ជាតិ
សង្គមស៊ីវិល រិះគន់​ថា ព័ត៌មានតម្លាភាពពីអាជីវកម្មរ៉ែមាសនៅកម្ពុជា មិនបើកចំហ
21, Dec 2023 , 8:59 pm        
រូបភាព
រូបតំណាង៖ ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
រូបតំណាង៖ ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
ភ្នំពេញ៖ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា(Fair Finance Coalition), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGOF) និង អង្គការអុកស្វាមនៅកម្ពុជា បានសិក្សាលើអាជីវកម្មរ៉ែមាសចំនួន៦ទីតាំង ក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ ពួកគេរកឃើញថា ក្រុមហ៊ុនអាជីវកម្មរ៉ែមាសទាំងនោះ មានព័ត៌មានអំពីតម្លាភាពលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៃឧស្សាហកម្មរ៉ែមាស នៅមានកម្រិតតិចតួចណាស់។ 

 
កាលពីថ្ងៃទី​២០ ខែ​ធ្នូ សង្គមស៊ីវិលទាំង៣ខាងលើ បានចេញសេចក្តី​ប្រកាសព័ត៌មានរួមគ្នាមួយ ស្ដីពី ការសិក្សាលើការអនុវត្តគោលការណ៍ ESG នៃឧស្សាហកម្មរ៉ែមាសនៅកម្ពុជា ដែលរបាយការណ៍សិក្សាលម្អិតមានរហូតដល់៨៦ទំព័រ។ 
 
របាយការណ៍នេះ បង្ហាញថា ក្រុមហ៊ុនRenaissance Minerals (Cambodia) Limited (RNS), ក្រុមហ៊ុន Angkor Gold និងក្រុមហ៊ុន Mesco Gold ដែលស្ថិតនៅក្នុងដំណាក់កាលកម្រិតខ្ពស់នៃការធ្វើអាជីវកម្មជីកយករ៉ែមាស និងដំណាក់កាលស្វែងរុករករ៉ែមាសបឋម បានអនុវត្តច្រើនតាមគោលការណ៍ ESG។ ដោយឡែក ក្រុមហ៊ុន Rong Cheng, ក្រុមហ៊ុន Xinshan, និងក្រុមហ៊ុន Delcom បានអនុវត្តតិចតួច ឬត្រូវបានសង្ស័យថាបំពានលើគោលការណ៍ ESG។ 
 
សូមជម្រាបថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីឆ្នាំ២០២១ បានកំណត់យកគោលការណ៍ ESG ជាសំណុំនៃកត្តាបរិស្ថាន សង្គម អភិបាលកិច្ច  ហើយដាក់ឱ្យក្រុមហ៊ុននិងអ្នកវិនិយោគ ត្រូវតែពិចារណានិងយកចិត្តទុកដាក់ខ្ពស់ នៅពេលគ្រប់គ្រងប្រតិបត្តិការវិនិយោគ ពាក់ព័ន្ធនឹងការបង្កជាហានិភ័យ និងផលប៉ះពាល់លើកត្តា បរិស្ថាន សង្គម និងអភិបាលកិច្ច។ 
 
អង្គការក្រៅរដ្ឋាភិបាលទាំងបី បានលើកឡើងថា មុនពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរ៉ែបែបឧស្សាហកម្ម និងការស្វែងរុករករ៉ែនៅលើទីតាំងផ្ទាល់របស់ខ្លួន ក្រុមហ៊ុនវិនិយោគលើរ៉ែមាសខាងលើ បានគោរពតាមតម្រូវការជាមុនរបស់ក្រសួងបរិស្ថាន និងក្រសួងរ៉ែនិងថាមពល។ ជាក់ស្ដែងដូចជា ការអនុវត្តនៃការអនុលោមតាមច្បាប់បរិស្ថាន នៅក្នុងលក្ខខណ្ឌនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA) និងអាជ្ញាប័ណ្ណស្វែងរុករករ៉ែ បានបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ និងភាពសកម្មខ្ពស់​។
 
ប៉ុន្តែក្រោយបានសិទ្ធិ ធ្វើអាជីវកម្មរ៉ែមាស ព័ត៌មានជុំវិញអាជីវកម្មនោះមិនបានបើកចំហឡើង។ របាយការណ៍ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «លទ្ធផលបង្ហាញថា ព័ត៌មានអំពីតម្លាភាពលើការអនុវត្ត ESG និងឧស្សាហកម្មរ៉ែមាសនៅកម្ពុជា នៅតែមានកម្រិតតិចតួចណាស់។ ការសិក្សារកឃើញថាព័ត៌មានជាសាធារណៈ របស់ឧស្សាហកម្មរ៉ែមិនអាចស្វែងរកបានសម្រាប់សាធារណជនទូទៅ ឬសូម្បីតែតាមការស្នើសុំក៏ដោយ។ ទោះបីវិស័យនិស្សារណកម្មមានការរីកចម្រើនក៏ដោយ ក៏មិនមានព័ត៌មានច្រើនត្រូវបានផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជាទេ។ និយាយឱ្យសាមញ្ញ ប្រព័ន្ធច្បាប់និងរចនាសម្ព័ន្ធរដ្ឋបាលដែលមានស្រាប់មិនអាចបង្កើត និងផ្សព្វផ្សាយអំពីប្រភេទនិងបរិមាណនៃព័ត៌មាន ដែលត្រូវការដើម្បីធានាការបើកចំហនៃឧស្សា​ហកម្មនោះទេ»។​ 
 
ទាក់ទិននឹងការមិនបើកចំហព័ត៌មាន ឱ្យមានតម្លាភាពលើអាជីវកម្មរ៉ែមាសនេះ សារព័ត៌មានឌីជីថល​ថ្មីៗពុំអាច សុំការឆ្លើយតបពីខាងលោក លោក អ៊ឹង ឌីប៊ូឡា អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានឡើយ ដោយសារលោកជាប់បេសកកម្មនៅខេត្ត។ 
 
របាយការណ៍ដដែល បង្ហាញថា ក្រុមហ៊ុន Rong Cheng, ក្រុមហ៊ុន Delcom និងក្រុមហ៊ុន Xinshan មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែល​មិន​អាច​ដោះស្រាយ​បាន ​ជាមួយ​ប្រជាជន​ក្នុង​តំបន់​រ៉ែមាសនោះ។ លើសពីនេះ ពលរដ្ឋតំបន់នោះ រង​ការ​រឹតត្បិត​សិទ្ធិចេញ​ចូល ការ​ប្រើប្រាស់​ធនធានដែលជាដីប្រពៃណីមូលដ្ឋានរបស់ពួកគេ។ ជាមួយគ្នាដែរ ក្រុមហ៊ុនស្វែងរុករកនិងធ្វើអាជីវកម្មរ៉ែមាសដែលពាក់ព័ន្ធ ឬគ្រប់គ្រងដោយវិនិយោគិនចិន ហាក់ដូចជាស្ទាក់ស្ទើរក្នុងការអនុលោមតាមស្តង់ដាជាតិ និងអន្តរជាតិ។ 
 
«មូលធនហិរញ្ញវត្ថុនៃសាជីវកម្មស្វែងរុករក ឬធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនចិន នៅតែមានភាពស្រពេចស្រពិល និងមិនអាចតាមដានបាន។ វាមិនត្រឹមតែបាត់ព័ត៌មានរសើបបែបនេះប៉ុណ្ណោះទេ ប៉ុន្តែគេអាចសន្មត់ថាមូលនិធិរបស់ក្រុមហ៊ុនទាំងនោះបានមកពីទាំងបុគ្គលក្នុងស្រុក និងជនជាតិចិន ដែលជាម្ចាស់ភាគហ៊ុននីមួយៗ»។ សង្គមស៊ីវិលទាំងបី បានដាក់ការសង្ស័យលើក្រុមហ៊ុនអាជីវកម្មរ៉ែមាសនៅកម្ពុជាបែបនេះ។ 
 
តាមការសិក្សានេះ សង្គមស៊ីវិលខាងលើ បានស្នើឱ្យសាជីវកម្មរ៉ែមាសត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅលើការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន (EMP) ហើយត្រូវបង្ហាញព័ត៌មានបន្ថែមអំពីការអនុវត្តគោលនយោបាយទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ចនៅលើគេហទំព័ររបស់ខ្លួន ឬតាមរយៈមធ្យោបាយទំនាក់ទំនង ឬយុទ្ធសាស្ត្រណាមួយដែលអាចស្វែងរកបានដោយបើកចំហ។
 
ចំពោះក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន ពួកគេស្នើឲ្យ បន្តពង្រឹងការផ្តល់អាជ្ញាប័ណ្ណ និងការឯកភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម សម្រាប់គម្រោងស្វែងរុករកនិងធ្វើអាជីវកម្មរ៉ែមាស។ លើសពីនេះ ពួកគេថា ក្រសួងរ៉ែនិងថាមពល គួរបង្កើតមូលដ្ឋានទិន្នន័យរបស់សាជីវកម្មរ៉ែមាសទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងព័ត៌មានពាក់ព័ន្ធដូចជាអំពីប្រវត្តិក្រុមហ៊ុន, របាយការណ៍គ្រប់គ្រង, ស្ថានភាពអាជ្ញាប័ណ្ណរ៉ែ, របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម, របាយការណ៍ត្រួតពិនិត្យ, របាយការណ៍អនុលោមភាព, របាយការណ៍ហិរញ្ញវត្ថុ ដើម្បីឱ្យភាគីពាក់ព័ន្ធសំខាន់ៗអាចជួយគាំទ្រក្នុងការផ្តល់នូវមតិស្ថាបនា ឱ្យមានតម្លាភាព និងគណនេយ្យភាពបន្ថែមទៀត។ 
 
ទន្ទឹមនឹងនេះ អង្គការក្រៅរដ្ឋាភិបាលទាំងនេះ ចង់ឃើញក្រសួងរ៉ែ និងថាមពល បន្តធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានអំពីមូលនិធិរ៉ែជាមួយអ្នកពាក់ព័ន្ធទាំងអស់តាមរយៈគេហទំព័ររបស់ខ្លួន ឬសេចក្តីជូនដំណឹងតាមកាលកំណត់ណាមួយ (នៅរៀងរាល់បី ឬប្រាំមួយខែម្តង) លើការប្រមូលមូលនិធិពីសាជីវកម្មរ៉ែមាស និងស្ថានភាពចំណាយផងដែរ៕ 

Tag:
 រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com