ជាតិ
ក្រសួងមុខងារសាធារណៈ​ នឹង​រៀបចំស្ដង់ដារ SOP សម្រាប់ការប្រឡងរើសមន្រ្តី នាពេលអនាគត
26, Dec 2023 , 7:29 pm        
រូបភាព
 រូបភាពពីក្រសួងមុខងារសាធារណៈ
រូបភាពពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ក្នុង​កិច្ច​ប្រជុំ​វាយតម្លៃ និងពិនិត្យឡើងវិញ លើដំណើរការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​ បានប្រមូលធាតុចូល ដើម្បី​​គិតគូររៀបចំនិយាម SOP សម្រាប់រៀបចំការប្រឡងនាពេលអនាគត។ នេះ​បើតាម​ទំព័រហ្វេសប៊ុក​ក្រសួង​មុខងារសាធារណៈ។​



តាមរយៈ​កិច្ច​ប្រជុំ​ខាង​លើ សមាជិកគណៈកម្មការរៀបចំ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធ បានលើក​ឡើងពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​ជួបប្រទះទាំងក្នុងដំណាក់កាលមុនប្រឡង ការប្រឡង និងកំណែ ដើម្បីជាមូលដ្ឋានគោលសម្រាប់ការរៀបចំការប្រឡងបន្តបន្ទាប់។ មតិយោបល់ទាំងនោះ បានផ្ដល់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ។
  
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ

ជាមួយគ្នានេះលោក ហ៊ុន ម៉ានី ក៏បានវាយតម្លៃខ្ពស់ដល់ក្រសួង ស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធ ដែលជាចលករជួយឱ្យដំណើរការប្រឡងប្រជែង ប្រព្រឹត្តទៅបានដោយជោគជ័យ។ 
 
បើតាម​ក្រសួង​មុខងារ​សាធារណៈ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣នេះ ជាសមិទ្ធផលនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧  ក្នុងការរៀបចំការប្រឡងឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌  បរិយាបន្ន និងប្រសិទ្ធភាព។
  
រូបភាពពីក្រសួងមុខងារសាធារណៈ

សូម​បញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែធ្នូ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣១៧៣ នាក់។ ដំណើរការកំណែវិញ្ញាសា បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ និង​មាន​បេក្ខជនចំនួន២៥០នាក់ ក្នុង​ស្រី៩៤នាក់ ជាប់ជាស្ថាពរ និងមានបេក្ខជនជាប់បម្រុងចំនួន១០នាក់ ក្នុងមួយស្រុកផងដែរ៕​
 

Tag:
 ក្រសួង​មុខងារសាធារណៈ
  ហ៊ុន ម៉ានី​
© រក្សាសិទ្ធិដោយ thmeythmey.com