ជាតិ
តំណាងជនជាតិកួយ ៖ ក្រមបរិស្ថានថ្មីកំពុងរឹតត្បិតសិទ្ធិដីធ្លី និងព្រៃឈើរបស់ជនជាតិភាគតិច
23, Dec 2023 , 5:20 pm        
រូបភាព
លោកស្រី ទេព ទឹម តំណាងជនជាតិកួយខេត្តព្រះវិហារក្នុងសិក្ខាសាលានៅខេត្តសៀមរាបនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោកស្រី ទេព ទឹម តំណាងជនជាតិកួយខេត្តព្រះវិហារក្នុងសិក្ខាសាលានៅខេត្តសៀមរាបនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
សៀមរាប៖ ក្រមបរិស្ថានថ្មី​ដែលរៀបចំដោយក្រសួងបរិស្ថាន គឺមានការរឹតត្បិតដល់សិទ្ធិកាន់កាប់ដីធ្លី និងបរិស្ថានរបស់ជនជាតិដើមភាគតិច ដែលកំពុងអាស្រ័យផល។ នេះជាការលើកឡើងរបស់តំណាងជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម។

  
អ្នកស្រី ទឹម បានបញ្ជាក់ថា  ក្រមបរិស្ថានដែលជាច្បាប់ថ្មី មានចេតនារឹតត្បិតសិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងនោះមានការប្រើប្រាស់ដីធ្លី និងការអាស្រ័យផលពីព្រៃឈើ មិនមានភាពទូលំទូលាយដូចមុនទេ។ រីឯការចេញចូលតំបន់ព្រៃឈើ និងការអាស្រ័យផលពីព្រៃឈើរបស់ជនជាតិដើមភាគតិច ក៏ត្រូវមានការអនុញ្ញាតពីក្រសួងសាមីជាមុន​ ផងដែរ។  តំណាងជនជាតិដើមកួយ មកពីខេត្តព្រះវិហាររូបនេះចាត់ទុកថា ក្រមនេះមានចេតនាបំបិទសិទ្ធិសេរីភាពរបស់ជនជាតិដើម ដែលជាម្ចាស់ស្រុក និងជាអ្នកការពារធនធានធម្មជាតិមួយផ្នែកទៅវិញ។ 
 
 
បន្ថែមពីនេះ ក្រុមជនជាតិដើមភាគតិចក៏មិនពេញចិត្តជាមួយនឹងការប្រើប្រាស់ពាក្យ «សហគមន៍មូលដ្ឋាន» នៅក្នុងច្បាប់ថ្មីនោះដែរ។ លោកស្រី ទេព ទឹម យល់ថា ការប្រើប្រាស់ពាក្យនេះ ស្មើនឹងការលុបបំបាត់ពាក្យ សហគមន៍ជនជាតិដើមភាគតិចដូច្នោះដែរ។ «យើងទាមទារឱ្យដាក់ ឬប្រើពាក្យ សហគមន៍ជនជាតិដើមភាគតិច ដើម្បីបង្ហាញវប្បធម៌ អត្តសញ្ញាណជនជាតិដើម ដែលធ្លាប់រស់ពឹងអាស្រ័យដីធ្លី ព្រៃឈើចិញ្ចឹមជីវិត ជារបរប្រពៃណី និងរស់នៅក្បែរព្រៃ ជាអ្នកថែរក្សាព្រៃ និងប្រើប្រាស់ព្រៃសម្រាប់អាស្រ័យផល…»។ 
 
បើតាមលោកស្រី ទេព ទឹម ពាក្យថាសហគមន៍មូលដ្ឋាន អាចសំដៅដល់សហគមន៍ទូទៅ ដូចជាសហគមន៍ព្រៃឈើ សហគមន៍នេសាទជាដើម។ ការប្រើពាក្យបែបនេះ  វានឹងធ្វើឱ្យបាត់បង់ជនជាតិ បាត់បង់ជាតិសាសន៍របស់សហគមន៍ជនជាតិដើមភាគតិច។ 
 


ទាក់ទងនឹងលើកឡើងថា ការធ្វើចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមមានផលប៉ះពាល់ដល់ព្រៃឈើ លោកស្រី ទេព ទឹម ពន្យល់ថា ផ្ទុយទៅវិញការធ្វើចម្ការវិលជុំ ជាផ្នែកមួយជួយបរិស្ថានវិញទេ។ លោកស្រី ទេព ទឹម៖« វិលចុះវិលឡើង ព្រៃឈើនៅដដែល វាដូចជាជួយបរិស្ថាន មិនអាចដូចគេនិយាយថា ជនជាតិដើមចេះតែកាប់ទៅមុខ មិនមែនទេ បើពួកខ្ញុំបំផ្លាញម្ល៉េះសមពេលនេះ មិនមានព្រៃសម្បូរបែបនៅតំបន់ជនជាតិទេ ប៉ុន្តែពួកខ្ញុំរស់នៅផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ យើងជាអ្នកថែរក្សាធនធានធម្មជាតិសម្រាប់ប្រកបរបររបស់យើង សម្រាប់ជីវភាពគ្រួសាររបស់ជនជាតិដើមភាគតិច»។
 
តំណាងជនជាតិកួយ១៥នាក់ ក្នុងចំណោមតំណាងជនជាតិដើមភាគតិចសរុប ១៨៦នាក់ មកពីខេត្ត១២នៅកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ​ជាសមូហភាពរវាងជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធស្ដីពីការកែប្រែច្បាប់ពាក់ព័ន្ធជនជាតិដើមភាគតិច នៅថ្ងៃទី១៩ ខែធ្នូ នៅខេត្តសៀមរាប។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមជនជាតិដើមភាគតិច បានបង្ហាញក្ដីបារម្ភចំពោះក្រមបរិស្ថានថ្មីដោយមាត្រាខ្លះបានចែងក្នុងន័យរិតត្បិត ការដកហូតសិទ្ធិភាពជាម្ចាស់ និងរារាំងសិទ្ធិសេរីភាពក្នុងការចេញចូល ការធ្វើចម្ការវិលជុំតាមប្រពៃណី លំនៅឋាន ដីស្រែចម្ការ និងទីសក្ការៈបូជា ព្រៃកប់សពជាដើម។ល។ 
 
ក្នុងសេចក្ដីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា៖« កាលបើជនជាតិដើមភាគតិចនៅតែបន្តអនុវត្តសិទ្ធិ​ជាម្ចាស់តាមប្រពៃណីលើទីតំបន់របស់ខ្លួនកន្លងមកដែលមាត្រានេះបញ្ញត្តិហាមឃាត់ វាធ្វើឱ្យជនជាតិដើមភាគតិចប្រឈមនឹងការពិន័យផ្លូវច្បាប់ ពិន័យអន្ដរការណ៍ ជាប់បណ្ដឹងនៅតុលាការ ឬអាជ្ញាធរ ជាប់ពន្ធនាគារ ជាប់ទោសទណ្ឌ គម្រាបកំហែង សម្លុត បំផិតបំភ័យជាដើម»។
 
ក្រៅពីក្ដីបារម្ភច្រើនចំណុចទៀត ក្នុងនោះក្រុមជនជាតិដើមភាគតិចក៏ស្នើឱ្យរដ្ឋាភិបាលដាក់បញ្ចូល និងបញ្ញត្តិ ពាក្យជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិចក្នុងក្រមស្ដីពីបរិស្ថាន និងធនធានធម្មជាតិផងដែរ។ ត្រូវនិរាករណ៍លើបញ្ញត្តិ «ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងទទួលបន្ទុក វិស័យបរិស្ថាន និងធនធានធម្មជាតិ» នៅត្រង់វាក្យខ័ណ្ឌទី២ ក្នុងបញ្ញត្តិចំណុចតំបន់សហគមន៍ នៃមាត្រា ៣៦៤ នៃក្រមថ្មី។ បន្ថែមពីនេះ ក្រុមជនជាតិភាគតិច ក៏ស្នើឱ្យពន្លឿន និងដោះស្រាយបញ្ហាជាប់គាំងក្នុង ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់សហគមន៍​ជនជាតិដើមភាគតិចតាមការចង្អុលបង្ហាញពីស្ថានភាពជាក់ស្ដែង។ 
 

លោកស្រី ទេព ទឹម ក៏បានស្នើដល់រដ្ឋាភិបាលកុំមានការរឹតត្បិតដល់ការរស់នៅ ការប្រកបរបរ និងការអាស្រ័យផលព្រៃឈើបន្ដិចបន្ដួចពីជនជាតិដើមភាគតិច។ លោកស្រីបន្ថែមថា ការបរបាញ់សត្វតូចតាច ឬត្រឹមការដាក់អន្ទាក់ មិនគួរត្រូវបានហាមឃាត់ និងយកទោស ឬត្រូវមានលិខិតអនុញ្ញាតអ្វីឡើយ ព្រោះនេះជាប្រពៃណីរបស់ជនជាតិដើមភាគតិចដែលមាន ជាយូរលង់មកហើយ។ លោកស្រី ទេព ទឹម បានអះអាងថា ជនជាតិដើមភាគតិចមិនមែនជាអ្នក បំផ្លាញព្រៃឈើទេ តែជាអ្នកកំពុងជួយរដ្ឋាភិបាលការពារបរិស្ថាន សង្គម ធ្វើឱ្យព្រៃឈើគង់វង្ស កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយឱ្យមនុស្សទទួលផលប្រយោជន៍ពីវាដោយផ្ទាល់ និងប្រយោល៕

Tag:
 ក្រមបរិស្ថានថ្មី
  ជនជាតិដើមភាគតិច
  កួយ
© រក្សាសិទ្ធិដោយ thmeythmey.com