ជាតិ
សៀមរាប៖ សាលាដំបូងសម្រេចឱ្យបុរសប្រើហិង្សាលើអ្នកលក់អណ្ដើកនៅក្រៅឃុំបណ្ដោះអាសន្ន
15, Jan 2024 , 5:39 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
មន្ត្រីអាជ្ញាធរអប្សរា២នាក់ដែលត្រូវបានគេឃើញថា បានប្រើហិង្សាលើយុវជនអ្នកលក់សត្វអណ្ដើកនោះ ត្រូវបានតុលាការខេត្តសៀមរាបដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ។ សេចក្តីសម្រេចនេះត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី១៤ខែមករាឆ្នាំ២០២៤។ ការសម្រេចយ៉ាងនេះរបស់សាលាដំបូងខេត្តសៀមរាប ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តសៀមរាបបានប្រមូល និងពិនិត្យចម្លើយរបស់ជនសង្ស័យ ជនរងគ្រោះ សាក្សី និងភស្តុតាងនានាគ្រប់ជ្រុងជ្រោយ។



«តំណាងអយ្យការបានសម្រេចអនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន។ ដោយឡែក តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធីស្របតាមច្បាប់។»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យអយ្យាការអមសាលាដំបូងខេត្តសៀមរាបនៅក្នុងសេចក្ដីប្រកាសព័ត៌មាន។ 
 
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យរបស់អយ្យការបានរៀបរាប់អង្គហេតុឡើងវិញថា នៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណុល សំណាង និងបក្ខពួកបាននាំគ្នាចាប់សត្វអណ្ដើកនៅក្នុងកសិន្ធុអង្គរ ដែលត្រូវបានហាមឃាត់។ អ្នកនាំពាក្យដដែលបន្តថា មន្ត្រីសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា២រូបដែលប្រចាំការនៅតំបន់នោះ បានហាមឃាត់ក្រុមយុវជន មិនឱ្យចាប់អណ្ដើក ប៉ុន្តែថា ឈ្មោះ សំណាង និងបក្ខពួកមិនបានស្ដាប់ការណែនាំរបស់មន្ត្រីអប្សរាឡើយ ហើយថែមទាំងប្រើពាក្យប្រមាថមកលើមន្ត្រីទៀតផង ទើបបង្កឱ្យមានការប្រើហិង្សា ដែលត្រូវបានសាធារណជនថត។ 
 
ទោះយ៉ាងណាក៏ដោយ បើតាមយោងតាមអ្នកនាំពាក្យ ជនសង្ស័យទាំងពីរបានសម្ដែងការសោកស្ដាយ និងទទួលស្គាល់កំហុស ព្រមទាំងបាននិយាយសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះរួចហើយ។
 
អ្នកនាំពាក្យបានសរសេរបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ជនសង្ស័យទាំងពីរមានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែ។ ជនសង្ស័យក៏បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្ដឹងក្នុងរឿងនេះ។»។ អ្នកនាំពាក្យបន្តថា៖«ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្ដុតាងនានា អយ្យការអមសាលាដំបូងខេត្តសៀមរាបយល់ឃើញថា ករណីនេះជាបទល្មើសហិង្សាដែលមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ដល់ជនរងគ្រោះឡើយ។»
 
ក្នុងសំណុំរឿងដដែលនេះ មេធាវីរបស់ជនសង្ស័យទាំងពីរក៏បានបង្ហាញការធានាថាកូនក្ដីរបស់ខ្លួននឹងបង្ហាញខ្លួននៅគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ៕

© រក្សាសិទ្ធិដោយ thmeythmey.com