ជាតិ
ពលរដ្ឋស្នើអាជ្ញាធរកំណត់ព្រំដីឃ្លាំងទឹកទំនប់៧៨ឱ្យជាក់លាក់ ស្របពេលក្រុមហ៊ុនឯកជនចូលទន្រ្ទាន
20, Jan 2024 , 10:19 pm        
រូបភាព
ដោយ៖ អ៊ីសា រ៉ហានី, ថោង ប្រណី
 
សៀមរាប៖ ពលរដ្ឋ៣សង្កាត់នៃក្រុងសៀមរាប ដែលកំពុងអាស្រ័យផលពីឃ្លាំងទឹកដ៏ធំមួយ នៅប៉ែកខាងក្រោមជាប់ទំនប់៧៨ ស្នើឱ្យអាជ្ញាធរជួយពន្លឿនកំណត់ព្រំដីឱ្យបានជាក់លាក់ ដើម្បីសហគមន៍ងាយស្រួលចំណាំ និងស្នើកម្មសិទ្ធិជូនសហគមន៍ទុកជាសម្បត្តិរួម។ ការទទូចនេះ ស្របពេលដែលមានក្រុមហ៊ុនឯកជន បានចូលទៅឈូសឆាយ លើកទំនប់ និងជីកអាចម៍ដី យ៉ាងអណាធិបតេយ្យ ។ ពលរដ្ឋបារម្ភថា ឃ្លាំងទឹកដែលជាប្រភពទឹកស្រែប្រាំងរបស់ពលរដ្ឋ នឹងបាត់បង់នាពេលអនាគត។



ផ្ទៃដីស្រែប្រាំងរាប់រយហិកតារបស់ពលរដ្ឋ៣សង្កាត់នៃក្រុងសៀមរាប មានសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប និងសង្កាត់សំបួរ លាតសន្ធឹងដាច់កន្ទុយភ្នែក ស្ថិតនៅប៉ែកខាងក្រោមជាប់បឹងទន្លេសាប។ ស្រែប្រាំងរបស់ពលរដ្ឋទាំងនោះ ពឹងប្រភពទឹកសំខាន់ពីឃ្លាំងទឹកបុរាណមួយ ដែលអ្នកភូមិអះអាងថា ត្រូវបានកសាងលើកនៅសម័យខ្មែរក្រហម។ 
 
 
តំណាងពលរដ្ឋមួយរូប គឺលោក សូរ ស៊ីភាព មានក្ដីកង្វល់ជាខ្លាំង ខ្លាចឃ្លាំង ទឹកដែលជាប្រភពទឹកសំខាន់សម្រាប់ស្រែប្រាំងពួកគេ នឹងបាត់បង់នាថ្ងៃណាមួយ នៅពេលដែលក្រុមហ៊ុនឯកជន ចូលមកកាន់កាប់ ដោយគ្មានអ្នកដឹងឮ។ លោកបន្តថា ប្រជាពលរដ្ឋតែងរាយការណ៍ករណីខាងលើនេះទៅអាជ្ញាធរ ហើយជាការឆ្លើយតប អាជ្ញាធរតែងចុះជួយទប់ស្កាត់ជានិច្ច តែសកម្មភាពទន្រ្ទានកាន់កាប់នៅមានដដែល។ 
 
លោក ស៊ីភាព លើកឡើងដូច្នេះថា៖« បើអត់ឃ្លាំងទឹកនេះ ប្រជាពលរដ្ឋយើងមិនដឹងរស់បែបម៉េចទេ ព្រោះស្រែវស្សាអត់មានទេ ធ្វើតែស្រែប្រាំងម្ដងហូបមួយខួបប្រាំងវិញ»។ មានវ័យ៤៣ឆ្នាំ លោក ស៊ីភាពបន្ថែមថា៖« បើក្រុមហ៊ុនឯកជនចេះតែទន្រ្ទានយកប្រជាពលរដ្ឋ អត់មានទឹកប្រើប្រាស់ទេ បើអត់ទឹកធ្វើស្រែប្រាំងទេ ប្រជាជនមានតែចំណាកស្រុកហើយ បែកប្រពន្ធបែកកូនពេញវាល វាគ្រោះថ្នាក់ធំណាស់សម្រាប់ឃ្លាំងទឹកនេះ»។


 
ប្រជាពលរដ្ឋទទូចសុំឱ្យអាជ្ញាធរពន្លឿនចុះកំណត់ព្រំដីឃ្លាំងទឹកឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការទន្រ្ទានរបស់ឯកជន។ ទន្ទឹមនេះនឹង សហគមន៍ក៏មានគម្រោងអភិរក្ស និងអភិវឌ្ឍន៍ឃ្លាំងទឹកដែលជាសម្បត្តិរួមនេះ ជាតំបន់អេកូទេសចរណ៍ ទាញចំណូលសម្រាប់អ្នកភូមិផងដែរ។ 

ករណីនេះលោក ស៊ីភាព ពន្យល់ថា៖« ឃ្លាំងទឹកនេះមានសក្កានុពលច្រើន ដូចជាទឹកស្រោចស្រពស្រែប្រាំង នេសាទត្រី ដែលអ្នកភូមិផ្សេងទៀតក្រៅពីតំបន់នេះក៏អាចមកអាស្រ័យផលដែរ មានរុក្ខជាតិទឹកច្រើនប្រភេទ ពិសេសកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាត»។ 
 
រីឯតំណាងសហគមន៍សង្កាត់សៀមរាប លោក ពេជ្រ សុខុម បានឱ្យដឹងថា សកម្មភាពក្រុមហ៊ុនឯកជន ចូលទន្រ្ទានដីឃ្លាំងទឹកទំនប់៧៨នេះ ចាប់ផ្តើមកើតមានពីឆ្នាំ២០១៤ និង២០១៥មកដល់បច្ចុប្បន្ន។ កន្លងមកពលរដ្ឋក៏បានចុះទប់ស្កាត់ជារឿយៗដែរ តែពេលស្ងប់ស្ងាត់បន្ដិច ក្រុមហ៊ុនទាំងនោះ នៅបន្តសកម្មភាពដដែល ដោយគ្មានខ្លាចរអាអាជ្ញាធរឡើយ។ 

ក្នុងនាមពលរដ្ឋដែលកំពុងអាស្រ័យផលពីឃ្លាំងចាស់នេះមួយរូប លោក សុខុម ស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាទាំងនោះ ធ្វើយ៉ាងណាកំណត់ព្រំដីឃ្លាំងទឹកឱ្យបានច្បាស់លាស់ ដោយខ្លាចទៅអនាគតឃ្លាំងទឹកនេះ នឹងត្រូវពុះជាចំណិតៗគ្រប់គ្រងដោយអ្នករកស៊ី ឬអ្នកមានអំណាច។

លោក យុំា វី វ័យ៦៥ឆ្នាំ ដែលជាចាស់ទុំដឹងប្រវត្តិនៃការកសាងឃ្លាំងទឹកទំនប់៧៨ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ ប្រជាជនប្រុសស្រី ដែលបានត្រូវចាត់តាំងឱ្យលើកទំនប់នេះ។ លោក យុំា វី រំឭកថា៖« ដល់តែលើករួច ធ្វើស្រែមិនទាន់ច្រូតផង ក៏វាយដាច់៧៩។ ក្រោយ៧៩ ប្រជាជនដែលគេជម្លៀសទៅចូលស្រុកវិញ បានទំនប់នេះបន្សល់ទុកឱ្យប្រជាជនធ្វើស្រែរហូតដល់សព្វថ្ងៃ»។



លោក បន្ថែមថា៖« ដល់ឃើញក្រុមហ៊ុនមកឆ្វែលហ៊ុំយក អ្នកស្រុកងឿងឆ្ងល់ ម៉េចបានដីឃ្លាំងទឹកយើងប្រើការ មានគេបិទហ៊ុំយក ទើបបងប្អូននេះចេះតែសួរគ្នាទៅមិនដឹងថាអ្នកណាលក់ឬមិនលក់ បាននាំគ្នាសួរទៅសង្កាត់ គេប្រាប់តែក្រុមហ៊ុនយក តែមិនដឹងអ្នកលក់»។

អភិបាលរងក្រុងសៀមរាប លោក ហាយ យ៉ុង បានបកស្រាយថា មិនមានក្រុមហ៊ុនឯកណាទៅកាន់កាប់ ដីឃ្លាំងទឹកឡើយ។ អ្នកដែលចូលទៅលើកទំនប់ និងសង់ផ្ទះជាដើមនោះ គឺម្ចាស់ដីដែលគេអាស្រ័យផលយូរមកហើយ។ 

លោក ហាយ យ៉ុង ពន្យល់មកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖« ដោយសារការទាមទាររបស់ពួកគាត់ សុំពង្រីកវិសាលភាពនៃឃ្លាំង វាប៉ះពាល់ដល់ការកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ ការពិតឃ្លាំងជាទូទៅខាងសង្កាត់កំណត់ត្រឹមប្រឡាយធំ តែពលរដ្ឋសុំពង្រីកដល់លើទៀត អ៊ីចឹងវាចូលលើដីប្រជាពលរដ្ឋមួយចំនួន ទើបបានម្ចាស់ដីខ្លះ គាត់ចូលទៅអាស្រ័យផល គាត់មានការជីកជាប្រឡាយ ហើយខាងសហគមន៍ទាមទារមិនឱ្យជីក មិនឱ្យធ្វើទេ គាត់ទាមទារទុកជាឃ្លាំង អ៊ីចឹងវាបាត់ប្រយោជន៍ដូចគ្នារវាងពលរដ្ឋ និងពលរដ្ឋ ដែលគាត់កាន់កាប់អាស្រ័យផលមកយូរហើយ»។

បន្ថែមពីនេះ លោក ហាយ យ៉ុង ស្នើឱ្យពលរដ្ឋមានការអត់ធ្មត់ ចំណែករឿងកំណត់ព្រំប្រទល់ឃ្លាំងទឹក អាជ្ញាធរពាក់ព័ន្ធកំពុងពន្លឿនការងានេះហើយ។
គួរបញ្ជាក់ថា តាមការលើកឡើងរបស់សហគមន៍ បច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនឹង ឃ្លាំងទឹកទំនប់៧៨មាន៣សង្កាត់ ក្នុងនោះសង្កាត់ស្វាយដង្គំ មាន៧ភូមិ សង្កាត់សៀមរាប ៨ភូមិ និងសង្កាត់សំបួរ៨ភូមិ៕


 

Tag:
 ឃ្លាំងទឹកទំនប់៧៨
© រក្សាសិទ្ធិដោយ thmeythmey.com