ជាតិ
សេដ្ឋកិច្ច
Gordon បង្រៀនចំណេះដឹងហិរញ្ញវត្ថុ ដល់ជនជាតិដើមភាគតិច ដើម្បីបញ្ចៀសពីបំណុលវ័ណ្ឌក
20, Jan 2024 , 6:59 pm        
រូបភាព
អស់រយៈពេល៨ឆ្នាំហើយដែលបុរសជនជាតិអូស្រា្តលី Gordon  Paterson  បានចុះបង្រៀនពលរដ្ឋជនជាតិដើមភាគតិចដោយផ្ទាល់នៅខេត្តរតនគិរីលើចំណេះដឹងហិរញ្ញវត្ថុ។ ចំណេះដឹងហិរញ្ញវត្ថុដែល Gordon ផ្តល់ឱ្យពលរដ្ឋជនជាតិដើមភាគតិចនោះ មានការគ្រប់គ្រងចំណាយចំណូលក្នុងគ្រួសារ, ការបែកចែងរវាងកម្ចីផ្លូវការ និងក្រៅផ្លូវការ, ការគ្រប់គ្រងបំណុល និងការរៀបចំផែនការសន្សំប្រាក់សម្រាប់គ្រួសារ ជាដើម។ បុរសជនជាតិអូស្រា្តលីរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ថា៖ «ការបង្រៀននេះ គឺដើម្បីជួយពួកគាត់កុំឱ្យធា្លក់ខ្លួនក្នុងស្ថានភាពបំណុលលើសលុប»។

 
មូលហេតុដែលធ្វើឱ្យ Gordon  Paterson   ចាប់អារម្មណ៍បណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីនេះ ដែលទាក់ទងនឹងបំណុល និងហានិភ័យ ក៏ព្រោះតែពលរដ្ឋជនជាតិដើមភាគតិចមានការអប់រំកម្រិតទាបជាងប្រជាជនធម្មតា។ « ទាក់ទងនឹងប្រាក់កម្ចី ព្រោះវប្បធម៌របស់ពួកគេមិនចាំបាច់សងនោះទេ ជាមូលហេតុចាប់តាំងពីឆ្នាំ ២០១៦ មក ខ្ញុំនិងសហការីរបស់ខ្ញុំ មើលឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកទីនេះ ហើយខ្ញុំមើលឃើញថា វាជាហានិភ័យសម្រាប់ពួកគេ បន្ទាប់មកយើងណែនាំ និងអប់រំពួកគេអំពីការគ្រប់គ្រងប្រាក់»។ នេះជាការលើកឡើងរបស់បុរសជនជាតិអូស្ត្រាលីរូបនេះ។
 
ដើម្បីជ្រាប់កាន់តែច្បាប់សូមទស្សនាវីដេអូសម្ភាសដែលលោក Gordon Paterson មន្ត្រីទំនាក់ទំនងសហគមន៍ស្នាក់នៅក្នុងខេត្តរតនគិរី និងធ្វើការជាមួយជនជាតិភាគតិចតាំងពីឆ្នាំ ១៩៩៥ ពន្យល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់ជនជាតិដើមភាគតិច ដូចតទៅ៖ 
 
 
ដោយមានការគាំទ្រពីស្ថានទូតកាណាដាប្រចាំរាជធានីភ្នំពេញ ធនាគារ ABA និងក្រុមហ៊ុនរ៉ែ Angkor Gold បានបង្កើតកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ស្របតាមធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់ជនជាតិដើមភាគតិចដែលងាយរងគ្រោះនៅតាមតំបន់ជនបទ ក្នុងខេត្តរតនគិរី។ Gordon  Paterson  បានបន្ថែមថា  សហគមន៍ជនជាតិ ដើមភាគតិចប្រមាណ ៩០ភាគរយ កំពុងទទួលយកប្រាក់កម្ចី ខណៈខ្លះទៀតយកកម្ចីពីគ្រឹះស្ថានផ្ដល់កម្ចីក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់ ភាគច្រើនជាប្រាក់កម្ចីគាំទ្រដល់ការធ្វើកសិកម្ម។

លោក Gordon Paterson មន្ត្រីទំនាក់ទំនងសហគមន៍ស្នាក់នៅក្នុងខេត្តរតនគិរី និងធ្វើការជាមួយជនជាតិភាគតិចតាំងពីឆ្នាំ ១៩៩៥
 
រហូតមកដល់ពេលនេះ លោក Gordon  Paterson   បើកវគ្គបណ្ដុះបណ្ដាលបានប្រមាណ៤០ថ្នាក់ហើយនៅក្នុងសហគមន៍ចំនួន ២៦។ ក្នុងមួយថ្នាក់ៗមានអ្នកចូលរួមពី ២៥ ទៅ ៤០ គ្រួសារ ។ លើសពីនេះ លោកបានបណ្តុះបណ្តាលគ្រូបង្គោលចំនួន៣៦នាក់ ដែលជាអ្នកបណ្តុះបណ្តាលផ្ទាល់នូវចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋជនជាតិដើមភាគតិចនីមួយៗ ដោយមានជនជាតិ ព្រៅ ចារាយ ទំពូន គួយ ក្រឹង ជាដើម៕ 






Tag:
 ចំណេះដឹងហិរញ្ញវត្ថុ
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com