ជាតិ
វីដេអូ
លោក សំ សុភ័ក្រ សំណូមពរឱ្យពលរដ្ឋប្រើសម្ភាររបស់ខ្មែរ ដែលធ្វើដោយដៃ
× ភ្នំពេញ៖ លោក សំ សុភ័ក្រ ជាប្រធានសហគមន៍កន្រ្តកស្នាដៃខ្មែរ នៅខេត្តបន្ទាយមានជ័យ បានសំណូមពរឱ្យពលរដ្ឋចូលរួមប្រើប្រាស់សម្ភាររបស់ខ្មែរ ដែលជាផលិតផលធ្វើដោយដៃ។ សម្ភារដែលលោក សំ សុភ័ក្រ ចង់ឱ្យមានការគាំទ្រ ជាប្រភេទសម្ភារធ្វើពីធម្មជាតិ ដូចជា រពាក់ ឫស្សី ផ្ដៅ កំប្លោក និងត្នោតជាដើម។
ជានាយកសាលាឯកជនមួយ លោក សំ សុភ័ក្រ បានបង្កើតសហគមន៍កន្រ្តកស្នាដៃខ្មែរ នៅឆ្នាំ២០១៩ ក្នុងគ្រារីករាលដាលជំងឺកូវីដ-១៩។ ការបង្កើតសហគមន៍នេះ ក្នុងទិសដៅផ្ដល់ការងារដល់ពលរដ្ឋឱ្យមានចំណូល និងចង់ថែរក្សាកេរ្តិ៍មរតកវប្បធម៌របស់ដូនតាខ្មែរ។ សម្ភារដែលពលរដ្ឋក្នុងសហគមន៍ភាគច្រើនជាសម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សំ សុភ័ក្រ ប្រធានសហគមន៍កន្រ្តកស្នាដៃខ្មែរដូចតទៅ៖
បើតាមលោក សំ សុភ័ក្រ បច្ចុប្បន្នមានការគាំទ្រច្រើនពីពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលងាកមកគាំទ្រសម្ភាររបស់ខ្មែរ។ ការនាំយកផលិតផលដែលធ្វើដោយដៃ លក់ទៅក្រៅប្រទេស បានធ្វើឱ្យលោក សំ សុភ័ក្រ សប្បាយចិត្ត។ លោក និយាយបែបនេះ៖«សប្បាយរីករាយ ដោយសារតែអាចពាំនាំវប្បធម៌ខ្មែរ ទៅក្រៅប្រទេស និងអាចបង្កើនចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋខ្មែរ»។
ការធ្វើសម្ភារទាំងនេះ មិនមែនជាការងាយស្រួលនោះទេ ទាមទារឱ្យចេះពីម៉ូតនីមួយៗ។ ក្រៅពីដឹកនាំសហគមន៍ លោក សំ សុភ័ក្រ ក៏បានស្រាវជ្រាវម៉ូតចាស់ថ្មី សម្រាប់ចែកចាយលើផ្សារផងដែរ។ លើសពីនេះ អ្នកធ្វើសម្ភារពីរពាក់ ឫស្សី ផ្ដៅ កំប្លោកនេះ ភាគច្រើន សុទ្ធសឹងតែមនុស្សមានវ័យចំណាស់ ដែលត្រូវការការអត់ធ្មត់។
អ្នកលក់បន្ត ជាអតិថិជនចម្បងរបស់លោក សំ សុភ័ក្រ។ «បើនិយាយពីតម្លៃមិនទាន់សមាមាត្រនោះទេ»។ នេះជាការលើកឡើងរបស់លោក សំ សុភ័ក្រ ជុំវិញតម្លៃសម្ភារទាំងនោះ នៅមានតម្លៃទាបនៅឡើយ ខណៈត្រូវចំណាយពេលច្រើន ក្នុងការធ្វើ៕
Tag:
SME
កន្រ្តាក
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com