កីឡាជាតិ
ជាតិ
លោក ស្រី ចាន់ថន៖ ការផ្ដល់សញ្ជាតិដល់កីឡាករបរទេស ទទួលការពិនិត្យយ៉ាងល្អិតល្អន់
19, Jan 2024 , 9:59 pm        
រូបភាព
លោក ស្រី ចាន់ថន និង Alexandro។ រូបភាពពីហ្វេសប៊ុក លោក ស្រី ចាន់ថន
លោក ស្រី ចាន់ថន និង Alexandro។ រូបភាពពីហ្វេសប៊ុក លោក ស្រី ចាន់ថន
ការផ្ដល់សញ្ជាតិឲ្យកីឡាករបរទេស មានការពិនិត្យយ៉ាងល្អិតល្អន់ មិនមែនចេះតែផ្តល់ជូនទៅកាន់កីឡាករអន្ដរជាតិងាយៗនោះទេ។ នេះជាការលើកឡើងរបស់ លោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានក្លិបប្រដាល់គុនខ្មែរអន្ដរជាតិ (KKIF) ក្រោយ Alexandro Mendonca កីឡាករប្រដាល់ប្រេស៊ីល ទទួលបានសញ្ជាតិខ្មែរ។ កីឡាករអន្ដរជាតិ ដែលបានសញ្ជាតិខ្មែរកន្លងមក ដោយសារការតស៊ូហ្វឹកហាត់ មានសមត្ថភាព និងស្រឡាញ់សញ្ជាតិថ្មីរបស់ខ្លួន។

 
លោក ស្រី ចាន់ថន បានផ្ដល់បទសម្ភាសថា ការទទួលបានសញ្ជាតិខ្មែរ ចំពោះកីឡាករបរទេស មិនមែនបានមកដោយងាយស្រួលនោះទេ ប៉ុន្ដែ គឺទទួលបានដោយសារការខិតខំប្រឹងប្រែង តាមរយៈសកម្មភាពហ្វឹកហាត់គុនខ្មែរ ការបង្ហាញទឹកចិត្តស្រឡាញ់កម្ពុជា តាមរយៈការលើកទង់ជាតិលើសង្វៀនអន្ដរជាតិ និងរបៀបរស់នៅល្អ ដែលអាចទទួលយកនៅវប្បធម៌របស់កម្ពុជា។ 
 
ការផ្ដល់សញ្ជាតិនេះ អនុប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ មានសុទិដ្ឋិនិយមថា ជាការលើកទឹកចិត្តដល់កីឡាករទាំងនោះ ឲ្យបន្ដការខំប្រឹងប្រែង និងបន្ដឆន្ទៈ ស្មារតីលើកស្ទួយគុនខ្មែរ ជាពិសេសការពាក់ទង់ជាតិកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាម្នាក់ លើឆាក់អន្ដរជាតិ។
 
«ការផ្ដល់សញ្ជាតិនេះ គឺមានសារៈសំខាន់ណាស់ ហើយថ្នាក់ដឹកនាំ មិនមែនចេះតែឲ្យទេ។ ថ្នាក់ដឹកនាំ បានសម្លឹងមើលដែរ ទី១ គាត់មើលថា តើបុគ្គលនោះមកនៅកម្ពុជា រយៈពេលប៉ុន្មានហើយ។ ទី២ ច្បាប់ទម្លាប់របៀបរបប នៃការរស់នៅ ល្អអត់ ហើយគាត់ស្រឡាញ់ប្រទេសជាតិយើង ចេញពីបេះដូងអត់? នៅពេលថ្នាក់ដឹកនាំប្រទេសបានសម្លឹងឃើញហើយ ទើបយើងស្នើរសុំ បាន។ ប្រសិនជា យើង ឃើញថាបរទេសណា មិនស្រឡាញ់ប្រទេសយើង ចេញពីបេះដូង ទោះនៅយូប៉ុណ្ណា ក៏យើងមិនអាចឲ្យសញ្ជាតិបានដែរ។ អ្វី ដែលសំខាន់ យើងឲ្យកម្លាំងចិត្តទៅគាត់ ដើម្បីឲ្យគាត់បានបន្ដការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជា ទៅក្រៅប្រទេស។ ខ្ញុំ ឃើញថា គាត់ស្រឡាញ់ប្រទេសខ្មែរយើង។ គាត់ស្រឡាញ់គុនខ្មែរយើង។ ខ្ញុំ ជឿថា គាត់នឹងយកគុនខ្មែរឲ្យប្រទេសលើពិភពលោក បានឃើញកាន់តែច្រើន។ »។ លោក ស្រី ចាន់ថន បាននិយាយដូច្នេះ។
 
ដោយឡែក អ្នកគាំទ្រជាច្រើនសង្កេតឃើញថា កីឡាករបរទេស ដែលទទួលបានសញ្ជាតិខ្មែរ តែងធ្លាក់ទម្រង់ប្រកួត ដូចជា ម៉ានូ សិល្បៈ (Emmanuel Onyedikachi), សែន ចាន់រិទ្ធីគុណ (Thiago Teixeira), សែន ចាន់រិទ្ធិស័ក្ដិ (Alexandro Mendonca) ជាដើម។ ក្រៅអំពីកីឡាករ៣រូបនេះ វ៉ែន រដ្ឋា កីឡាករប្រដាល់សកលមានដើមកំណើតនៅគុយបាមួយរូប ក៏បានសញ្ជាតិខ្មែរ ហើយបានដណ្ដើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ផងដែរ។
 
«ចំពោះករណីឈានដល់ការដកសញ្ជាតិវិញ លុះត្រាតែកីឡាករទាំងនោះ បានប្រព្រឹតខុសច្បាប់ប្រទេសធ្ងន់ធ្ងរ ដែលបានបណ្ដាលឲ្យប៉ះពាល់ដល់មុខមាត់ជាតិ ចំពោះករណីមិនហ្វឹកហាត់ និងមិនប្រឹងប្រែងអភិវឌ្ឍខ្លួន គឺមិនដល់ថ្នាក់ត្រូវដកសញ្ជាតិនោះទេ។»។ អនុប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិរូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ក្រៅអំពីកីឡាករប្រដាល់ ដែលទទួលសញ្ជាតិខ្មែរ ក៏មានកីឡាករអន្ដរជាតិមួយចំនួន ក៏ទទួលបានសញ្ជាតិផងដែរ ដូចជា Yudia Ogawa កីឡាករបាល់ទាត់ក្លិបភ្នំពេញក្រោន និង Privat Mbarga ជាដើម៕

Tag:
 ប្រដាល់គុនខ្មែរ
  Alexandro
  សែន ចាន់រិទ្ធិស័ក្ក
© រក្សាសិទ្ធិដោយ thmeythmey.com