ជាតិ
លោក ជួន ណារិន្ទ បញ្ជាឱ្យតាមចាប់អ្នកបើក Hummer ដែលបុកម៉ូតូគ្រួសារ ភរិយានិងកូនស្លាប់, ប្តីរបួសធ្ងន់
25, Dec 2023 , 12:29 pm        
រូបភាព
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ច ចម្រុះតាម ស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូ កាលពីយប់ឈានចូលថ្ងៃទី២៥ ខែធ្នូ។



តាមរបាយការណ៍បឋម អ្នកបង្កគ្រោះថ្នាក់ បានជិះរថយន្តស៊េរីទំនើបម៉ាក Hummer ដោយបើកបរក្នុងល្បឿនលឿន និងបុកម៉ូតូ ខ្ទាតទៅបោកនឹងគល់ឈើ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូច ម្នាក់ស្លាប់ រីឯបុរសអ្នកបើកម៉ូតូ រងរបួសធ្ងន់ ខណៈជនបង្កបានរត់គេចខ្លួន។

ហេតុការណ៍បានកើតឡើងនៅលើវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក រាជធានីភ្នំពេញ នាវេលាម៉ោង០០ និង១២នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ។ បើតាមប្រភពនៅកន្លែងកើតហេតុ អ្នកជិះម៉ូតូ គឺជាគ្រួសារមួយ ដែលមានប្តីប្រពន្ធ និងកូនតូច។

ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាសុខសុវត្ថិភាពក្នុងរាជធានី លោក ជួន ណារិន្ទ បានដាក់បទបញ្ជាស្នងការរង ដែលចុះពង្រីកការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

លោកបានកត់សម្គាល់ឃើញការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សរបួស និងស្លាប់ជាបន្តបន្ទាប់ ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត។

ជុំវិញការអនុវត្តច្បាប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាផងដែរឱ្យមន្ត្រីប៉ូលិសដែលចុះផ្ទាល់ អនុវត្តវិធានការភ្លាមៗ ដោយមិនចាំបាច់សុំគោលការណ៍ថ្នាក់លើនោះឡើយ។ សម្តេចបានរំលឹកថា រាល់ការសម្រេចត្រឹមត្រូវរបស់មន្ត្រីប៉ូលិស គឺមានសម្តេចធ្វើជាខ្នង ដោយមិនចាំបាច់ព្រួយបារម្ភពីការធ្លាក់តំណែងបុណ្យសក្តិនោះឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com