កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាហាប់គីដូកម្ពុជា សម្រេចបំណងរៀបចំការប្រកួតជើងថ្នាក់ជាតិ លើកទី១
25, Dec 2023 , 6:59 pm        
រូបភាព
លោក គួច ហុងជៀក អនុប្រធាននៅខាងធ្វេងដៃ និងលោក គង់ ចាន់ធីណា អគ្គលេខាធិការ រូបពី NOCC
លោក គួច ហុងជៀក អនុប្រធាននៅខាងធ្វេងដៃ និងលោក គង់ ចាន់ធីណា អគ្គលេខាធិការ រូបពី NOCC
សហព័ន្ធកីឡាហាប់គីដូកម្ពុជា បើកការប្រកួតជើងថ្នាក់ជាតិ លើកទី១ កាលពីថ្ងៃទី២៣ -២៤ ធ្នូ។ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បាននិយាយថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ជាបំណងប្រាថ្នា ដែលព្រឹទ្ធាចារ្យ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ។

លោក គួច ហុងជៀក បានផ្ដល់បទសម្ភាសថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ អាចរៀបចំបានដោយជោគជ័យ គឺដោយសារការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យ មន្ដ្រីបច្ចេកទេស គ្រូបង្វឹករបស់សហព័ន្ធទាំងអស់។ ក្នុងការរៀបចំនេះ លោក ហុងជៀក ក៏បារម្ភចំពោះសុវត្ថិភាព និងហានីភ័យ ដែលអាចនាំឲ្យរបួស ដល់ការប្រកួតរបស់កីឡាករ-កីឡាការិនីដែរ ព្រោះទើបរៀបចំការប្រកួតជើងឯកថ្នាក់ជាតិដំបូងរបស់ខ្លួន។
 
«ខ្ញុំ បុកពោះព្រោះខ្លាចមានគ្រោះថ្នាក់ ដោយសារយើង មិនមានបទពិសោធន៍។ ខ្ញុំ ខ្លាចក្មេងៗ មានគ្រោះថ្នាក់ ប៉ុន្ដែនេះ គឺជោគជ័យមែនទែន។»។ លោក គួច ហុងជៀក បាននិយាយដូច្នេះ។
 
បើទោះជាការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាលើកដំបូង ប៉ុន្ដែ អនុប្រធានសហព័ន្ធរូបនេះ សម្លឹងឃើញ កីឡាករ-កីឡាការិនីទាំងអស់ ធ្វើបានយ៉ាងល្អ ក្នុងស្មារតីប្រកួតជាអ្នកកីឡា។ លោក គួចជៀក ជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍បន្ទាប់ អ្នកទាំងនោះ នឹងធ្វើបានល្អជាងនេះ ព្រោះទទួលបានបទពិសោធន៍ពីការប្រកួត នាឆ្នាំ២០២៣នេះ។ «ខ្ញុំ ជឿថាការឆ្លងកាត់ការប្រកួត លើកទី១នេះ កីឡាករ-កីឡាការិនី គឺគាត់មានបទសោធន៍ ដោយសារគាត់មិនធ្លាប់ជួបការប្រកួតថ្នាក់ជាតិ ហើយនេះ គឺជាបទពិសោធន៍ លើកទី១ សម្រាប់ពួកគាត់។ អ៊ីចឹង ខ្ញុំ សង្ឃឹមថា ការប្រកួតឆ្នាំក្រោយៗទៀត ពួកគាត់នឹងធ្វើកាន់តែល្អជាងនេះ។»។ អនុប្រធានរូបនេះ មានសុទិដ្ឋិនិយមដូច្នេះ។
 
ក្នុងបទសម្ភាសជាមួយគ្នានេះ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បាននិយាយថា នេះ គឺជាប្រវត្តិសាស្ដ្រ នៃកីឡាហាប់គីដូ ដែលបានរៀបចំប្រកួតថ្នាក់ជាតិលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលស្របតាមទិសដៅរបស់សហព័ន្ធ ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ការប្រកួតនេះ ក៏ជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពអត្ដពលិកហាប់គីដូកម្ពុជា ដែលនាំឲ្យឈាន ដល់ការចូលរួមប្រកួតអន្ដរជាតិ នាថ្ងៃអនាគត។
 
«កីឡាករ-កីឡាការិនី សប្បាយចិត្តនៅពេលដឹងថា សហព័ន្ធ បានរៀបចំការប្រកួត ព្រោះនេះ គឺជាសម័យកាលមួយ ដែលមានសមិទ្ធផលល្អ បើធៀបទៅជំនាន់មុនៗ ដែលហាត់ជាង ២០-៣០ឆ្នាំ ប៉ុន្ដែ មិនដែលមានមេដាយពាក់ ដូចក្មេងឥឡូវទេ។ យើង ជាព្រឹទ្ធាចារ្យ នឹងប្រឹងប្រែងធ្វើផ្លូវ សម្រាប់ក្មេងៗជំនាន់ក្រោយ ដើរ។ ជាពិសេសថ្នាក់ដឹកនាំ យើងទាំងអស់ នឹងខិតខំរកវិធីសាស្ដ្រ ដើម្បីជម្រុញ ពួកកាត់ឲ្យឈានទៅ ដល់គោលដៅមួយ ដែលទទួលបានលទ្ធផលល្អ។»។ លោក គង់ ចាន់ធីណា បាននិយាយដូច្នេះ។
កីឡាហាប់គីដូ មានវត្តមាននៅកម្ពុជា ជាង៧០ឆ្នាំហើយ ។ កីឡាហាប់គីដូ ត្រូវបានគេយកហ្វឹកហាត់នៅកម្ពុជា នាមុនអំឡុងឆ្នាំ១៩៦០ ក្នុងកងកម្លាំងប៉ូលីស និងនគរបាល។ អគ្គលេខាធិការរូបនេះ បានប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៣ សមាគមក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស៧ ប្រាក់៨ និងសំរិទ្ធ៧ តាមពីក្រោយដោយក្លិបធីណាហាប់គីដូ មេដាយមាស៥ ប្រាក់៥ និងសំរិទ្ធ៣ និងលេង៣ ក្លិបឥន្ទ្រិយ៍ហាប់គីដូ មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៦។ រីឯ ចំណាត់ថ្នាក់លេខ៤ ក្លិបម៉ាស្ទ័រសេង មេដាយមាស១ ប្រាក់២ និងសំរិទ្ធ១០ ចំណែកលេខ៥ ក្លិបអូឡាំពិកហាប់គីដូ មេដាយមាស១ និងសំរិទ្ធ៨៕
 

Tag:
 ហាប់គីដូ
  គង់ ចាន់ធីណា
  គួច ហុងជៀក
© រក្សាសិទ្ធិដោយ thmeythmey.com