ជាតិ
ករណីរឿងបើកឡានបុកគេស្លាប់ សម្តេច ហ៊ុន ម៉ាណែត ថាចាប់ទៅ កុំចាំបាច់សុំគោលការណ៍!
21, Dec 2023 , 4:53 pm        
រូបភាព
មិនចាំបាច់សុំគោលការណ៍ ឬរហូតដល់ចេញតាមហ្វេសប៊ុក ទើបអនុវត្តនោះឡើយ, ខ្នងរបស់មន្ត្រីប៉ូលិសគឺនាយករដ្ឋមន្ត្រី។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដោយភ្ជាប់ទៅនឹងករណីបើកឡានបុកមនុស្សស្លាប់ ប៉ុន្តែមិនមានការអនុវត្តវិធានការភ្លាមៗ។



«ខ្ញុំសូមចេញបញ្ជា បើសិនជាមានបទល្មើសជាក់ស្តែង ដូចជាបើកឡានបុកគេស្លាប់ មិនបាច់ចាំគោលការណ៍[ទេ] ចាប់តែម្តងទៅ ឃាត់ខ្លួនតែម្តង។ បើគាត់តវ៉ា ត្រូវវាយខ្នោះ»។ សម្តេចនាយករដ្ឋមន្ត្រី បានចេញបញ្ជាយ៉ាងដូច្នេះ ដល់មន្ត្រីប៉ូលិសលើការអនុវត្តវិធានការច្បាប់ជាក់ស្តែង។

សម្តេចណែនាំដល់មន្ត្រីប៉ូលិសមិនចាំបាច់សុំគោលការណ៍ដល់ស្នងការពាក់ព័ន្ធលើការបង្ក្រាបបទល្មើសជាក់ស្តែងនោះឡើយ។ សម្តេចអះអាងថា៖ «បើអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តទៅចុះ ខ្នងរបស់បងប្អូនជានាយករដ្ឋមន្ត្រី»។

សម្តេច ហ៊ុន ម៉ាណែត ទាមទារឱ្យមន្ត្រីមានការអនុវត្តការងារឱ្យបានត្រឹមត្រឹម ហើយប្រសិនបើការអនុវត្តរបស់ពួកគេមានបញ្ហា ដែលអាចត្រូវបញ្ឈរជើង សម្តេចនឹងតម្លើងស័ក្តិឱ្យ ហើយឈានដល់ការពិន័យថ្នាក់ដឹកនាំ ដែលដាក់ពិន័យកូនចៅមិនត្រឹមត្រូវ។

សម្រាប់សម្តេច ហ៊ុន ម៉ាណែត បើមានភស្តុតាង វត្ថុតាង និងសាក្សី ជាក់ស្តែងហើយ មន្ត្រីប៉ូលិសមិនត្រូវខ្លាចការអនុវត្តច្បាប់នោះឡើយ ត្រូវអនុវត្តភ្លាមៗ មិនត្រូវទុករហូតដល់ចេញតាមហ្វេសប៊ុកទើបអនុវត្តនោះឡើយ ព្រោះវាក្លាយទៅជារឿងសាំញ៉ាំ និងឈឺក្បាល៕



© រក្សាសិទ្ធិដោយ thmeythmey.com