RFI
អន្តរជាតិ
លំហាត់ យ៉ូហ្កា Yoga អាច​ចាត់​ទុក​ជា​វិធី​​ព្យាបាល​ជំងឺ ?
17, Dec 2023 , 8:59 pm        
រូបភាព
ការហាត់ Yoga មាន​ការ​ពេញនិយមកាន់តែខ្លាំងឡើងៗ។ AFP
ការហាត់ Yoga មាន​ការ​ពេញនិយមកាន់តែខ្លាំងឡើងៗ។ AFP
ដោយ៖អៀង សុខម៉ិញ/RFI
 
ថ្ងៃទី ២១ មិថុនា ជា​ទិវាយូហ្កា​ពិភពលោក។ យ៉ូហ្កា​មិនមែន​គ្រាន់​តែ​លំហាត់ផ្តល់​ភាព​ទន់​ភ្លន់​ដល់​រាងកាយ​ទេ តែ​ជា​លំហាត់​សម្រាប់​គ្រប់គ្រង​ឥរិយាបថ​នៃ​ជីវិត​។ លំហាត់​ឬ​​ក្បាច់​ហាត់​សាមញ្ញៗ អាច​ជួយយើង​ឱ្យ​មាន​​អភិវឌ្ឍ​បុគ្គល អារម្មណ៍ និង​គ្រប់គ្រង​ស្ត្រេស ហើយ​សម្រួល​ដល់​សុខមាលភាព​​ព្រមទាំង​សុខភាព​ទៀត។ តើការ​ហាត់​​យ៉ូហ្កា​អាច​ជួយ​ព្យាបាល​សុខភាព​យ៉ាងណា​ ?



មាន​កំណើត​នៅ​ឥណ្ឌា យ៉ូហ្កាដែល​​ជា​ភាសា​សំង្ក្រឹត មានន័យ​ថា ភ្ជាប់ ឬ​ផ្សំគ្នា ជា​និម្មិតរូប នៃ​ការបង្រួបបង្រួម​សរីរាង្គកាយ​និង​ស្មារតី កាយ​និ​ង​ចិត្ត​។ ​ការ​ហាត់​យ៉ូហ្កា កើន​ប្រជា​ប្រិយភាពជា​លំដាប់ និង​មាន​ហាត់​ក្នុង​ទម្រង់​ប្លែកៗ​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៃ​ភពផែនដី។ ប៉ុន្តែ ​យ៉ូហ្កា មិនមែន​ត្រឹម​តែ​ ជា​ លំហាត់​ប្រាណ​ ធម្មតា​ទេ។ បើ​តាម​អ្នក​ជំនាញ ការ​ហាត់​​យ៉ូហ្កា គឺ​ជា​កា​របណ្តុះ​មធ្យោបាយ​រក្សា​លំនឹង​ឥរិយាបថ​ក្នុង​ការ​រស់​នៅប្រចាំ​ថ្ងៃ និង​បណ្តុះ​សមត្ថភាព​ ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព។
 


 
មាន​ប្រជាប្រិយភាព​​ជា​លក្ខណៈ​សកល អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​នៅថ្ងៃទី ១១​ធ្នូ ២០១៤ ទទួល​ស្គាល់ ថ្ងៃទី ២១​មិថុនា ជា​ទិវា​យ៉ូហ្កាពិភពលោក​។ គម្រោង​សេចក្តី​សម្រេច​ចិត្ត​ស្នើ​ឡើង​ដោយ​ប្រទេស​ឥណ្ឌា​បាន​ទទួល​ការគាំទ្រ​រដ្ឋ​សមាជិក​ចំនួន​១៧៥ប្រទេស។
 
លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ទិវា​យ៉ូហ្កាអន្តរជាតិ​នេះ​ឡើង​ បាន​អះអា​ង​ប្រាប់​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៦៩​ថា “យ៉ូហ្កា ជា​និម្មិតរូប​នៃ​រួមភ្ជាប់​​ស្មារតី​និង​រាងកាយ​ គំនិត​​និង​សកម្មភាព ដែល​នឹង​នាំ​មក​នូវ​គុណប្រយោជន៍​មិន​អាច​កាត់​ថ្លៃ​បានសម្រាប់​​សុខភាព និង​សុខមាលភាព។ យ៉ូហ្កា​មិនមែន​គ្រាន់តែ​ជា​លំហាត់​ប្រាណ​ ពត់បន្ទន់​​កាយ​សម្បទា​ទេ តែជា​​មធ្យោបាយ​ផ្គុំ​តែ​មួយ​ រវាង​ពិភពលោកនិងធម្មជាតិ។” សេចក្តីសម្រេច​ចិត្ត​អង្គការ​សហប្រជាជាតិ បាន​គូស​បញ្ជាក់​អំពី​ភាព​សំខាន់​ដែល​បុគ្គល និង​ពលរដ្ឋ គួរ​ជ្រើសរើស (យ៉ូហ្កា) ​អ្វី​ដែល​ល្អ​សម្រាប់​សុខភាព​ និង​បន្ត​មាន​រៀប​របប​រស់​នៅបែប​​ទ្រទ្រង់ឱ្យ​មាន​​សុខភាព​ល្អ។ ក្នុង​ន័យ​នេះ​អង្គការ​សុខភាព​ពិភពលោក បាន​ថែម​ទាំងណែនាំ​​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ឱ្យ​ជួយជំរុញ​ពលរដ្ឋ​ខ្លួន​ទៅ​បញ្ចេញ​សកម្មភាព​កាយ​សម្បទា កាត់​បន្ថយ​ភាព​អសកម្មនៃ​សរីរាង្គកាយ។ កម្មវត្ថុនៃ​ទិវា​យ៉ូហ្កាអន្តរជាតិ​ ដៅ​បញ្ច្រៀប​មតិ​សាធារណៈ​​ពិភពលោកឱ្យ​បាន​យល់​អំពី​គុណប្រយោជន៍​ដ៏​ច្រើន​នៃ​ការ​ហាត់​យ៉ូហ្កា។
 
តើ​ការ​ហាត់​យ៉ូហ្កា ពិត​ជា​ផ្តល់​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​មែន​ឬ​យ៉ាងណា ? តើ​អ្នក​វិទ្យាសាស្ត្រ​យល់​ស្រប​ និង​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​លំហាត់​យ៉ូហ្កា​ដែរឬទេ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកវេជ្ជបណ្ឌិត Lionel Coudron គ្រូពេទ្យ​កីឡា មាន​ជំនាញ​​​របប​អាហារ​ និង​ជា​នាយកវិទ្យាស្ថានព្យាបាល​ដោយ​​យ៉ូហ្កា ៖
 
យ៉ូហ្កា និង​ការ​សិក្សា​ស្រាវជ្រាវវេជ្ជសាស្ត្រ​

អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ​នោះ គឺ​កាលពី​៤០ឆ្នាំ​មុន នៅ​ពេល​ចាប់​ផ្តើម​ហាត់​យ៉ូហ្កា ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ខ្លួន​ជាង​មុន ទើប​ខ្ញុំ​ជឿ​លើ​យ៉ូហ្កា ហើយបន្ត​ចង់​ហាត់ទៀត​ តែ​ពុំ​​​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ការ​ហាត់​យ៉ូហ្កា ចំពោះ​សុខភាពឡើយ ទោះបី​លំហាត់​យ៉ូហ្កា មាន​តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០មកក៏ដោយ។ ​នៅ​ឥណ្ឌា​ កាលពី​មុន​ មាន​​តែ​ការ​សិក្សាអំពីមូលដ្ឋាន​គ្រឹះ​នៃ​យ៉ូហ្កាប៉ុណ្ណោះ។ ទើប​តែ​ជាង​២០ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ដែល​មាន​ការ​សិក្សា​ បែប​​គ្លីនិក។ ការ​សិក្សា​បែប​នេះ អាច​បញ្ជាក់​បាន​អំពី​ប្រសិទ្ធភាព​​នៃ​យ៉ូហ្កា។ សម័យ​នេះ វេជ្ជសាស្ត្រ​ត្រូវការ​ភស្តុតាង​។ គឺ​ជាការ​​ធម្មតា។ គេ​មិន​អាចធ្វើ​អ្វី​ផ្តេសផ្តាស​បានឡើយ ហើយ​ក៏​មិន​អាច​ផ្តល់​ការ​​ណែនាំ​មនុស្ស​គ្រប់​រូប ដោយ​​ប្រើ​ពាក្យ​ទទេបាន​​ដែរ។ ឥលូវ​ គេ​បាន​ដឹង​ហើយ​ថា​យ៉ូហ្កា​មាន​ប្រសិទ្ធភាព​ល្អ​ ព្រោះ​មាន​ការ​សិក្សា​យ៉ាង​ហ្មត់ចត់ តាមប្រូតូកូល​និង​ច្បាប់​យ៉ាង​​ច្បាស់លាស់។ គ្រាន់​តែ​ថា នៅក្នុងយ៉ូហ្កា គេ​មិន​អាច​ធ្វើ​ពិសោធន៍​​ប្លាសឺបូ​បាន (ពិសោធន៍​ប្លាសឺបូ គឺ​មាន​អ្នកប្រើ​របស់​​ពិត និង​អ្នក​ប្រើ​របស់​​បញ្ឆោត ដោយ​មិនដឹង​ខ្លួន)។ ដើម្បី​ជំនួសការ​​​ពិសោធន៍​ប្លាសឺបូ​ អ្នកស្រាវជ្រាវ​បាន​ប្រើ​វិធី​ផ្សេង​ គឺ​​សិក្សាត្រួត​ពិនិត្យ​និង​ប្រៀបធៀប ​រវាងការ​ព្យាបាលជំងឺឧទាហរណ៍​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​បារម្ភ ឈឺ​ចង្កេះ​ ឈឺខ្នង ​ដោយ​​ហាត់​យ៉ូហ្កា ប្រៀប​ជា​មួយការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ជា​លទ្ធផល ​អ្នក​ជំងឺ​បាន​ធូរ​ស្បើយ​ច្រើន​មែនទែន​ បន្ទាប់​ពី​​​ហាត់​យ៉ូហ្កាបាន​៦​សប្តាហ៍។ ការ​សិក្សា​ទាំងនោះ​ ពាក់​កណ្តាល​​ធ្វើ​នៅ​ឥណ្ឌា​ដែល​មាន​ប្រពៃណី​​ធ្វើ​យ៉ូហ្កាមុនគេ និង​ពាក់​កណ្តាល​ទៀត នៅ​​តាម​បណ្តា​ប្រទេស​លោកខាង​លិច តែ​​ជាក់ស្តែង​និង​ច្រើន​ជាងគេ​នៅ​សហរដ្ឋ​អាមេរិកតែម្តង។
 
​យ៉ូហ្កា និង​ព្យាបាល​ជំងឺ

គេ​មាន​ទម្លាប់​និយាយ​ថា ហាត់​យ៉ូហ្កា អាច​ជួយសម្រាល​អារម្មណ៍ ជួយ​​ព្យាបាល​ជំងឺ​ថប់​បារម្ភ ស្ត្រេស ជំងឺ​ផ្លូវ​ចិត្ត​ គេង​មិនលក់ ឬ​ឈឺ​ចង្កេះ។ តែ​គេ​មិន​សូវ​ ឬ​លើក​ឡើង​តិច​តួច​នៅ​ឡើយ​អំពី​ការ​ព្យាបាល​ វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ។ តាមការ​ពិត​ទៅ​នោះ ​មាន​ ​ក្បាច់​យ៉ូហ្កាច្រើនណាស់ ដែល​អាច​ជួយ​សម្រួលដំណើរការ​របស់​ពោះ​វៀន​​ ពីអាការៈ​​ទល់​លាមក ភើ ចុកឆ្អល់ ឬ​ហើមពោះ​ ឬ​អាការៈ​ណែន​ធ្ងន់ពោះ​ ​អាហារ​មិន​កិន​ ។ល។ និង​។ល។ ក្បាច់​ទាំងអស់​នោះ​មាន​នៅក្នុង​លំហាត់​យ៉ូហ្កាធម្មតា​ និង​លំហាត់​ដែល​មិន​អាច​ខ្វះ​បាន គឺ​ការលំហាត់​​ធ្វើ​ម៉ាស្សាតំបន់​ពោះ​ទាំងមូល ព្រមទាំង​លំហាត់​ឆ្លើយ​តប​នឹង​អាការៈ​ជំងឺ​ណា​មួយ​ជា​ពិសេស​ទៀត​។ ក្នុង​ករណី​ទល់​លាមក ក្បាច់​យ៉ូហ្កា​ខ្លះ​អាច​ទម្លាយ​អាការៈ​ជំងឺ​បាន​ ដោយហាត់​តែមួយ​សេអង់។
 
យ៉ូហ្កា​ ក៏អាច​ជា​ដំណោះស្រាយ​សម្រាប់គ្រប់​អាការៈ​ឈឺចុកចាប់ មិនថា​ជាការឈឺចុកចាប់​នៅពោះ នៅខ្នង​នៅចង្កេះ ឬ​នៅក្បាល​ទេ។ ​អាការៈឈឺក្បាល​ប្រកាំង ឬ​ឈឺ​ក្បាល​ទាំងមូល ឬ​នៅ​ផ្នែក​ណាមួយ​ ​នឹង​បាន​ធូរ​ស្បើយ​តាម​រយៈ​លំ​ហាត់​យ៉ូហ្កា។ មាន​កា​រសិក្សា​​បង្ហាញ​ពី​ប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា ចំពោះ​ករណី​ឈឺ​ក្បាល​ ដោយ​ហេតុ​តែ​ភាព​តាន​តឹង​និង​មាន​សម្ពាធ និង​ករណី​ឈឺក្បាល​ប្រកាំង។ លទ្ធផល​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា ​យ៉ូហ្កា​ជួយ​សម្រួល​ឱ្យ​​ស្ថានភាពជំងឺ​បាន​​​ប្រសើរ​ឡើង ដូច​ជា​លែងសូវ​​ឈឺ និង​មិន​សូវ​​ញាប់ញាប់​ តែ​មិន​អាច​បំបាត់​ការ​ឈឺក្បាល​ប្រកាំង​ ឱ្យ​ជា​ដាច់​ទាំងស្រុង​ទេ។ សម្រាល​កំរិត​ឈឺ និង​ឈឺ​​រង្វើល​​ ដោយពីមុន​ធ្លាប់​ឈឺក្បាលម្តងក្នុង​​មួយ​សប្តាហ៍​ រួច​ថយមក​នៅ​ត្រឹម​មួយ​ថ្ងៃ​ត្រឹម​ពីរ​ខែ​ឈឺ​ម្តង នៅពេល​បាន​ហាត់​ហូហ្កា ពិត​ជាអាច​ប្តូរផ្លាស់​អារម្មណ៍​​អ្នក​ជំងឺ​បាន​ច្រើន។ តែ​បើ​ជា​អាការៈ​​ជំងឺ​ឈឺក្បាល​ដោយ​មាន​សម្ពាធតាន​តឹង​វិញ ជា​ទូទៅ​ យ៉ូហ្កាអាច​ព្យាបាល​បាន​​ជា​ដាច់ លែង​ឈឺ​សោះ​តែ​ម្តង។  
 
​ការ​ហាត់​យ៉ូហ្កា​

ការ​ជ្រើសរើសសាលា​​សម្រាប់​យ៉ូហ្កាច្រើន​ជា​ឧសបគ្គ​ចម្បង​មួយ​នៃ​ការ​ចាប់​ផ្តើម​។ តែ​ដើម្បី​បាន​ដឹង​ថា​តើ​គ្រូបង្ហាត់​យ៉ូហ្កា​ណា​ល្អ​ មាន​តែ​អញ្ជើញ​ទៅ​សាកល្បង​ដោយ​ផ្ទាល់​ ព្រោះ​ការ​ហាត់​យ៉ូហ្កា មិនមែន​ត្រឹម​តែ​ជាការ​ហាត់​ពន់​ពេន​ លើក​ដៃ​លើក​ជើង​​​សម្រប​ជាមួយ​ចលនា​ដង្ហើម​ទេ តែ​ត្រូវ​ឱ្យ​មាន​បរិយាកាស​ បរិស្ថាន និង​ទំនាក់ទំនង​ប្រកប​ដោយ​ទំនុក​ចិត្ត​រវាង​អ្នក​ហាត់​និង​អ្នក​បង្ហាត់។ បើ​មិន​ពេញ​ចិត្ត​ សូម​សាកល្បង​ជាមួយ​អ្នក​បង្វឹក​ម្នាក់​ទៀត និង​ស្វែង​យល់​ពី​អ្នក​​បង្ហាត់​ថា​តើ​គាត់​ពិត​ជា​បាន​ទទួល​ការ​បំពាក់​បំប៉ន​ត្រឹម​ត្រូវ​ដែរ​ឬ​អត់​។
 
ការ​​ហាត់​យ៉ូហ្កា ក៏​អាច​ធ្វើ​ឡើង​ ដោយ​ខ្លួន​ឯង តែ​ម្នាក់ឯង តាម​រយៈ​ការទិញ​សៀវភៅ​ពន្យល់​អំពី​ក្បួន​ហាត់​ ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ​ពិត និង​តាម​ការណែនាំតាម​​អនឡាញ។ ដោយ​មាន​កិច្ចសហការ​ជាមួយ​ឥណ្ឌា អង្គការ​សហប្រជាជាតិ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ កម្មវិធី​ហាត់​យ៉ូហ្កា​ ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​បញ្ចេញ​សកម្មភាព និង​រក្សា​សុខភាព។ WHO mYoga ជា​កម្មវិធីប្រកប​ដោយ​ទំនុក​ចិត្ត និង​មាន​សុវត្ថិភាព គ្មាន​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទេ។ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើ​ក្នុង​ទូរស័ព្ទ​ដៃ ​ដោយ​គិត​គិត​ថ្លៃ៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com