ជាតិ
ប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរទទួលការជួសជុលឡើងវិញ
14, Jan 2024 , 9:09 pm        
រូបភាព
ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ។ កន្លងមក តំបន់នេះស្ថិតក្នុងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) និងអាជ្ញាធរជាតិអប្សរា។ បច្ចុប្បន្នប្រាសាទនេះ កំពុងទទួលបានការជួលជុល និងលើកតម្លៃឡើងវិញ។

មិនខុសពីប្រាសាទបុរាណដទៃទៀតនោះទេ ប្រាសាទជម រងការខូចខាតធ្ងន់ធ្ងរ ​និងកំពុងទទួលបានការជួសជុល តាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) គឺរុះរើតួរបស់ប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ នេះបើតាមព័ត៌មានចុះផ្សាយដោយអាជ្ញាធរជាតិអប្សរា។ 
 

ប្រាសាទជមដែលកំពុងទទួលបានការជួសជុលឡើងវិញ។ រូបភាពពីអាជ្ញាធរជាតិអប្សរា

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ដោយ បែងចែកជា២ដំណាក់កាល។ 
 
«ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ»។ នេះជាការលើកឡើងរបស់ លោក យ៉ាម៉ង់ ដោយបន្តថា  ក្រុមការងារក៏បានពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ ផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿន​របស់ប្រាសាទទាំងមូលឡើងវិញ។
 
តាមការបញ្ជាក់ពីស្ថាបត្យករអាជ្ញាធរជាតិអប្សរា ការងារជួសជុលនេះ ក្រុមការងារបានរកឃើញ ថ្មដែលរលុះធ្លាក់ពីផ្នែកខាងលើកំពូលប្រាសាទប្រមាណ៣០ភាគរយ ហើយភាគច្រើនខូចខាត ត្រូវការជួសជុល និងព្យាបាលឡើងវិញ។ «ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាកក្នុងការផ្គុំឡើងវិញ ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទ​ផ្សេងទៀត​ដែលនៅជុំវិញ»។ នេះជាការបញ្ជាក់ពីលោក ថៃ យ៉ាម៉ង់។ 
 
ដូចនឹងប្រាសាទផ្សេងៗទៀតដែរ ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម ការណ៍នេះ បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ។ល។ អ្នកជំនាញរំពឹងថា ប្រាសាទជមនឹងជួសជុលរួចរាល់នៅឆ្នាំ២០២៥៕
 
 

Tag:
 ប្រាសាទជម
  ព្រះពិធូរ
© រក្សាសិទ្ធិដោយ thmeythmey.com