ជាតិ
វិនិយោគិនជប៉ុន មានគម្រោងបង្កើតភូមិខ្មែរនៅខេត្តកាណាហ្គាវ៉ា
18, Dec 2023 , 1:58 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងកូជីម៉ា ម៉ាសាណូប៊ូ ប្រធានក្រុមហ៊ុន  KOJIMA Holdings Co.
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងកូជីម៉ា ម៉ាសាណូប៊ូ ប្រធានក្រុមហ៊ុន KOJIMA Holdings Co.
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន KOJIMA Holdings Co., Ltd. មានគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅជប៉ុន ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។



គម្រោងនេះ ត្រូវបានបង្ហើបដោយ លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន  KOJIMA Holdings Co., Ltd. ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ នៅទីក្រុងតូក្យូ។ 
 
លោក កូជីម៉ា ម៉ាសាណូប៊ូ បានប្រាប់ទៅសម្ដេចថា ខេត្តកាណាហ្គាវ៉ា គឺជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌aមានពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ខេត្តនេះក៏ជាទីតាំងផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម។
 
ដោយមើលឃើញពីសក្ដានុពលនេះ ក្រុមហ៊ុនរបស់លោក ចង់ពង្រីកការវិនិយោគទៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ខ្មែរនៅជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ 
 
នាពេលកន្លងមក ក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានរួមចំណែកបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅក្នុងប្រទេសជប៉ុនយ៉ាងច្រើនផងដែរ។ 
 
ក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន KOJIMA Holdings Co., Ltd.។ លើសពីនេះ លោក​ ក៏សាទរចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលវាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង។​
 
បើតាមសម្ដេច ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់កម្ពុជា នាពេលអនាគត៕
 

Tag:
 កសិកម្ម
  កាណាហ្គាវ៉ា
  ភូមិខ្មែរ
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com