កីឡាជាតិ
ជាតិ
MC Vutha៖ គ្មានក្តីស្រឡាញ់ គ្មានឆន្ទៈ ធ្វើអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ មិនកើតទេ
22, Dec 2023 , 2:35 pm        
រូបភាព
លោក ជួប វុត្ថា (MC Vutha) ពិធីករអត្ថាធិប្បាយប្រដាល់ បាននិយាយថា កីឡាករខ្លាំង មិនដែលបញ្ឈប់មហិច្ឆិតាខ្លួនទេ និងតែងចង់សាងកេរ្ដិ៍ឈ្មោះល្បីលើសង្វៀនជាតិ និងអន្ដរជាតិ ចំណែករូបលោក ក៏ដូចគ្នា សង្ឃឹមថា នឹងក្លាយជាអ្នករៀបចំការប្រកួតព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិដ៏ល្បីឈ្មោះមួយរូប។ អ្នកអត្ថាធិប្បាយរូបនេះ សង្ឃឹមថានៅថ្ងៃអនាគត ពេលអ្នកគាំទ្រនិយាយពីប្រដាល់ ពួកគេនឹកឃើញឈ្មោះ MC Vutha ដូចដែលនឹកឃើញដល់កីឡាករ និងអ្នកសាងស្នារដៃក្នុងវិស័យគុនខ្មែរជាច្រើនរូបទៀត។

 
ការប្រកួតប្រដាល់គុនខ្មែរ ដ៏ជក់ចិត្ត គឺតែងតែមានការអត្ថាធិប្បាយ បន្ថែមល្បោយឲ្យបរិយាកាសកាន់តែទាក់ទាញ ពីពិធីករ ដែលមានវោហារស័ព្ទ។ លោក ជួប វុត្ថា បានប្រាប់សារព័ត៌មានថ្មីៗថា រូបលោកសប្បាយចិត្ត ដោយបានជាផ្នែកមួយក្នុងការផ្សព្វផ្សាយគុនខ្មែរ។ អ្នកលេងវោហារស័ព្ទផ្នែកប្រដាល់រូបនេះ និយាយថា ចង់ក្លាយទៅជាអ្នករៀបចំការប្រកួតអន្ដរជាតិ ដែលមានកីឡាករអន្ដរជាតិខ្លាំងជាច្រើនចូលរួមផងដែរ។
 
ដោយឡែក សង្វៀនថោន តែនាំកីឡាករអន្ដរជាតិ ដែលមានកម្រិតខ្លាំង មកប្រកួតជាមួយកីឡាករកម្ពុជា ដែលធ្វើឲ្យមានទស្សនាជាច្រើន។ មហិច្ឆិតារបស់លោក មិនឈប់ត្រឹមតែអត្ថាធិប្បាយការប្រកួតធំៗបែបនេះទេ ប៉ុន្ដែ លោក ចង់រៀបចំការប្រកួតកាន់តែធំជាងនេះទៅទៀត។
 
លោក វុត្ថា ដែលជាកូន នៃគ្រួសារអ្នកចំការមួយ នៅស្រុកគៀនស្វាយ បាននិយាយថា ព្រោះតែការស្រឡាញ់ប្រដាល់ និងក្ដីស្រម៉ៃ ចង់ក្លាយជាពិធីករ ទោះមិនមានបទពិសោធន៍អត្ថាធិប្បាយសោះ ក៏អាចធ្វើបានឲ្យតែមានការតាំងចិត្ត និងឆន្ទៈ។ 
 
«ទាំងអស់ គឺផ្ដើមចេញពីការស្រឡាញ់។ នៅពេលយើងស្រឡាញ់ យើងយកចិត្តទុកដាក់ ហើយយើងពេញចិត្ត នឹងធ្វើ។ ដូច្នេះ អ្វីដែលយើងធ្វើ គឺទៅតាមបេះដូងរបស់យើង។ អ៊ីចឹង ពេលខ្ញុំ អត្ថាធិប្បាយទៅ ខ្ញុំបានចូលអារម្មណ៍ ព្រោះជាការស្រឡាញ់របស់យើង។»។ លោក ជួប វុត្ថា បាននិយាយដូច្នេះ។
 
ពិធីករវ័យ ៣៧ឆ្នាំរូបនេះ បានស្ដាប់រៀមច្បងអត្ថាធិប្បាយប្រដាល់ពីមុនៗ និងយកមកអនុវត្តបន្ថែម រហូតធ្វើឲ្យខ្លួនលោក បានស្គាល់ពីឈ្មោះក្បាច់ និងស្នៀតប្រកួតមួយចំនួន ដែលនិយាយ ឲ្យកាន់តែទាក់ទាញពីការប្រកួត។ លោក វុត្ថា ប្រាប់ថា បានឈានជើងចូលក្នុងវិស័យជាអ្នកអត្ថាធិប្បាយដំបូង នៅឆ្នាំ២០០៧ និងជាពិធីករក្នុងវិទ្យុមួយរូបដែរ ដូច្នេះ មិនសូវជាមានភាពភ័យខ្លាចក្នុងការនិយាយទេ។
 
MC Vutha ក៏បានប្រាប់ផងដែលថា ការអត្ថាធិប្បាយប្រដាល់គុនខ្មែរ ប្រសិនជាមិនមានឆន្ទៈ និងការស្រឡាញ់ទេ មិនអាចធ្វើបានល្អឡើយ ព្រោះត្រូវស្គាល់ឈ្មោះក្បាច់ ឈ្មោះកីឡាករ និងប្រវត្តិប្រកួតផ្សេងៗ ជាពិសេសទៀតនោះ គឺតាមដានការប្រកួតរបស់កីឡាករ។ 
 
«អត្ថាធិប្បាយចង់ឲ្យល្អ ហើយគេស្ដាប់ទាក់ទាញ យើង ត្រូវស្គាល់ក្បាច់កីឡាករគាត់ប្រើ ត្រូវស្គាល់កីឡាករ ជាពិសេសប្រវត្តិ និងការប្រកួតរបស់អ្នកទាំងនោះពីមុន។ ទាំងអស់នោះ បើយើងអត់ស្រឡាញ់ យើងអត់តាមដាន យើងធ្វើអត់បានល្អទេ។ និយាយរួម គឺអត់ទាក់ទាញអ្នកទស្សនា។»។ លោក វុត្ថា បាននិយាយដូច្នេះ៕

Tag:
 ប្រដាល់
  ជួប វុត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com