ជាតិ
បទសម្ភាសន៍
លោក អោក ស៊ីណាក់ ដកប្រាក់ខែ១០ភាគរយជួយជំរុញការអានដល់កុមារនៅសៀមរាប លោក អោក ស៉ីណាក់ ពេលកំពុងផ្តល់ការបណ្ដុះបណ្ដាលដល់កុមារនិងយុវជនទាក់ទងនឹងការអាន។
× សៀមរាប៖ ជាយុវជនដែលចូលចិត្តអានមួយរូប លោក អោក ស៊ីណាក់ ពុះពារដើម្បីបង្កើតសកម្មភាព ជំរុញការអាននៅកម្ពុជា។ ក្រោយបញ្ចប់ការសិក្សាពីប្រទេសសិង្ហបុរី និងឆ្លងកាត់ការសិក្សាពីប្រទេសដែលមានប្រព័ន្ធអប់រំទំនើប លោក ស៊ីណាក់ ហៅប្រាយអិន មានក្ដីស្រមៃចង់ឃើញកុមារ និងយុវជនកម្ពុជាពូកែ និងឈ្លាសវៃដូចប្រទេសជឿនលឿនទាំងនោះដែរ។
ជិត៨ឆ្នាំមកហើយ ដែលលោក អោក ស៊ីណាក់ បានដកប្រាក់ខែផ្ទាល់ខ្លួនរបស់លោកពី១០ ទៅ១៥ភាគរយ ដើម្បីបង្កើតក្លឹបអ្នកអានមួយនៅខេត្តសៀមរាប។ លោកបានបង្កើត Read Club Cambodia នៅខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលដៅជំរុញឱ្យកុមារ និងយុវជនមានទម្លាប់អាន។ បុរសវ័យ៣៨ឆ្នាំរូបនេះយល់ថា ការបណ្ដុះធនធានអ្នកអាន ដូចកំពុងជួយបណ្ដុះធនធានសង្គមមួយដ៏ល្អដូច្នោះដែរ។
លោក អោក ស៊ីណាក់ បានចំណាយពេល២ម៉ោងនៅរៀងរាល់ថ្ងៃអាទិត្យ ប្រមូលសិស្សឱ្យអានសៀវភៅ ជុំគ្នា បន្ទាប់មកពួកគេនឹងត្រូវបង្វឹក ឬលើកទឹកចិត្តឱ្យធ្វើបទបង្ហាញពីអ្វីដែលពួកគេបានអាន ទៅកាន់សិស្សដទៃទៀតបានស្ដាប់។ ការអានទាំងនោះមានទាំងសៀវភៅភាសាខ្មែរ និងភាសាអង់គ្លេស។
ដ្បិតថា ការចាប់ផ្តើមដែលបំផុសឱ្យកុមារអាននៅសម័យឌីជីថល សម័យទូរសព្ទ មានភាពលំបាកបន្ដិច គួបផ្សំនឹងអាណាព្យាបាលខ្លះមិនសូវលើកទឹកចិត្តផង តែលោក ស៊ីណាក់ មិនរួញរាឡើយ ។ លោក នៅតែកៀរគរសិស្សមកចូលរួមបានច្រើនជាហូរហែ។ មកដល់ពេលនេះ មានសិស្សសរុបមិនក្រោម ៥០០នាក់ទេដែលចូលក្លឹបអ្នកអានកម្ពុជា ហើយមានអ្នកខ្លះបានបន្តការសិក្សា និងអ្នកខ្លះបានជាប់អាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ។
លោក អោក ស៊ីណាក់ បានបង្ហាញនូវអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖«ខ្ញុំមានមោទកភាពដែលបានជាចំណែកមួយក្នុងកោសិកាសង្គម ជួយអភិវឌ្ឍសង្គមតាមរយៈរូបភាពអំណានបែបនេះ ជួយបណ្ដុះក្មេងៗឱ្យគាត់ក្លាយជាអ្នកអាន។ ខ្ញុំជឿថានៅពេលគាត់ក្លាយជាអ្នកអាន គាត់មានវិចារណញាណ មានការត្រិះរិះពិចារណា អ្វីខុសអ្វីត្រូវ ។គាត់ជាក្មេងដែលមិនបំផ្លាញសង្គម តែគាត់ជាទំពាំងល្អ ជាសសរទ្រូងទៅថ្ងៃអនាគត»។
ក្រៅពីមោទកភាពនេះ លោក ស៊ីណាក់ ក៏កំពុងបណ្ដុះយុវជនឱ្យទទួលការងារបន្តពីខ្លួន ផងដែរ។ យុវជនដែលជាសិស្សច្បង និងចូលចិត្តការអាន បាននិងកំពុងធ្វើសកម្មភាពជាច្រើន ក្នុងចលនាឬសកម្មភាពជំរុញការអាន និងការធ្វើបទបង្ហាញជាសាធារណ។ល។ លោក ស៊ីណាក់ ជឿថា បន្ដិចម្ដងៗ កុមារនិងយុវជនកម្ពុជាកាន់តែច្រើននឹងចូលចិត្តការអាន ហើយប្រព័ន្ធអប់រំកម្ពុជា ក៏នឹងរីកចម្រើនទៅតាមនោះដែរ៕
Tag:
ក្លឹបអ្នកអានកម្ពុជា
អោក ស៊ីណាក់
Read Club Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com