ជាតិ
កុមារម្នាក់ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា សង្រ្គោះជីវិតបានជោគជ័យ ដោយវះកាត់អស់ ១៦ដង
20, Jan 2024 , 4:19 pm        
រូបភាព
កុមារដែលត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាជួយសង្រ្គោះជីវិតដោយវះកាត់ចំនួន១៦ដង នៅកណ្តាល។ រូបថត៖  មូលនិធិគន្ធបុប្ផាកម្ពុជា
កុមារដែលត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាជួយសង្រ្គោះជីវិតដោយវះកាត់ចំនួន១៦ដង នៅកណ្តាល។ រូបថត៖ មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ គន្ធបុប្ផា មន្ទីរពេទ្យគន្ធបុប្ផា ប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងការសង្គ្រោះជីវិតកុមារម្នាក់មកពីខេត្តតាកែវ ដែលរងគ្រោះដោយសារការឆាបឆេះភ្លើងដោយរលាកដងខ្លួនប្រមាណ៧០ភាគរយ ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។ កុមារនោះត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា វះកាត់បក និងលាងស្បែកចំនួន១៦ដង។ នេះបើយោងការចុះផ្សាយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៨មករា។



មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានខំព្យាបាលដោយការវះកាត់បក និងលាងស្បែករហូតដល់១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ៥ប្លោក ជាមួយនឹងការថែទាំយ៉ាងដិតដល់ក្នុងរយៈពេល៤៦ថ្ងៃ ទើបកុមាររូបនេះ រួចផុតពីសេចក្តីស្លាប់ និងអាចត្រឡប់ទៅផ្ទះវិញបានក្នុងស្ថានភាពប្រសើរ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំមើលការខុសត្រូវចំពោះកូនៗ ឲ្យបានម៉ត់ចត់ ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុនានា។

គួររម្លឹកថា កាលពីចុងឆ្នាំ២០២៣ គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា ធ្លាប់ជោគជ័យក្នុងការវះកាត់ទារកកើតមកមានអវៈយវៈមិនប្រក្រតី។ ទារកអាយុ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកដៃ៤ ជើង៤ និងមានរន្ធគូទត្បៀតជិត (Anal imperforation) ត្រូវក្រុមគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៣) វះកាត់ទទួលបានយ៉ាងជោគជ័យ។ ក្រោយវះកាត់ និងកព្យាបាលរួចទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)៕

© រក្សាសិទ្ធិដោយ thmeythmey.com