលើនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរកាលពីខែតុលាបានសម្គាល់ថាពួកគេបានឈានដល់ការឯកភាពគ្នាមួយដើម្បីដោះស្រាយជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីស្រា ហើយពន្ធប្រឆាំងការបង្ខូចថ្លៃដែលមិនត្រូវបានកំណត់ឱ្យផុតកំណត់រហូតដល់ ឆ្នាំ ២០២៦ នឹងត្រូវបានពិនិត្យឡើងវិញ។ នៅពេលនោះ អូស្ត្រាលីបានដាក់ពាក្យបណ្តឹងជុំវិញ ការយកពន្ធរបស់ចិនលើស្រារបស់ខ្លួននៅ WTO ក្នុងឆ្នាំ ២០២១។ 
 
ចិនគឺជាទីផ្សារនាំចេញស្រាកំពូលរបស់អូស្ត្រាលីមុនពេលពន្ធត្រូវបានដាក់ ដែលការនាំចេញ ឈានដល់កម្រិតកំពូលចំនួន ៨០៤ លានដុល្លារសម្រាប់រយៈពេល ១២ ខែដល់ខែមករា ឆ្នាំ ២០២០។
 
កាលពីខែវិច្ឆិកា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីស បានទៅបំពេញទស្សន កិច្ចនៅចិនដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីតាំងពីឆ្នាំ ២០១៦ ខណៈដែលរដ្ឋាភិបាលកាន់អំនាចបានបន្តធ្វើការលើស្ថិរភាពទំនាក់ទំនងដ៏តានតឹងជាមួយ ទីក្រុងប៉េកាំង។ ឥឡូវនេះ ចិនបានដកការបិទពាណិជ្ជកម្មលើការនាំចេញភាគច្រើនរបស់ អូស្ត្រាលីដែលបានដាក់ចេញបន្ទាប់ពីមានការអំពាវនាវរបស់អូស្ត្រាលីឱ្យមានការស៊ើបអង្កេតជាអន្តរជាតិលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com