សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃទាក់ទាញក្រុមហ៊ុនជប៉ុនទៅបោះទុន ៤,៣ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីរយៈពេល ៥ឆ្នាំ
25, Dec 2023 , 8:29 pm        
រូបភាព
កម្មករ​នៅ​រោងចក្រ​តូយ៉ូតា​នៅ​ថៃ​ដំឡើង​រថយន្ត​ភីកអាប់។ រូបភាព ៖ Reuters
កម្មករ​នៅ​រោងចក្រ​តូយ៉ូតា​នៅ​ថៃ​ដំឡើង​រថយន្ត​ភីកអាប់។ រូបភាព ៖ Reuters
ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន នឹងវិនិយោគចំនួន ១៥០ពាន់លានបាត (៤,៣៤ពាន់លានដុល្លារ) នៅថៃក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ជប៉ុននឹងគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​លើការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុន Toyota Motor និង Honda Motor នឹងវិនិយោគប្រហែល ៥០ពាន់លានបាត (១,៤ពាន់លានដុល្លារ)ដូចៗគ្នា ដើម្បីផលិតរថយន្តនៅថៃ ខណៈ Isuzu Motors នឹងបណ្តាក់ទុនចំនួន ៣០ពាន់លានបាត (៨៦៦លានដុល្លារ) ហើយ Mitsubishi Motors ២០ពាន់លានបាត (៥៧៧លានដុល្លារ)។ បើតាមអ្នកពាក្យរដ្ឋាភិបាលថៃលោក Chai Wacharoke នៅថ្ងៃទី២៥ ខែធ្នូ ទំហំទឹកប្រាក់ទាំងនេះ ក៏រួមបញ្ចូលទាំងការផលិតរថយន្តភីកអាប់អគ្គិសនី។ 
 
ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ ជាអ្នកផលិត និងនាំចេញរថយន្តធំជាងគេនៅក្នុងតំបន់។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានគ្រប់គ្រងលើវិស័យរថយន្តថៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទន្ទឹមនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិននាពេលថ្មីៗនេះ ក៏បានបណ្តាក់ទុនយ៉ាងច្រើនផងដែរ។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន​ Reuters លោក Chai បានអះអាងថា ការវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន នឹងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការផ្លាស់ប្តូរពីរថយន្តម៉ាស៊ីនចំហេះទៅជារថយន្តអគ្គិសនី។
 
ថៃដាក់គោលដៅបំប្លែងផលិតកម្មរថយន្តប្រចាំឆ្នាំប្រហែល១ភាគ៣ ដែលមានចំនួន ២,៥លានគ្រឿងទៅជារថយន្តអគ្គិសនីនៅឆ្នាំ២០៣០។ ជាពិសេសរដ្ឋាភិបាលថៃកំពុងរៀបចំការលើកទឹកចិត្តដល់ការវិនិយោគ និងការផ្លាស់ប្តូរទៅជាការផលិតរថយន្តអគ្គិសនី។
 
ការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនរបស់រដ្ឋាភិ​បាលថៃ បានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនធំៗរួចហើយ រួមទាំងក្រុមហ៊ុន BYD និង Great Wall Motor ដែលបានប្តេជ្ញាចិត្តវិនិយោគ ១,៤៤ពាន់លានដុល្លារក្នុងរោងចក្រដែលទើបបង្កើតថ្មី ។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីដើមខែធ្នូក៏បានបង្ហាញនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla អំពីសក្តានុពលរបស់ថៃលើវិស័យរថយន្តផងដែរ៕ 
 

Tag:
 ថៃ
  រថយន្ត
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com