អន្តរជាតិ
ការប្រើប្រាស់បារីអេឡិចត្រូនិក Vape កើនឡើងលើនបំផុតក្នុងទីផ្សារទំនិញចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៣
17, Dec 2023 , 6:59 pm        
រូបភាព
ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ផលិតផលបារីអេឡិចត្រូនិក Vape គឺជាប្រភេទដែល កំពុងរីកចម្រើនលឿនបំផុតនៅក្នុងទីផ្សារទំនិញរបស់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំទីពីរដែល កំពុងដំណើរការក្នុងឆ្នាំនេះ ខណៈពេលដែលការលក់បារី និងថ្នាំជក់បានធ្លាក់ចុះយ៉ាងខ្លាំង។

 
រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសកាលពីខែតុលាបានស្នើការហាមឃាត់លើក្មេងៗជំនាន់ ក្រោយមិនអោយទិញបារី ហើយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Rishi Sunak បាន បញ្ជាក់ថា រដ្ឋាភិបាលក៏ចាំបាច់ត្រូវធ្វើសកម្មភាពលើការជក់បារីអេឡិចត្រូនិក Vape របស់ យុវជនផងដែរ។
 
យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូដោយអ្នកស្រាវជ្រាវទីផ្សារ NIQ និង The Grocer ផលិតផល Vape មានការកើនឡើងនៃការលក់នៅអង់គ្លេសក្នុងចំនួន ១,១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ យីហោ Lost Mary ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Heaven Gifts គឺជាផលិតផលដែលរីកចម្រើនលឿនបំផុតនៅចក្រភពអង់គ្លេសជាមួយនឹងការ លក់កើនឡើង ៣៩៥,៤ លានដុល្លារពីឆ្នាំមុន។
 
 
NIQ បញ្ហាញថា ផលិតផល  Vape ក៏មើលឃើញកំណើននៅលើមូលដ្ឋានបរិមាណ ឬចំនួន ដែលមនុស្សបានទិញ ខណៈដែលការលក់បារី និងថ្នាំជក់ដែលធូររលុងបានធ្លាក់ចុះ ១,០៨ ពាន់លានដុល្លារ និង ៥ លានដុល្លាររៀងគ្នានៅលើមូលដ្ឋានតម្លៃលក់។
 
តំបន់រីកចម្រើនមួយទៀតគឺការលក់ ភេសជ្ជៈប៉ូវកម្លាំង និងកីឡាដែលបានកើនឡើង ៤៩៦,៦ លានដុល្លារដែលត្រូវបានជំរុញដោយភាពល្បីល្បាញរបស់ភេសជ្ជៈ Prime Hydration ដែលជា ម៉ាកយីហោនាំមុខដោយអ្នកផលិតមាតិការលើបណ្ដាញសង្គម Youtube លោក KSI និង លោក Logan Paul និងចែកចាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលសេវាកម្ម Congo Brands ។
 
ក្រៅពីនេះ NIQ បញ្ជាក់ផងដែរថា ប្រភេទទំនិញនៅទីផ្សារដែលរីកលូតលាស់លឿនបំផុតមួយ ចំនួនផ្សេងទៀតក្នុង ឆ្នាំ ២០២៣ គឺជាលទ្ធផលនៃអតិផរណា ជាមួយនឹងតម្លៃនៃការលក់ ទឹកដោះគោ ឈីស សាច់ស្រស់ និងសាច់ស្លាបកើនឡើងយ៉ាងខ្លាំង ខណៈការលក់ អាហារសម្រន់ សូកូឡា និងនំផ្អែមក៏បានធ្លាក់ចុះផងដែរដោយផ្អែកលើបរិមាណ៕

© រក្សាសិទ្ធិដោយ thmeythmey.com