កីឡាជាតិ
ជាតិ
វិសាខា បន្តឈរកំពូលតារាង, អង្គរក្សឈ្នះទាំងលំបាក រីឯកណ្តាល ពោធិ៍សាត់សល់ឱកាសស្តួចស្តើង
22, Jan 2024 , 2:06 pm        
រូបភាព
សមាគមបាល់ទះវិសាខា ជាក្រុមជើងខ្លាំងប្រចាំការប្រកួត ហើយបន្តឈរនៅចំណាត់ថ្នាក់កំពូលតារាង​ ក្រោយយកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ ៣ ដោយលទ្ធផល ៣ សិតទល់ ០ នាការប្រកួតលីគបាល់ទះ«តេជោលីគ»ថ្ងៃទី២១ ខែមករា នៅក្នុងសាលវិមានអូឡាំពិក។ ក្លិបបញ្ជាការដ្ឋានអង្គ ឈ្នះការប្រកួតទាំងលំបាកនៅសប្តាហ៍ទី២ នៃជុំទីមួយ ខណៈដែលស្នងការដ្ឋានខេត្តកណ្តាល និងស្នងការដ្ឋានខេត្តពោធិ៍សាត់ នៅសល់ឱកាសស្តួចស្តើង ក្នុងការស្វែងរកឱកាសទៅជុំបន្ទាប់។



ឆ្លង់កាត់ការប្រកួតសប្តាហ៍ទី២ ជុំទីមួយ វិសាខា នៅតែបន្តភាពខ្លាំងរបស់ពួកគេ ដោយបំបាក់ដៃគូនៅក្នុងលទ្ធផល ៣ សិតទល់ ០ ជាប់គ្នាៗ ៥ប្រកួត។ ៣ប្រកួតក្នុងសប្តាហ៍ទី២ វិសាខា ប្រកួតឈ្នះលើក្រុមក្លិបបាល់ទះខេត្តព្រះសីហនុ លទ្ធផលសិត ៣-០ (២៥-១៣, ២៥-១៩, ២៥-១៨), ឈ្នះក្លិបស្នងការដ្ឋានរាជធានីភ្នំពេញ លទ្ធផលសិត ៣-០ (២៥-១៩, ២៥-១៣, ២៥-២០) និងឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ ៣ លទ្ធផលសិត ៣-០ (២៥​-២២, ២៥​-១៥, ២៥-២៣)។ 
 
វិសាខា ចំណាត់ថ្នាក់លេខ ១ ឆ្លងកាត់ ៥ប្រកួត ឈ្នះ ៣ សិតទល់ ០ ទាំងអស់ រកបាន ១៥ពិន្ទុក្នុងដៃ ខណៈដែលតាមពីក្រោយ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅចំណាត់ថ្នាក់លេខ​២ មាន ១៣ពិន្ទុ។ 
  


បញ្ជាការដ្ឋានអង្គរក្ស ប្រកួតនៅសប្តាហ៍ទី២ ហាក់ជួបការប្រកួតដ៏តឹងតែង ទោះបីទទួលជ័យជម្នះក្តី។ ៣ប្រកួតចុងក្រោយ អង្គរក្សបញ្ចប់លទ្ធផលឈ្នះសមាគមក្រសួងមហាផ្ទៃសិត ៣-២ (២៥-១៥, ៤១​-៤៣, ២៥-២២, ២៣-២៥, ១៥-៩), ឈ្នះលើស្នងការដ្ឋានខេត្តពោធិ៍សាត់ លទ្ធផលសិត ៣-១ (២៥-២៣, ២៥-២១, ៣៣--៣៥, ២៥-១៤) និងឈ្នះលើស្នងការដ្ឋានរាជធានីភ្នំពេញ ទាំងលំបាក់លទ្ធផលសិត ៣-២ (២៥-២៣, ២៥-១៩, ២១-២៥, ២១-២៥, ២៣-២១)។
 
តាមពីក្រោយបញ្ជាការដ្ឋានអង្គរក្សនេះ ក្រសួងមហាផ្ទៃជាក្រុមខ្លាំងមួយសិ្ថតនៅចំណាត់ថ្នាក់លេខ ៣ មាន ១៣ពិន្ទុ ដូចគ្នា។ ក្រសួងមហាផ្ទៃចាញ់ការប្រកួតក្រោមថ្វីដៃរបស់បញ្ជាការដ្ឋានអង្គរក្ស កាលពីថ្ងៃទី១៩ ខែមករា លទ្ធផលសិត ២-៣ ប៉ុន្តែពួកគេត្រឡប់វិញឈ្នះលើស្នងការដ្ឋានខេត្តកណ្តាលលទ្ធផលសិត ៣-០ និងឈ្នះលើក្លិបាល់ទះខេត្តព្រះសីហនុលទ្ធផលសិត ៣-០។ 
  


កងពលធំលេខ ៣ ឈរនៅចំណាត់ថ្នាក់លេខ ៤​ មានត្រឹមតែ ៦ពិន្ទុ ពីការប្រកួតចំនួន ៥លើកកន្លងមក ឈ្នះ ២ និងចាញ់ ៣ ប្រកួត ដូចទៅនឹងក្រុមស្នងការដ្ឋានរាជធានី ដែលមាន ៦ពិន្ទុដូចគ្នា ឈរនៅចំណាត់ថ្នាក់លេខ ៥។ ក្លិបបាល់ទះខេត្តព្រះសីហនុ ឈរនៅចំណាត់ថ្នាក់លេខ ៦ មាន ៤ពិន្ទុក្នុងដៃ ដែលឈ្នះ ១ប្រកួត និងចាញ់ ៤ប្រកយត ដូចទៅនឹងក្រុមស្នងការដ្ឋានខេត្តពោធិ៍សាត់ ប៉ុន្តែមានត្រឹម ៣ពិន្ទុ ហើយស្នងការដ្ឋានខេត្តកណ្តាល ចាញ់ ៥ប្រកួតជាប់គ្នា ដោយលទ្ធផលសិត ៣-០ ទាំង ៥លើក។
 
ស្នងការដ្ឋានខេត្តកណ្តាល និងពោធិ៍សាត់ ទាំងពីរឈរនៅតំបន់បាតតារាង នៅសល់ឱកាសស្តួចស្តើងបំផុត ដើម្បីអាចបន្តដំណើរទៅកាន់ជុំទី២ ខណៈដែលនៅសល់ ២ប្រកួតចុងក្រោយ នៅក្នុងជុំទី១។ ការប្រកួតជុំទី១ យកក្រុមចំនួន ៦​ ក្នុងចំណោម ៨ក្រុម ដែលត្រូវឡើងទៅកាន់ជុំទី២ ដោយត្រូវប៉ះគ្នាវិលជុំដដែល ដើម្បីប្រកួតប្រជែងបន្តក្នុងការស្វែងរកក្រុមខ្លាំងចំនួន ៤ ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ២ក្រុម ទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕





Tag:
 បាល់ទះ
  តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com