សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសទាំង១០ដែលមានទុនបម្រុងមាសច្រើនជាងគេលើលោក
01, Jan 2024 , 8:19 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
យោងតាមទិន្នន័យពីសមាគមមាសពិភពលោក អាម៉េរិកបច្ចុប្បន្នកាន់កាប់មាសសម្រាប់ជាទុនបម្រុងជាង ៨១០០តោន ដែលជិតស្មើនឹងទំហំមាស ដែលបូកបញ្ចូលគ្នារវាងប្រទេសបីបន្ទាប់ទៀតគឺ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង។

 
មាសជាទ្រព្យសម្បត្តិដ៏សំខាន់នៃទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារវាមានសុវត្ថិភាព ទូទាត់ងាយស្រួល និងផ្តល់ផលចំណេញខ្ពស់។ តាមក្រុមប្រឹក្សាមាសពិភពលោក (WGC) គោលការណ៍ទាំងនេះជាគោលដៅវិនិយោគមូលដ្ឋានទាំងបីរបស់ធនាគារកណ្តាល។
 
ដោយប្រើទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រឹក្សាមាសពិភពលោក (WGC) ខាងក្រោមនេះជាបញ្ជីប្រទេសដែលមានទុនបម្រុងមាសធំបំផុតរបស់ពិភពលោកគិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៣ ៖ 
 
១. អាម៉េរិក
 
អាម៉េរិក មានមាសបម្រុង ៨១៣៣ តោន។ ទុនបម្រុងមាសរបស់អាម៉េរិក គឺជិតស្មើនឹងប្រទេសចំនួនបី នៅលំដាប់បន្ទាប់ទៀត បូកបញ្ចូលគ្នា។ បរិមាណមាសនេះ បច្ចុប្បន្នមានតម្លៃជាង ៥០០ ពាន់លានដុល្លារ ដែលត្រូវបានរក្សាទុកក្នុងឃ្លាំងមាស Fort Knox និងធនាគារកណ្តាលអាម៉េរិក (Fed)។
 
២. អាល្លឺម៉ង់
 
ប្រទេសនេះមាសបម្រុង ៣៣៥២ តោន។ ក្នុងអំឡុងឆ្នាំ ២០១២-២០១៧ អាល្លឺម៉ង់បានប្រមូលទុនបម្រុងមាសបានយ៉ាងច្រើនប្រហែល ៧០០តោនពីទីក្រុងប៉ារីស និងញូវយ៉កទៅកាន់ទីក្រុងហ្វ្រែងហ្វើត។ 
 
សកម្មភាពរុករករ៉ែមាសនៅអាឡឺម៉ង់មិនសូវមានភាពរស់រវើកទេ។ មាសរបស់ប្រទេសនេះ ភាគច្រើនត្រូវបាននាំចូល ឬកែច្នៃឡើងវិញក្នុងស្រុក។
 
៣. អ៊ីតាលី
 
ប្រទេសនេះមានមាសបម្រុង ២៤៥១តោន។ បរិមាណមាសនេះបច្ចុប្បន្នត្រូវបានរក្សាទុកនៅធនាគារកណ្តាលស្វីស ធនាគារកណ្តាលអាម៉េរិក និងធនាគារអង់គ្លេស។ ទោះបីជាមានការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើនដងក៏ដោយ ក៏រដ្ឋាភិបាលអ៊ីតាលីគ្មានចេតនាលក់ទុនបម្រុងមាសរបស់ខ្លួនឡើយ។
 
៤. បារាំង
 
ប្រទេសនេះមានមាសបម្រុង ២៤៣៦តោន។ មាសទាំងនេះភាគច្រើនត្រូវបានទិញនៅក្នុងទសវត្សរ៍ទី៥០ និង៦០ ហើយវាត្រូវបានរក្សាទុកនៅធនាគារកណ្តាលបារាំង។ ទុនបម្រុងមាសរបស់ប្រទេសនេះស្ទើរតែមិនមានការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
៥. រុស្ស៊ី
 
ប្រទេសនេះមានមាសបម្រុង ២៣២៩តោន ដើម្បីទុកបង្ក និងទប់ស្កាត់បញ្ហាប្រឈមផ្សេងៗ។  ថ្មីៗនេះ ធនាគារកណ្តាលរុស្ស៊ីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងជៀសវាងការពឹងផ្អែកលើប្រាក់ដុល្លារ។
 
សម្រាប់វិស័យឯកជន នៅឆ្នាំ ២០២២ រុស្ស៊ីជាប្រទេសផលិតមាសធំជាងគេទី៣ របស់ពិភពលោកដែលមានប្រហែល៣០០តោនក្នុងមួយឆ្នាំ បន្ទាប់ពីចិន និងអូស្ត្រាលី។
 
៦. ចិន
 
ប្រទេសនេះទុនបម្រុងមាស ២១១៣ តោន។ ចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារមាសទាំងផ្នែកផលិតកម្ម ការប្រើប្រាស់ និងទុនបម្រុង។ ធនាគារកណ្តាលចិន (PBOC) ថ្មីៗនេះបានបង្កើនទុនបម្រុងមាសដើម្បីការពារអតិផរណា។ 
 
ដោយឡែកនៅក្នុងវិស័យឯកជន សមាគមមាសចិនបាននិយាយថា តម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសនេះបច្ចុប្បន្នគឺធំជាងគេបំផុតក្នុងពិភពលោក ដោយមានចំនួន ៨៣៥តោនក្នុងត្រីមាសទី១នៃឆ្នាំនេះ។ 
 
៧. ស្វីស
 
ប្រទេសនេះមានទុនបម្រុងមាស ១០៤០តោន។ ស្វីសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក បច្ចុប្បន្នមានទុនបម្រុងមាសដែលមានតម្លៃប្រហែល ៦៦,១ពាន់លានដុល្លារ។ មាសទាំងនេះត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលស្វីស និងបម្រើជាសសរស្តម្ភហិរញ្ញវត្ថុរបស់ប្រទេស។ 
 
ជាការពិត សកម្មភាពរុករករ៉ែមាសនៅស្វីសមានកម្រិតតិចតួចណាស់ បើធៀបបណ្តាប្រទេសផ្សេង។ ដូច្នេះ​មាស​ដែល​ពួក​គេ​មាន​គឺ​ត្រូវ​បាន​នាំ​ចូល​ជា​ចម្បង។ នៅឆ្នាំ២០២២ ប្រទេសនេះជាអ្នកនាំចូលមាសដ៏ធំបំផុតមួយរបស់ពិភពលោក។
 
៨. ជប៉ុន
 
ប្រទេសនេះមានមាសបម្រុង ៨៤៥,៩តោន។ ទុនបម្រុងមាសរបស់ជប៉ុនដែលគ្រប់គ្រងដោយធនាគារជប៉ុន (BOJ) បច្ចុប្បន្នមានតម្លៃ ៥២ពាន់លានដុល្លារ។ 
 
ជប៉ុនជា​កន្លែង​ជីក​យក​រ៉ែ​មាស Hishikari ដែល​ល្បី​ខាង​គុណភាព​ខ្ពស់​។ ទោះយ៉ាងណាក៏ដោយ ដោយសារទុនបម្រុងក្នុងស្រុកមានកម្រិត ជប៉ុនភាគច្រើននាំចូលមាស។
 
៩. ឥណ្ឌា
 
ឥណ្ឌា មានមាសបម្រុង ៨០០តោន ដែលរដ្ឋាភិបាលអាចទុកដោះស្រាយលើបញ្ហាប្រឈមដូចជាអតិផរណា។
 
 នៅក្នុងវិស័យឯកជនក្នុងឆ្នាំ២០២២ ឥណ្ឌាបានក្លាយជាអ្នកប្រើប្រាស់មាសច្រើនជាងគេទី២ នៅក្នុងពិភពលោក។ ភាគច្រើននៃមាសនៅប្រទេសនេះត្រូវបាននាំចូល។ ពិធីបុណ្យ និងរដូវមង្គលការនៅក្នុងប្រទេសនេះ តែងតែជាឱកាសរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនលក់មាស។
 
១០. ហូឡង់
 
ប្រទេសនេះមាសបម្រុង ៦១២តោន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុនបម្រុងមាសរបស់ប្រទេសនេះមិនមានផ្លាស់ប្តូរទេ៕ 
 

Tag:
 មាស
© រក្សាសិទ្ធិដោយ thmeythmey.com