ជាតិ
សៀវភៅ «ឱសថការីបារាំងម្នាក់នៅស្រុកខ្មែរ» ឆ្លុះបញ្ចាំងឥតខ្ចោះការវិវឌ្ឍនៃការបណ្តុះបណ្តាល​ឱសថការីក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា
18, Dec 2023 , 11:09 am        
រូបភាព
សៀវភៅ«ឱសថការីបារាំងម្នាក់នៅស្រុកខ្មែរ» ដែលត្រូវបកប្រែពីភាសាបារាំងមកជាភាសាខ្មែរ ត្រូវបាន លោកស្រី ទេព រង្ស៊ី យកបង្ហាញ​ នៅកម្មវិធីប្រគល់ពានរង្វាន់ដល់និស្សិតមានស្នាដៃស្រាវជ្រាវផ្នែកឱសថសាស្ត្រតាមរយៈ “ពានរង្វាន់គីណាល់ ឆ្នាំ២០២៣”។ សៀវភៅដើមជាភាសាបារាំង ក្រោមចំណងជើងថា “Un pharmacien en pays khmer” និងមានចំណងជើងជាភាសាខ្មែរ «ឱសថការីបារាំងម្នាក់នៅស្រុកខ្មែរ» ដែលបកប្រែ និងកែសម្រួលដោយ អ្នកស្រី ទេព រង្ស៊ី ជាអតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ដ។

 
សៀវភៅ “Un pharmacien en pays khmer” និពន្ធជាភាសាបារាំងដោយ លោក JEAN CROS ជាឱសថការី ជំនាញឱសថវិទ្យា គ្រូបង្រៀនឱសថវិទ្យា ជាអតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱស​ថសាស្ត្រនៅសកលវិទ្យាល័យ Toulouse III - Paul Sabatier។ លោក ក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រ CNRS បានបង្កើត និងដឹកនាំវិទ្យាស្ថានឱសថវិទ្យា និង ជីវវិទ្យារចនាសម្ព័ន្ធ (IPBS) Institut de Pharmacologie et de Biologie Structurale។
 
ឆ្លៀតក្នុងឱកាសនោះ អ្នកស្រី ទេព រង្ស៊ី បានមានប្រសាសន៍ថា៖ «ខ្ញុំបានស្គាល់លោកសាស្ត្រាចារ្យ JEAN CROS ក្នុងឱកាសដែលទទួលតំណែងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱសថសាស្ត្រ ពេលទៅធ្វើទស្សនកិច្ចផ្លូវការនៅក្នុង Toulouse នាឆ្នាំ២០១០ ដែលពេលនោះ យើងខ្ញុំក៏មានឱកាសបានពិសាបាយជាមួយលោកប្រធាន Pierre Fabre និងក្រុមការងាររបស់លោកនៅដូមែន (Domaine) Carla នៃ Groupe Pierre Fabre។ លោកមាន សមត្ថភាព និងឆន្ទៈមោះមុត ក្នុងការជួយបណ្តុះបណ្តាលនិស្សិតខ្មែរឱ្យមានសមត្ថភាព ឆ្លើយតបបានតាមតម្រូវការរបស់ប្រជាជនយើង។ អាទិភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន បាននាំឱ្យសកម្មភាពបណ្តុះបណ្តាលបានទទួលជោគជ័យ»។ 
  


ដំណើរដំបូង មានឱសថការីពីររូប មានសញ្ជាតិបារាំងដើមកំណើតខ្មែរ ចាកចេញពីប្រទេស ម្នាក់ដោយអាហារូបករណ៍ និងមួយរូបទៀតគេចពីការមកដល់របស់ខ្មែរក្រហម ជាអ្នកបណ្ដាលចិត្ត លោក JEAN CROS ឱ្យមកផ្សងព្រេងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ ១៩៩៧ គឺលោក អ៊ា គីមឡេង និងលោក ប៊ុន ហូត។ លោក អ៊ា គីមឡេង ជានិស្សិត PHD ផ្តាំផ្ញើពីឥស្សរជនខ្មែរ ម្នាក់គឺលោក ជាវ ស៊ាងលាន ដែលជាគ្រូឱ្យមកធ្វើការនៅក្នុងមន្ទីរពិសោធន៍របស់អ្នកនិពន្ធនៅ Toulouse។ លោក ប៊ុន ហូត ជាគ្រូបង្រៀន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងជា Maitre de conférences នៅសាកលវិទ្យាល័យ Méditerranée Aix Marseille ទីក្រុង Marseille។ គេទទួលស្គាល់ច្បាស់ណាស់ លោកទាំងពីរជាអ្នកផ្តល់កំណើតជាថ្មីឡើងវិញ នៃមហាវិទ្យាល័យឱសថសាស្ត្រ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកទាំងពីរបានបណ្តុះទឹកចិត្តសហសវិកបារាំងជាច្រើនរូប នៅ Marseill, Toulouse, ប៉ារីស ឱ្យជួយមហាវិទ្យាល័យឱសថសាស្ត្រភ្នំពេញ។
 
ឯកសារសៀវភៅជាច្រើនដែលអ្នកនិពន្ធបានប្រមូលខ្លឹមសារបញ្ចូលក្នុងសំណេរដើម្បីបំពេញរូបរាងសៀវភៅដើមនាខែកុម្ភៈ ឆ្នាំ២០២២ និងផ្សព្វផ្សាយប៉ុន្មានថ្ងៃបន្ទាប់ ដោយអ្នកស្រី ទេព រង្ស៊ី សម្រេចចិត្តទទួលបកប្រែជាភាសាខ្មែរ លោកសាស្ត្រាចារ្យបានបញ្ជូនអត្ថបទទាំងស្រុងនាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១។ ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ និងសាទរបំផុតក្នុងបំណកប្រែ និងផ្សព្វផ្សាយ ទោះត្រូវចំណាយពេលវេលាជាងពីរឆ្នាំ ពេលវេលាដ៏យូរ នេះជាសៀវភៅ ពណ៌នាពីឱសថការី និងឱសថសាស្ត្រខ្មែរ “ទីមួយ” ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។
 
សៀវភៅ«ឱសថការីបារាំងម្នាក់នៅស្រុកខ្មែរ»  ឆ្លុះបញ្ចាំងឥតខ្ចោះការវិវឌ្ឍនៃការបណ្តុះបណ្តាល​ឱសថការីក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដោយរួមបញ្ចូលក្រុមអ្នកសិក្សានៅភ្នំពេញនាសម័យរុងរឿង ក្រោយអាណានិគម និងក្រុមអ្នកបង្ខំចិត្តចាកចេញពីមាតុភូមិរបស់ខ្លួនដើម្បីគេចពីរបបខ្មែរក្រហម៕

Tag:
 ជាតិ
 អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com