ជាតិ
ក្រុមហ៊ុនមួយនៅរដ្ឋកាលីហ្វ័រញ៉ា យករូបប្រាសាទបាយ័ន ធ្វើនិមិត្តសញ្ញាផលិតផល ដោយគ្មានការអនុញ្ញាត
22, Dec 2023 , 10:25 am        
រូបភាព
សរសៃបាញ់កាញ់ក្រៀម របស់ក្រុមហ៊ុន SENG CHEANG MONG FOOD CORP ប្រើប្រាស់រូបប្រាសាទបាយ័ន ជានិមិត្តសញ្ញា។
សរសៃបាញ់កាញ់ក្រៀម របស់ក្រុមហ៊ុន SENG CHEANG MONG FOOD CORP ប្រើប្រាស់រូបប្រាសាទបាយ័ន ជានិមិត្តសញ្ញា។
ភ្នំពេញ៖ ក្រុមហ៊ុនបរទេសមួយ បានយករូបប្រាសាទបាយ័ន ធ្វើជានិមិត្តសញ្ញនៃផលិតផលរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចកម្ពុជា។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែធ្នូ ក្រុមហ៊ុនបរទេសមួយនេះ មានឈ្មោះ SENG CHEANG MONG FOOD CORP មានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ស្លាកសញ្ញា «ប្រាសាទបាយ័ន» លើសម្បកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដែលដាក់លក់នៅលើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារ។ ការប្រើប្រាស់និមិត្តសញ្ញារបស់ក្រុមហ៊ុនខាងលើ គឺពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជានោះទេ។ 
 
សារព័ត៌មានឌីជីថលថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពី លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននោះទេ ដោយដាក់សារតាមប្រព័ន្ធតេឡេក្រាម តែលោក មិនឆ្លើយតប។ យ៉ាងណា បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់លើក្រុមហ៊ុនដែលប្រព្រឹត្តិ ព្រោះថា សកម្មភាពបែបនេះ វាផ្ទុយទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។ 
 
នាពេលកន្លងមក ក្នុងឆ្នាំ២០២០ និង២០២១ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតកម្ពុជា ទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូប ជាតិនានា ដាក់នៅលើផលិតផល ដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ។ 
 
តាមរយៈវិធានការកន្លងមក ក្រសួងពាណិជ្ជកម្ម បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញ រួមជាមួយ ប្រទេសដែលអនុញ្ញាតឱ្យទំនិញខុសច្បាប់ទាំងនោះកំពុងធ្វើចរាចរ ដើម្បីស្នើសុំការផ្ដល់កិច្ចសហការ និងធ្វើ អន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់។ 
 
មិនតែប៉ុណ្ណោះ តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម ក៏បានចេញលិខិតណែនាំ និងហាមឃាត់ផ្ទាល់ទៅក្រុមហ៊ុន និងហាងលក់ទំនិញទាំងនោះ ឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផល របស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជានៅលើសំបក វេចខ្ចប់នៃផលិតផលផងដែរ៕ 

Tag:
 ក្រសួងពាណិជ្ជកម្ម
  ការក្លែងបន្លំនិមិត្តសញ្ញា
  SENG CHEANG MONG FOOD CORP
© រក្សាសិទ្ធិដោយ thmeythmey.com