ជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអនុវត្តច្បាប់តឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ
21, Dec 2023 , 5:29 pm        
រូបភាព
 បទល្មើសព្រៃឈើធំៗ ក្នុងដែនជម្រកព្រៃព្រះរកា ខេត្តព្រះវិហារ។ រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ
បទល្មើសព្រៃឈើធំៗ ក្នុងដែនជម្រកព្រៃព្រះរកា ខេត្តព្រះវិហារ។ រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ
ភ្នំពេញ៖​ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ ចំពោះកិច្ចការងារនេះ សម្ដេច ធានាឈរនៅពីក្រោយ ឱ្យតែមន្រ្តីអនុវត្តត្រឹមត្រូវ។

 
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា អ្នកដែលរំលោភបំពានព្រៃឈើ កំពុងទទួលបានផលចំណេញយ៉ាងច្រើន ពីសកម្មភាពបំផ្លិចបំផ្លាញនេះ។ បើតាមសម្តេច អ្នកទាំងនោះ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។  សកម្មភាពបែបនេះ សម្តេច នឹងមិនទុកឱ្យមានទៀតឡើយ ព្រោះដើម្បីប្រយោជន៍ប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិ។ 
 
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ « ការកាប់ព្រៃ និងរកសត្វ របស់ប្រជាសហគមន៍ មិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ អ្វីដែលប៉ះពាល់ខ្លាំង គឺបទល្មើសព្រៃឈើទ្រង់ទ្រាយធំ»។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេច បញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ព្រមទាំងអ្នកពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត  ក៏ស្នើឱ្យ លោក សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងកងរាជអាវុធហាត់ផ្ទៃប្រទេស ផ្ដល់ការគាំទ្រ និងចាត់វិធានការការពារឱ្យបានម៉ត់ចត់ ផងដែរ។
 
« អ្នកដែលរកស៊ីចំណេញពីព្រៃឈើនេះច្រើនពេក!  ឥឡូវ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ត្រូវពង្រឹងកិច្ចសហការគ្នា និងយកចិត្តទុកដាក់ការពារឱ្យបាន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។ យើងមិនទុកឱ្យមនុស្សតិចបានផល រីឯមនុស្សច្រើនត្រូវរងគ្រោះវេទនានោះទេ»។  នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន ម៉ាណែត។ 
 
ជារឿងៗ សម្ដេចតែងតែលិចឭព័ត៌មានបទល្មើសព្រៃឈើ ចេញពីបណ្ដាញសង្គមហ្វេសប៊ុក ខណៈអាជ្ញាធរខេត្ត និងមន្រ្តីមូលដ្ឋាន ហាក់ពុំមានវិធានការ។ សម្ដេច បាននិយាយទៅកាន់មន្រ្តីដែលពាក់ព័ន្ធ ថា​ ក្នុងករណីទាំងអស់នេះ មន្ត្រីគួរធ្វើយ៉ាងណាចាត់វិធានការឱ្យបានលឿន ដោយកុំចាំទាល់មានគេរាយការណ៍តាមហ្វេសប៊ុក។ 
សម្ដេច បន្តនិយាយដោយសង្កត់ធ្ងន់ដូច្នេះថា៖«​ដាវអាជ្ញាសឹកមានហើយ។ ការអនុវត្តខ្ញុំនៅពីក្រោយ តែត្រូវអនុវត្តឱ្យត្រឹមត្រូវ»៕

Tag:
 បរិស្ថាន
  សម្ដេច ហ៊ុន ម៉ាណែត
  បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com