អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ប្រាប់ក្រុមតវ៉ាកសិករថារដ្ឋាភិបាលគ្មានលុយសម្រាប់ឧបត្ថម្ភធន
16, Jan 2024 , 9:59 pm        
រូបភាព
កសិករអាល្លឺម៉ង់ តវ៉ានៅក្នុងបែរឡាំងប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា។ រូបភាព AFP
កសិករអាល្លឺម៉ង់ តវ៉ានៅក្នុងបែរឡាំងប្រឆាំងនឹងរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា។ រូបភាព AFP
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner នៅថ្ងៃទី១៥ ខែមករា បានថ្លែងថា រដ្ឋាភិបាលគ្មាន​ប្រាក់​សម្រាប់​ការ​ឧបត្ថម្ភធន​បន្ថែម​ទៀត​ទេ នៅចំពោះមុខកសិករ​រាប់​ពាន់​នាក់​ ដែលតវ៉ា​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធលើរថយន្តកសិកម្ម ប្រេងម៉ាស៊ូត និងកាត់បន្ថយប្រាក់ឧបត្ថម្ភធន។

 
ក្នុងទីក្រុងបែរឡាំង កសិករអាល្លឺម៉ង់ ជាច្រើនពាន់នាក់ បានចេញទៅតវ៉ាប្រឆាំងនឹងការដំឡើងនៃពន្ធលើប្រេងម៉ាស៊ូត រថយន្តកសិកម្ម និងការកាត់បន្ថយប្រាក់ឧបត្ថម្ភធន។ 
 
«ខ្ញុំ​មិន​អាច​សន្យា​អ្នក​ថានឹងមាន​ជំនួយ​រដ្ឋ​បន្ថែម​ទៀត​ពី​ថវិកា​សហព័ន្ធឡើយ»។ លោក Christian Lindner រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ បានប្រាប់ហ្វូងមនុស្សពីវេទិកាមួយនៅមុខច្រក Brandenburg បែបនេះ រួចបន្តថា ប៉ុន្តែ​ពួកគេអាច​តស៊ូ​ជាមួយ​គ្នា ​ដើម្បីឱ្យក្រុមកសិករទទួលបានការទទួលស្គាល់ចំពោះការខិតខំរបស់ពួកគេ។
 
ការ​តវ៉ា​បាន​បង្កើន​សម្ពាធ​លើ​សម្ព័ន្ធ​របស់​អធិការបតីលោក Olaf Scholz ខណៈ​ដែល​សម្ព័ន្ធភាពមួយនេះ បានព្យាយាម​ក្នុង​ការ​ដោះស្រាយ​ភាព​មិន​ចុះសម្រុង​ថវិកា និង​គ្រប់គ្រងក្រុម​ស្តាំនិយម។ ការតវ៉ាបានកើនឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីលុបចោលការដកពន្ធលើប្រេងម៉ាស៊ូតកសិកម្ម ខណៈដែលព្យាយាមធ្វើឱ្យមានតុល្យភាពថវិកាឆ្នាំ ២០២៤ បន្ទាប់ពី សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីខែវិច្ឆិកាដែលបានបង្ខំឱ្យរដ្ឋាភិបាលពិនិត្យឡើង វិញអំពីផែនការចំណាយ។
 
ប្រឈមមុខនឹងការរិះគន់ រដ្ឋាភិបាលធ្លាប់បញ្ជាក់រួចហើយថា នឹងរក្សាការបញ្ចុះតម្លៃពន្ធលើ យានជំនិះកសិកម្មថ្មី និងមើលលើការដកប្រាក់ឧបត្ថម្ភធន ពន្ធប្រេងម៉ាស៊ូតកសិកម្មក្នុងរយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែ​កសិករ​ដែល​មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង គឺបក្សអភិរក្ស​ និង​ស្តាំ​និយម ​ជ្រុលបញ្ជាក់ថា ​វិធានការនេះមិន​គ្រប់គ្រាន់​ទេ។
 
គណបក្សដែលកំពុង​គ្រប់​គ្រងទាំងអស់សុទ្ធតែមាន​គំនិតខុសគ្នា ដើម្បី​បំពេញ​តាម​ការ​ទាមទារ​របស់​កសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម Cem Ozdemir មកពីបក្សបៃតងបានផ្តល់រង្វាន់ផ្នែក ហិរញ្ញវត្ថុសម្រាប់ការចិញ្ចឹមសត្វប្រកបដោយមនុស្សធម៌ ខណៈដែលអ្នកមកពីបក្សសង្គម ប្រជាធិបតេយ្យមួយចំនួនចង់ផ្តល់តម្លៃផលិតផលខ្ពស់ ហើយគណបក្សប្រជាធិបតេយ្យ សេរី ចង់កាត់បន្ថយការចំណាយលើផ្នែករដ្ឋបាល៕

Tag:
 អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com