ជាតិ
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អ្នកដែលយំសោកពេលចុះរើសំណង់ខុសច្បាប់ មិនមែនជាម្ចាស់ផ្ទះទេ
27, Dec 2023 , 3:00 pm        
រូបភាព
សំណង់មិនស្របច្បាប់នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ដែលកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ។
សំណង់មិនស្របច្បាប់នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ដែលកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ។
សៀមរាប៖ ជារឿងដដែលៗ ដែលកើតឡើងកំឡុងពេលចុះរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់​រមណីយដ្ឋានអង្គរ។ ម្ចាស់ផ្ទះ តែងទួញសោកនៅពេលកម្លាំងអាជ្ញាធរចុះរុះរើផ្ទះរបស់ពួកគេ។ ករណីជាថ្មីបានកើតឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែធ្នូ ដោយមានវីដេអូ និងការសរសេររៀបរាប់ថា «គ្រាន់តែផ្ទះដូចខ្ទមកញ្ចាស់មួយ អ្នកមីងលើកដៃសំពះអង្វរ ក៏គេមិនទុកដែរ...«។

មិនបង្អង់យូរឡើយ អាជ្ញាធរជាតិអប្សរាបានប្រតិកម្មភ្លាមៗ តាមរយៈសេចក្ដីបំភ្លឺ ចុះថ្ងៃទី២៧ ខែធ្នូ ថា បុគ្គលដែលយំសោកក្នុងវីដេអូនោះ មិនមែនជាម្ចាស់ផ្ទះឡើយ។ យ៉ាងណា អាជ្ញាធរជាតិអប្សរា មិនបានបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ផ្ទះពិតប្រាកដនោះទេ ដោយបានចាត់ទុកទង្វើ​បុគ្គលដែលខំយំសោកនោះ ​​ថា មានបំណងបង្កាត់បង្ខូចកិត្តិយសមន្រ្តីអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពទប់ស្កាត់សំណង់ខុសច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរប៉ុណ្ណោះ។
 
តាមពិតទៅសំណង់ខាងលើនេះ បានកើតឡើងនៅឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប និងធ្លាប់ត្រូវបានអាជ្ញាធរជាតិអប្សរាជូនដំណឹង ណែនាំ​ក៏ដូចជាទុកពេលវេលា ឱ្យម្ចាស់ផ្ទះស្ម័គ្រចិត្តរុះរើខ្លួនឯងផងដែរ បន្ទាប់ពីមានសំណើរពីភាគីម្ចាស់ផ្ទះ។ ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់ តម្រូវឱ្យម្ចាស់ផ្ទះខាងលើធ្វើកិច្ចសន្យារុះរើដោយស្ម័គ្រចិត្ត ដោយទុកពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា តែជាបន្តបន្ទាប់ម្ចាស់ផ្ទះមិនព្រមរុះរើឡើយ ទើបឈានដល់ដាក់កម្លាំងចុះរុះរើដូច្នេះ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា៕

Tag:
 សំណង់ខុសច្បាប់
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com