កីឡាជាតិ
ជាតិ
ទោះមានជំងឺធ្ងន់ធ្ងរ លោក អេ ភូថង ទទូចភរិយាជូនទៅគាំទ្រ ការប្រកួតរបស់ ម៉ឺន មេឃា
21, Dec 2023 , 1:59 pm        
រូបភាព
លោកស្រី សាំង សុម៉ាលី ឬ សសុម៉ាលី ភូថង ភរិយាលោក អេ ភូថង បានប្រាប់ថា ស្វាមីខ្លួនមានជំងឺឡើងជាតិអាស៊ីតធ្ងន់ធ្ងរ ដោយបានវះកាត់ជាច្រើនកន្លែង នៅផ្នែកកែងដៃ និងជើង។ ទទួលការវះកាត់រួចរាល់ទើបតែ បាន៣-៤ថ្ងៃ ប៉ុន្តែលោក អេ ភូថង បានទទូចឲ្យភរិយាខ្លួន ទិញរទេះអង្គុយមួយ ដើម្បីអាចទៅទស្សនាការប្រកួតរបស់ ម៉ឺន មេឃា ដែលជាកូនប្រុសបង្កើត។ ម៉ឺន មេឃា នឹងត្រូវប្រកួតជាមួយ Kazuki កីឡាករជប៉ុន លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្វៀនថោន វេលាម៉ោង ៨ យប់។



លោកស្រី សាំង សុម៉ាលី ប្រធានក្លិបប្រដាល់ សសុម៉ាលី ភូថង គុនខ្មែរ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា លោក អេ ភូថង បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារការឡើងជាតិអាស៊ីតយ៉ាងធ្ងន់ធ្ង អស់រយៈពេលជិត ២សប្ដាហ៍ ហើយក៏បានវះកាត់ និងកំពុងព្យាបាលជាបន្ដ។ បើទោះជាមិនទាន់បានជាសះស្បើយ លោក អេ ភូថង នៅតែងទទូច ឲ្យប្រពន្ធរបស់ខ្លួន ជូនទៅមើលការប្រកួតរបស់សិស្ស។ ភរិយារូបនេះ បានព្យាយាមពន្យល់ប្ដីរបស់ខ្លួន ឲ្យសម្រាប់ព្យាបាលសុខភាពខ្លួន និងមិនឲ្យលោក អេ ភូថង បារម្ភចំពោះការប្រកួតរបស់កីឡាករប្រដាល់ក្នុងក្លិបឡើយ។ 
 
«គាត់ បាននិយាយប្រាប់ខ្ញុំ ហាក់ដូចជាខកចិត្តថា គាត់ជាអ្នកខ្លាំងប្រដាល់មួយរូបនៅខ្មែរដែរ ប៉ុន្ដែហេតុអ្វី ពេលសិស្ស និងកូនខ្លួនឡើងប្រកួត បែជាមកដេកនៅផ្ទះមួយកន្លែង មិនអាចធ្វើអ្វីបាន។»។ លោកស្រី សាំង សុម៉ាលី បាននិយាយដូច្នេះ។
 
ដោយការទទូចរបស់ប្ដីខ្លាំងពេក ភរិយារូបនេះ បានទិញកៅអីរទេះមួយ ទុកសម្រាប់ជូនទៅទស្សនាការប្រកួតរបស់សិស្ស និងកូនរបស់ខ្លួន។ លោកស្រី សុម៉ាលី បានបន្ថែមថា កូនសិស្ស ដូចជា ធឿន ធារ៉ា, យ៉េន ឌីណា និងកូនប្រុសពីររូប ម៉ឺន មេឃា និង អេអាំម៉ារីន ភូថង ជាដើម មិនសូវជាមានកម្លាំងចិត្តវាយប៉ុន្មានទេ ក្រោយអវត្តមានលោក អេ ភូថង នាការប្រកួតចុងក្រោយនេះ។ «កូនសិស្ស ហើយកូនៗ ឡើងវាយ មើលទៅដូចជាពិបាកនិយាយពីអារម្មណ៍គេណាស់ ព្រោះរាល់ដង ពេលគេវាយចឹង ហើយក្រលេកម​កក្រោមរេញ ឃើញគ្រូ ឃើញអ្នកគ្រូស្រែក អ៊ីចឹងគេមានកម្លាំងចិត្ត។ ពេលអត់គ្រូទាំង២ទៅ កូនសិស្ស ដូចហេលហាល អត់សូវមានស្មារតីប្រកួតសោះ។»។ លោកស្រី សុម៉ាលី បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ថា ម៉ឺន មេឃា ត្រូវប្រកួតជាមួយ Kazuki កីឡាករជប៉ុន លើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម នៅសង្វៀនថោន ចាប់ពីម៉ោង ៨:០០ យប់។ នៅលើសង្វៀនជាមួយគ្នានោះ រឿង សោភ័ណ្ឌ ក៏ត្រូវជួបជាមួយ Tomoyuki មកពីជប៉ុនដែរ លើទម្ងន់ ៧២គីឡូក្រាម។ រីឯ ឈឿង ល្វៃ ប៉ះជាមួយ Bento មកពីប្រេស៊ីល លើទម្ងន់ ៧២គីឡូក្រាម ក្នុងការ​ប្រកួតដណ្ដើមខ្សែក្រវ៉ាត់។

កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ ត្រូវជួបកីឡាករជប៉ុន លើទម្ងន់ ៥៤គីឡូក្រាម ខណៈ វង្ស វិច្ឆ័យ ប្រកួតជាមួយកីឡាករជប៉ុន Tsuzaki លើទម្ងន់ ៧២គីឡូក្រាម។ ចំណែកគូដណ្ដើមខ្សែក្រវ៉ាត់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើទម្ងន់ ៦០គីឡូក្រាម រិន ដេវីត ប្រកួតជាមួយ ចាន់ សំអាត ហើយ ទូច ដេវីត ប៉ះជាមួយ ធន់ អៀងឡៃ។ រីឯ កីឡាករ សុខ ធី ត្រូវស្វាគមន៍ កីឡាករជប៉ុន Yoto លើទម្ងន់ ៦០គីឡូក្រាម៕

Tag:
 សាំង សុម៉ាលី
  អេភូ ថង
  ម៉ឺន មេឃា
© រក្សាសិទ្ធិដោយ thmeythmey.com