អន្តរជាតិ
ថៃអាចទាក់ទាញការវិនិយោគពីបរទេស លើសពី២ពាន់លានដុល្លារក្នុងរយៈ១១ខែ ឆ្នាំ២០២៣ រូបភាព AFP
× ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៣ សំណើចំនួន៤០៣ ត្រូវបានអនុម័ត ឱ្យវិនិយោគនៅប្រទេសខ្លួន ក្នុងទំហំទឹកប្រាក់លើសពី ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២២ ខែធ្នូ។
អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍធុរកិច្ច នៃក្រសួងពាណិជ្ជកម្មថៃ លោក Oramon Sapthaweetham បានបញ្ជាក់ថា ក្នុងរយៈពេល ១១ខែមកនេះ សំណើចំនួន ៤០៣ ត្រូវបានអនុម័តឱ្យក្រុមហ៊ុនបរទេសវិនិយោគនៅប្រទេសខ្លួន។
ក្នុងចំនួនសំណើនេះ ថៃអាចទាក់ទាញការវិនិយោគ ក្នុងទំហំ ២,៨ពាន់លានដុល្លារ ដោយធ្លាក់ចុះប្រមាណ ៤០៩លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ការវិនិយោគនេះ អាចបង្កើតការងារនៅក្នុងស្រុកបាន ៦០៨៦នាក់ ដោយកើនឡើង ១០៧៨នាក់ បើធៀននឹងឆ្នាំមុន។
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ជប៉ុនជាដៃគូវិនិយោគនាំមុនគេ ក្នុងរយៈពេល ១១ខែនេះ ដោយមានទំហំ ៩២៦លានដុល្លារ ខណៈសិង្ហបុរីឈរនៅលំដាប់ទីពីរ ដែលមានទំហំ ៦៤១លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com