កីឡាជាតិ
ជាតិ
ជម្នះឧបសគ្គសង្គម កញ្ញា Vicky ក្លាយជាពិធីការិនីប្រដាល់គុនខ្មែរ ដ៏មានប្រជាប្រិយ
20, Jan 2024 , 7:59 am        
រូបភាព
កញ្ញា នី លីមហ័ង ឈរនៅចន្លោះកណ្ដាលកីឡាករប្រដាល់ រូបពី ណារ៉ាគុនខ្មែរ
កញ្ញា នី លីមហ័ង ឈរនៅចន្លោះកណ្ដាលកីឡាករប្រដាល់ រូបពី ណារ៉ាគុនខ្មែរ
កញ្ញា នី លីមហ័ង ដែលត្រូវបានគេស្គាល់ថា MC Vicky ពិធីការិនីអត្ថាធិប្បាយកីឡាប្រដាល់គុនខ្មែរ រៀបរាប់ពីការលំបាកមួយចំនួន ដោយសារពេលចាប់ផ្ដើមអាជីពដំបូងនៅឆ្នាំ២០១៩ ត្រូវបានគេរើសអើង និងមិនទុកចិត្តលើសមត្ថភាពខ្លួន ព្រោះជាមនុស្សស្រី។ ឧបសគ្គទាំងនោះ មិនបានបញ្ឈប់ការប្ដេជ្ញាចិត្តរបស់ Vicky ឡើយ ព្រោះពិធីការិនីរូបនេះ មានមហិច្ឆតាចង់ក្លាយជាស្ដ្រីខ្មែរដំបូងគេ ដែលអាចអត្ថាប្បាយប្រដាល់ជាភាសាខ្មែរ និងភាសាអង់គ្លេស នៅលើសង្វៀនប្រកួតប្រដាល់គុនខ្មែរកម្រិតអន្ដរជាតិ។



កញ្ញា នី លីមហ័ង បានចាប់ផ្ដើមអាជីពជាពិធីករប្រដាល់ដំបូងនៅឆ្នាំ២០១៩។ ការចាប់ផ្ដើមអាជីពដំបូងនោះ លីមហ័ង ពិតជាមានការលំបាកជាខ្លាំង និងមិនសូវជាមានភាពរលូនក្នុងការអត្ថាធិប្បាយទេ ព្រោះមិនទាន់ស្គាល់ស្នៀតក្បាច់ប្រដាល់ដែលត្រូ ប្រើក្នុងការប្រកួតរបស់កីឡាករ-កីឡាការិនី។ ក្រៅអំពីនោះ ពិធីការិនី ក៏មិនសូវទទួលបានទំនុកចិត្តពីអ្នករៀបចំការសង្វៀនប្រកួតប៉ុន្មានឡើយ ព្រោះគេយល់ថាជាស្ដ្រី មិនអាចក្លែមពាក្យសម្ដី ឬប្រើសំឡេងឲ្យទាក់ទាញដូចជាពិធីករ។

ពិធីការិនី Vicky រូបពី Vicky MC

ពិធីការិនីវ័យ ២៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា៖«ការងារមួយនេះមានការលំបាកខ្លាំងដែរ ដោយសារតែខ្លួនជាស្ត្រី កាលដំបូងអាចមានការរើសអើងបន្តិចបន្តួចដោយសារតែអាជីពនេះមិនសូវមាននារីធ្វើឡើយ ម្យ៉ាងវិញទៀតការងារមួយនេះតម្រូវឲ្យយើងមានភាពក្លាហានដូចជាបុរស មិនថាការនិយាយស្ដីឬមួយក៏ការប្រើប្រាស់សំឡេង ទោះបីជាយើងជាមនុស្សស្រីក៏ដោយមិនត្រូវមានភាពអៀនខ្មាសឡើយ។»។
  
ដោយឡែក គោលដៅច្បាស់លាស់ រួមជាមួយការប្ដេជ្ញាចិត្ត បានធ្វើឲ្យពិធីការិនី ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានជម្នះឧបសគ្គ រហូតត្រូវបានអ្នកគាំទ្រគុនខ្មែរទាំងអស់ស្គាល់ ថាជាពិធីការិនីអត្ថាធិប្បាយប្រដាល់ អាចប្រើប្រាស់ជាខេមរៈភាសា និងភាសាអងគ្លេសបានយ៉ាងល្អ។ ជាពិសេស កញ្ញា លីមហ័ង អាចក្លែមពាក្យសម្ដី និងប្រាប់ពីឈ្មោះក្បាច់ ស្នៀតប្រើរបស់កីឡាករ បានយ៉ាងល្អ ដែលជាហេតុធ្វើឲ្យការប្រកួតកាន់តែទាក់ទាញអ្នកទស្សនា។
 
មុនពេលក្លាយជាពិធីការិនីប្រដាល់ កញ្ញា នី លីមហ័ង តែងសរសើរសមត្ថភាព និងទឹកដមសំឡេងដ៏មានប្រជាប្រិយភាពរបស់លោកស្រី ប្រាក់ សម្ផស្ស និងលោកស្រី ខៀវ សានសាណា ដែលជាពិធីការិនីកីឡាជាតិ។ នេះ ក៏ជាហេតុមួយដែល Vicky ចង់ក្លាយខ្លួនជាស្ដ្រីម្នាក់ ក្នុងការចូលរួមក្នុងវិស័យកីឡាជាតិផងដែរ។
 
អ្នកកំពង់ចាមរូបនេះ ពេញចិត្តចំពោះសមិទ្ធផលដែលបានមកពីអ្នកគាំទ្រ នាពេលបច្ចុប្បន្ន ប៉ុន្ដែកញ្ញា លីមហ័ង នៅតែមានគោលបំណងខ្ពស់ជាងនេះ ព្រោះចង់ចែករំលែងចំណេះដឹងនានា ទាក់ទងវិស័យកីឡាទៅកាន់អ្នកជំនាន់ក្រោយថែមទៀត។ កញ្ញា Vicky បានប្រាប់ដូច្នេះថា៖«សមិទ្ធផលរហូតមកដល់សព្វថ្ងៃនេះខ្ញុំពេញចិត្តណាស់ហើយព្រោះខ្ញុំបានសម្រេចរាល់ក្ដីស្រមៃរបស់ខ្ញុំទាំងអស់តាំងពីតូចដោយខ្លួនរបស់ខ្ញុំផ្ទាល់។ប៉ុន្តែខ្ញុំក៏មានគោលបំណងចង់ចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយប្រសិនបើអាចខ្ញុំចង់ក្លាយទៅជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នកីឡាមួយរូប។»។
 
ឆ្លងកាត់អាជីពជាអ្នកអត្ថាធិប្បាយប្រដាល់ជាង ៤ឆ្នាំ ពិធីការិនីរូបនេះ មានសុទិដ្ឋិនិយមថា វិស័យប្រដាល់គុនខ្មែរ មានការរីកចម្រើនខ្លាំង ព្រោះមានការចាប់អារម្មណ៍ និងឧបត្ថម្ភគាំទ្រច្រើនពីប្រជាជន និងស្ថាប័នឯកជន ហើយបណ្ដាប្រទេសជាច្រើន បានស្គាល់គុនខ្មែរ ព្រមទាំងទទួលយកក្បាច់គុននេះ ទៅហ្វឹកហាត់នៅប្រទេសគេ ផងដែរ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  នី លីមហ័ង
  Vicky
© រក្សាសិទ្ធិដោយ thmeythmey.com