ជាតិ
វីដេអូ
ម៉ូតូ HONDA ប្រភេទCL និង​PC ​ល្បីខ្លាំងនៅទសវត្សរ៍ឆ្នាំ​១៩៦០
30, Dec 2023 , 9:30 am        
រូបភាព
សៀមរាប៖ ម៉ូតូ HONDA ប្រភេទCL និង​PC ​ពេញនិយមខ្លាំងណាស់នៅទសវត្សរ៍ឆ្នាំ​១៩៦០។ ទំនងហេតុនេះហើយ ទើបនៅពេលនោះមានចម្រៀងមួយបទ គឺ«កម្លោះហុងដា ​កញ្ញាប៉េសេ» ត្រូវបានតាក់តែងឡើង ហើយបទនេះជាសំនៀងរបស់អធិរាជសំឡេងមាស ​លោក​ ស៊ិន ស៊ិសាមុត និងលោកស្រី ប៉ែន រ៉ន។ នៅសារមន្ទីរ​វិមាន​​សុខា នៅ​ក្រុង​សៀមរាប មានដាក់តាំងម៉ូតូម៉ាក HONDA ប្រភេទ CL ប្រហែលម៉ូឌែល77 ១គ្រឿង និង​ប្រភេទ PC ម៉ូឌែល50 ១គ្រឿង​ដែរ។ ទោចក្រយានយន្ដទាំង​២នេះ ជាគូ​ពណ៌ខៀវ​ស្រស់ និងត្រូវបាន​ផលិត​កាលពី​៥០ឆ្នាំ​មុន។លោក លី ប៉េងហេង ​ស្ថាបនិកសារមន្ទីរវិមានសុខា បានឱ្យដឹងថា មូលហេតុដែលលោកដាក់តាំងម៉ូតូនេះ​​ជាមួយ​គ្នា គឺមក​ពី​​​ចម្រៀង កម្លោះហុងដា និងកញ្ញា​ប៉េសេនោះឯង។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ម៉ូតូ HONDA CL ត្រូវ​បាន​ផលិត​ម៉ូឌែល​ផ្សេងៗពី​គ្នា​បន្តិចចំនួន​ជា​ច្រើន​ណាស់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០។ រីឯ​ម៉ូតូ HONDA PC50 វិញ ត្រូវ​បាន​ផលិត​ពី​ឆ្នាំ១៩៦៧ ទៅ​ឆ្នាំ​១៩៧៧។ វាមានកម្លាំង ៤៩CC។ ក្រុមហ៊ុន HONDA ត្រូវបាន​បង្កើត​ឡើង​នា​ឆ្នាំ១៩៤៨ នៅ​ប្រទេស​ជប៉ុន។
 
​សារមន្ទីរ​ វិមាន​សុខា មានតាំង​វត្ថុ​បុរាណ​ជា​ច្រើន​មុខ ជាពិសេសឧបករណ៍សោតទស្សបុរាណ នាឡិកា​បុរាណ យានជំនិះ​បុរាណ ​​និងវត្ថុបុរាណផ្សេងៗទៀត​។ ក្នុង​សារមន្ទីរក៏មាន​ហាងកាហ្វេ​តុបតែងជាមួយវត្ថុបុរាណ​ច្រើន​ដែរ។ បើកដំណើរការ​​រៀងរាល់​ថ្ងៃ ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង​៥ល្ងាច។ សារមន្ទីរនេះ ស្ថិតនៅផ្លូវ​លេខ២២ ភូមិ​ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ តម្លៃសំបុត្រចូល​ទស្សនាសម្រាប់ពលរដ្ឋខ្មែរ គឺ៥ពាន់រៀល និងតម្លៃសម្រាប់ជនបរទេស២ម៉ឺនរៀល៕
អត្ថបទទាក់ទង
:  
 








© រក្សាសិទ្ធិដោយ thmeythmey.com