សង្គមអន្តរជាតិ​
អន្តរជាតិ
យន្តហោះ​ឆ្មាំ​សមុទ្រ​ជប៉ុន មិន​ត្រូវ​បាន​ឱ្យ​ចូល​ផ្លូវ​រត់ឡើយ មុន​ពេល​បុក​គ្នា
04, Jan 2024 , 5:57 pm        
រូបភាព
យន្តហោះ A350 របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន ។ រូបភាព ៖ AFP
យន្តហោះ A350 របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន ។ រូបភាព ៖ AFP
អាជ្ញាធរជប៉ុនបានចេញផ្សាយការថតសំឡេងនៅអាកាសយានដ្ឋាន Haneda ដោយបង្ហាញថាយន្តហោះ DHC-8 របស់ឆ្មាំសមុទ្រ ត្រូវបានបញ្ជាឱ្យឈប់ និងរង់ចាំនៅក្រៅផ្លូវរត់ មុនពេលបុកជាមួយយន្តហោះប្រភេទ A350 របស់អាកាសចរណ៍ Japan Airlines ។ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុ។

 
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅថ្ងៃទី៣ ខែមករា បានប្រកាសពីការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងមន្រ្តីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋាន Haneda, យន្តហោះ Japan Airlines A350 និងយន្តហោះធុន DHC-8-315 ដែលជាកម្មសិទ្ធិរបស់ឆ្មាំសមុទ្រជប៉ុន។
 
ទំនាក់ទំនងបានចាប់ផ្តើមនៅម៉ោង ៥និង៤៣នាទីល្ងាច នៅពេលដែលយន្តហោះ Japan Airlines A350 ទាក់ទងទៅភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយបានឆ្លើយតប និងអនុញ្ញាតឱ្យយន្តហោះចូលទៅជិតផ្លូវរត់ 34R (ផ្លូវរត់ C) នៅអាកាសយានដ្ឋាន Haneda ។ ជិតពីរនាទីក្រោយមក ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានប្រកាសថា យន្តហោះរបស់ Japan Airlines អាចចុះចតដោយគ្មានបញ្ហា ហើយអ្នកបើកយន្តហោះនៅលើយន្តហោះ A350 បានអានការណែនាំម្តងទៀតដើម្បីបញ្ជាក់។
 
នៅម៉ោង ៥និង៤៥នាទីល្ងាច យន្តហោះល្បាត JA722A របស់ឆ្មាំឆ្នេរសមុទ្រជប៉ុនបានទាក់ទងភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដោយនិយាយថា ពួកគេនៅលើគំនូសផ្លូវរត់ C។ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានប្រកាសថា DHC-8-315 នឹងហោះឡើងមុនគេ ហើយបានសុំឱ្យយន្តហោះផ្លាស់ទីទៅឈប់នៅជិតផ្លូវរត់នៅទីតាំង C5 ។
 
ប្រធានក្រុមយន្តហោះ DHC-8-315 ដែលនៅរស់រាន និយាយថា ខ្លួនបានបញ្ជាក់ដោយការអានការណែនាំឡើងវិញ។ អ្នកបើកយន្តហោះបាននិយាយថា «កំពុងផ្លាស់ប្តូរទៅឈប់ចំណុច C5 លំដាប់យន្តហោះលេខ១ សូមអរគុណ»។ 
មិនមានទំនាក់ទំនងរវាងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងយន្តហោះទាំងពីរទេ បន្ទាប់ពីពេលនេះ។ យន្តហោះ A350 បានចុះចតនៅម៉ោង ៥និង៤៧នាទីល្ងាច ហើយបានបុកជាមួយយន្តហោះ DHC-8-315 នៅលើផ្លូវរត់នោះតែម្តង។
 
យ៉ាងណាមិញ លោក Toshiyuki Onuma អគ្គនាយករងនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលជប៉ុនបាននិយាយថា ការថតសំឡេងបង្ហាញថាយន្តហោះឆ្មាំឆ្នេរសមុទ្រមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្លូវរត់នៅពេលនោះ។
 
ទាក់ទងចំណុចនេះ មន្ត្រីឆ្មាំសមុទ្រជប៉ុនម្នាក់អះអាងថា អ្នកបើកយន្តហោះឆ្មាំសមុទ្រឈ្មោះ Genki Miyamoto បានជូនដំណឹងដល់ទីស្នាក់ការកណ្តាលថា យន្តហោះនេះត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្លូវរត់ដើម្បីហោះឡើង។  ប៉ុន្តែមន្រ្តីដដែលបានសារភាពថាមិនមានសញ្ញាណាមួយនៅក្នុងខ្សែអាត់សំឡេងដែលបញ្ចេញឡើយ។
 
រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន លោក Tetsuo Saito បានលើកឡើងថា ៖« យើងកំពុងបញ្ជូនឯកសារពាក់ព័ន្ធ ហើយនឹងសហការយ៉ាងពេញលេញជាមួយអ្នកស៊ើបអង្កេត ដើម្បីធានាថា វិធានការសុវត្ថិភាពទាំងអស់គឺស្ថិតនៅក្នុងកន្លែងដើម្បីការពារកុំឱ្យឧបទ្ទវហេតុនេះកើតឡើងម្តងទៀត»។
 
ស្ថានីយទូរទស្សន៍ជប៉ុន NHK ពីមុនបានដកស្រង់សម្តីមន្ត្រីម្នាក់របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ ថា គ្រោះថ្នាក់អាចកើតឡើងដោយសារតែប្រធានក្រុមឆ្មាំឆ្នេរសមុទ្រយល់ខុសការណែនាំពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ 
 
ឧបទ្ទវហេតុនេះបានកើតឡើងនៅអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី២ ខែមករា ខណៈដែលយន្តហោះ A350 បានចុះចត ក្រោយពីធ្វើដំណើរពីទីក្រុង Sapporo ទៅកាន់ទីក្រុងតូក្យូ ខណៈដែល DHC-8-315 កំពុងរៀបចំខ្លួនដើម្បីបញ្ជូនគ្រឿងសង្គ្រោះទៅកាន់តំបន់រងគ្រោះដោយការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃទី១​ ខែមករា។ 
 
អ្នក​ដំណើរ​៣៦៧​នាក់ ​និង​សមាជិក​នាវិក​១២​នាក់​នៅលើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​អ៊ែរឡាញ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព មុន​ពេល​ភ្លើង​ឆាបឆេះ​យន្តហោះ។ ​យ៉ាង​ហោច​ណាស់​១៧​នាក់​បាន​រង​របួស​ ប៉ុន្តែ​មិន​ស្ថិត​ក្នុង​គ្រោះថ្នាក់ធ្ងន់ធ្ងន់​នោះ​ទេ​។ ប្រធាន​យន្តហោះ​ឆ្មាំ​ឆ្នេរ​សមុទ្របានផុតគ្រោះថ្នាក់​និង​រង​របួស​ធ្ងន់ ដោយ​សមាជិកនាវិក ​៥​នាក់​ទៀត​ដែលនៅ​លើ​យន្តហោះ​បាន​ស្លាប់៕

Tag:
 ជប៉ុន
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com