ជាតិ
អ្នកចិញ្ចឹមជ្រូកបាក់ទឹកចិត្ត បោះបង់ការចិញ្ចឹម ព្រោះតែលំហូរសាច់បង្កកពីបរទេស
20, Dec 2023 , 7:59 pm        
រូបភាព
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ភ្នំពេញ៖ អ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនថាក្រុមហ៊ុន ឬឯកជននោះទេបានជួបបញ្ហាបាក់ទឹកចិត្តជាខ្លាំង ដោយសារលំហូរចូលសាច់បង្កកពីបរទេស សម្លាប់តម្លៃនិងទីផ្សារ។ ពួក​គាត់​បញ្ជាក់ថា បញ្ហាក្នុងវិស័យចិញ្ចឹមជ្រូកនេះកើតឡើងជិតពីរឆ្នាំហើយ តែមិនទាន់ឃើញក្រសួង ឬស្ថាប័នពាក់ព័ន្ធណាដោះស្រាយបាននៅឡើយទេខណៈកសិករជាច្រើន បានសម្រេចបោះបង់ការចិញ្ចឹម ក្រោមហេតុផល «លក់មិនរួចថ្លៃដើមផលិត»។
 
លោក សំ ធារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកជាង៥០០០​ក្បាលនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២០ ធ្នូ ថាលោក និងអ្នកចិញ្ចឹមជ្រូកក្នុងស្រុកផ្សេងទៀត បានជួបបញ្ហាទីផ្សារ និងតម្លៃរយៈពេលពីរឆ្នាំមកហើយ ដោយតែការនាំចូលសាច់បង្កកដ៏គំហុកពីបរទេស។
 
ប្រឡូកក្នុងវិស័យចិញ្ចឹមជ្រូកជាង១០ឆ្នាំ ធារិទ្ធមិនអាចទប់ទល់នឹងការខាតបង់ ម្ដងហើយ ម្ដងទៀត ដូចពេលនេះបានទេ។ រហូតមកដល់ខែសីហា ឆ្នាំ២០២៣លោកក៏សម្រេចចិត្តផ្អាកការចិញ្ចឹមតែម្ដង។ ម្ចាស់កសិដ្ឋានរូបនេះមិនអាចប្រាប់ពីទំហំនៃការខាតបង់នោះទេ។ ប៉ុន្តែ លោក អះអាងថា បច្ចុប្បន្នការចិញ្ចឹមជ្រូកគ្មានបានប្រាក់ចំណេញនោះទេ គឺតែការខាតបង់ប៉ុណ្ណោះ
ដោយសារតែតម្លៃលក់ចេញទាបជាងថ្លៃដើមផលិត។ 
 
លោក ប្រាប់ដូច្នេះថា៖« ខ្ញុំចិញ្ចឹមយូរដែរហើយតែមិនដែលឃើញជ្រូករស់ធ្លាក់ថ្លៃក្រោមដើមទុនច្រើនបែបនេះទេ។ ពីមុន(២០១៧) ថោកដែរប៉ុន្តែ ថ្លៃដើមផលិតទាប មិនដូចឥឡូវ ថោកហើយ ថ្លៃដើមផលិតខ្ពស់ទៀត។ ឥឡូវខ្ញុំឈប់ពីវិស័យចិញ្ចឹមជ្រូកហើយ ដោយសារតែចិញ្ចឹមអត់ចំណេញទេ គឺមានតែខាត»។ 
 
មិនមែនមានតែ លោក សំ ធារិទ្ធម្នាក់ទេ ដែលបានបោះបង់ការចិញ្ចឹម ក្នុងនោះអ្នកនាង ទឹម សុខគា អ្នកចិញ្ចឹមជ្រូកខ្នាតតូចម្នាក់ នៅខេត្តកំពង់ស្ពឺក៏បម្រុងផ្អាកការចិញ្ចឹម នៅប៉ុន្មានខែខាងមុខទៀតដែរដោយសារតែតម្លៃជ្រូករស់ធ្លាក់ចុះខ្លាំង។ 
 
អ្នកនាង សុគា ប្រាប់ដូច្នេះថា៖«មិនឱ្យខ្ញុំឈប់យ៉ាងម៉េច បើតម្លៃថោកយ៉ាងនេះលក់មិនរួចថ្លៃដើមផង។ ដូច្នេះ ខ្ញុំប្រហែលជាចិញ្ចឹមតែមួយវគ្គនេះទៀតទេឈប់ចិញ្ចឹមដែរហើយ»។ 
 
នៅពាក់កណ្ដាលខែធ្នូនេះ តម្លៃជ្រូករស់ បានធ្លាក់ដល់៦ពាន់រៀលក្នុងមួយគីឡូក្រាម។ ជុំវិញតម្លៃនេះ លោក សំ ធារិទ្ធ និងអ្នកនាង ទឹម សុខគាថាមិនអាចទទួលយកបានទេ។ អ្នកទាំងពីរ ស្នើឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ចំពោះកសិករ ជាពិសេស លុបបំបាត់ការនាំចូលសាច់បង្កកដើម្បីជួយឱ្យទីផ្សារ និងតម្លៃជ្រូកក្នុងស្រុកកើនឡើងវិញ។
 
ចំណែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មើលឃើញថានាពេលបច្ចុប្បន្ន កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ដោយខ្លួនឯងបានហើយប៉ុន្តែ ជាអកុសលការលេចឡើងវត្តមានសាច់បង្កក បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារនិងតម្លៃជ្រូកក្នុងស្រុក។ ជាក់ស្ដែង តាមពិធីមង្គលការ បុណ្យទាន ហាងនិងភោជនីយដ្ឋាននានា លែងត្រូវការសាច់ជ្រូក្នុងស្រុកហើយ ដោយពួកគេងាកទៅរកសាច់បង្កកដែលនាំចូលពីបរទេសវិញ។ 
 
លោក ប្រាប់ដូច្នេះថា៖« មែនទែនទៅ ក្នុងវិស័យចិញ្ចឹមសត្វនេះកម្ពុជាយើងធ្វើបានហើយ តែជាអកុសលអី យើងនាំសាច់បង្កកចូលមកដែលវាធ្វើឱ្យប៉ះពាល់ទីផ្សារយ៉ាងគំហុក។ ឥឡូវនេះ ដូចជា ការ បុណ្យ និងហាងជាច្រើនបានងាកទៅរកសាច់បង្កកអស់ហើយ គេលែងសូវត្រូវការសាច់ជ្រូក្នុងស្រុកទៀតហើយ»។ 
 
ជុំវិញបញ្ហានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងធ្វើការជាមួយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីស្នើឱ្យមានការផ្អាកនាំចូលសាច់បង្កកមួយរយៈ។ក្រៅតែពី
ការស្នើឱ្យផ្អាកនាំចូលបង្កក សមាគមក៏ស្នើឱ្យកែអនុក្រឹត្យលេខ ១៧ឡើងវិញ ដោយផ្ដោតលើការរឹតបន្តឹងរនាំងពន្ធនិងរនាំងច្បាប់បច្ចេកទេស។ 
 
អនុក្រឹត្យលេខ១៧ បានចែងថាប្រទេសណាក៏ដោយឱ្យមានតែបញ្ជាក់វិញ្ញាបនបត្រសត្វ និងសាច់មានគុណភាពល្អគឺសុទ្ធសឹងតែអាចនាំចូលមកកម្ពុជាបាន ទោះបី ក្នុងទំហំប៉ុណ្ណាក៏ដោយ។ នេះជាមូលហេតុប្រទេសកម្ពុជា ពិបាកហាមឃាតការនាំចូលសាច់បង្កកពីបរទេស។ លោក ស្រ៊ុន ពៅ លើកឡើងបែបនេះ។ 
 
លោក បន្ថែមដូច្នេះថា៖‍« យើងបានស្នើឱ្យរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ ផ្អាកការនាំចូលសាច់បង្កកមួយរយៈខ្លីដើម្បីបញ្ចេញការកកស្ទុះសាច់ក្នុងស្រុក។ មួយទៀត យើងចង់ឱ្យកែអនុក្រឹត្យឡើងវិញពាក់ព័ន្ធនឹងរនាំងពន្ធ និងរនាំងច្បាប់ បច្ចេកទេស។ ដ្បិតថា ទីផ្សារសេរី ប៉ុន្តែរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែយករនាំងទាំងពីរនេះ ទៅការពារកសិករដើម្បីកុំឱ្យពួកគេក្ស័យធន»។
 
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ស្រ៊ុន ពៅ នឹងទៅជួបប្រជុំជាមួយក្រុមការងារគោលនយោបាយសេដ្ឋកិច្ច ហើយនៅថ្ងៃទី២២ លោកនឹងប្រជុំជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម នៅពេលបន្តបន្ទាប់។
 
លោក ស្រ៊ុន ពៅ បញ្ជាក់គោលជំហរថា ប្រសិនបើ បណ្ដាក្រសួងទាំងអស់មិនអាចរកដំណោះស្រាយជួយវិស័យចិញ្ចឹមសត្វបានទេ លោកនឹងបន្តដាក់សំណើរទៅកាន់ សម្ដេច
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍៕  

Tag:
 កសិកម្ម
  ស្រ៊ុន ពៅ
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
 
© រក្សាសិទ្ធិដោយ thmeythmey.com