ជាតិ
ទោះបី​ឈឺ​ជើង​លោក ប៊ូ សារឿន នៅតែ​ទៅ​ចូលរួម​កម្មវិធី​«​សំណេរ​អង្គរ​»
24, Jan 2024 , 7:07 pm        
រូបភាព
លិខិតមិត្តអ្នកអាន ពីលោក ប៊ូ សារឿន អ្នកចូលរួម​កម្មវិធី​«សំណេរអង្គរ»

​ដោយ​ការពេញចិត្ត​ចំពោះ​កម្មវិធី​នេះ ក៏​សរសេរ​អត្ថបទ​ខ្លី​នេះ​ចែក​បងប្អូន​អាន​លេង និង​ទុកជា​បទពិសោធន៍​សម្រាប់​ការប្រឡង​លើក​ក្រោយ​។​



​ត​ស់​! អាន​

​កំពុងតែ​ជក់ចិត្ត​ដិតអារម្មណ៍​ជាប់​នឹង​សម្រស់​ធម្មជាតិ​តាម​ដងផ្លូវ​ឆ្ពោះទៅកាន់​អង្គរវត្ត យើង​ក៏បាន​ទៅដល់​ប៉ុស្តិ​ត្រួតពិនិត្យ​មួយ​ដែល​ហាមឃាត់​មិនឱ្យ​ឡាន និង​ម៉ូតូ ចូលទៅ​បរិវេណ​មុខ​ទីលាន​អង្គរ​។ ទាំង​ខ្ញុំ ទាំង​អ្នកផ្សេងៗ​ទៀត បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដើរ​ដៅ​សំដៅ​ទៅរក​ទីតាំង​ដែល​បានកំណត់ នោះ​គឺ​ស្ពាន​ហាលមុខ​អង្គរវត្ត​ដែល​ទើប​ស្តារ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នាពេល​ថ្មីៗ​នេះ​។

​ដោយមាន​ឈើច្រត់​ធ្វើ​ពី​ឫស្សីព្រៃ​ជួយ​ទប់​លំនឹង​ជើង​ខាងឆ្វេង ខ្ញុំ​បាន​ឡើងដល់​លើ​ស្ពាន​ហាល​ជា​ស្ថាពរ​។ ពេល​ឡើងដល់ អ្វីដែល​ទាក់ទាញ​ភ្នែក​ខ្ញុំ​ដំបូង គឺ​ការរៀបចំ​កៅអី​ដែលមាន​ភ្ជាប់​ធ្នាក់​បន្ទះក្តារ​សម្រាប់​ដាក់​សៀវភៅ ឬ​ក្រដាស​សម្រាប់​សរសេរ រាប់រយ​តម្រៀប​គ្នា​ជា​ជួរៗ​យ៉ាង​មាន​របៀប​។ នៅខាងមុខ​កៅអី មាន​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ​មាន​សរសេរ​អក្សរ​ធំៗ​ថា «​សំណេរ​អង្គរ​»  និង​អមដោយ​ប្រយោគ​មួយ​ល្បះ​គឺ «​ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ថ្នាក់ជាតិ​លើកដំបូង​នៅ​កម្ពុជា​»  រំលេច និង​លម្អ​ដោយ​ស្លាក​សញ្ញា​សម្គាល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា រួមទាំង​ក្រុមហ៊ុន​ឯកជន​ដែល​បានផ្តល់​ការគាំទ្រ​ដល់​កម្មវិធី​នេះ​។



 
​ប្រហែល​ដោយសារ​ខ្ញុំ​មាន​វ័យ​ចំណាស់​ជាងគេ​បន្តិច អ្នករៀបចំ​បាន​សួរ​បញ្ចា​ក់ថា ខ្ញុំ​ជា​បេក្ខជន ឬ​ជា​ក្រុមការងារ​រៀបចំ ឬ​មកពី​ក្រុមហ៊ុន​ឯកជន​ណាមួយ​។ បន្ទាប់ពី​ដឹងថា ខ្ញុំ​ជា​បេក្ខជន​មក​ប្រលង ក្មួយៗ​ក៏​ចង្អុល​ទៅ​កៅអី​ដែល​ដាក់​តម្រៀប​ជា​ជួរៗ​ស្រេច រួច​ប្រាប់ថា លោក​អ៊ំ​អាច​ជ្រើសរើស​ដោយ​សេរី ចង់​អង្គុយ​ទីណា​ក៏បាន​។

​ប្រហែល​ធ្លាប់ជា​អតីត​អ្នកកាសែត ខ្ញុំ​ក៏​ជ្រើស​រើសយក​កន្លែង​ដែល​នៅ​ជិត​ឧបករណ៍​បំពង​សម្លេង ឬ​ហៅ​តាមបែប​អ្នកស្រុក​ថា មេក្រូ ដែល​អាច​ឮ​ច្បាស់​ពេល​អ្នករៀបចំ​ប្រកាស​កម្មវិធី ឬ​អាន​អត្ថបទ​សរសេរ​តាម​អាន​។​

​ពិតជា​គួរឱ្យ​កោតសរសើរ​ពេក​ក្រៃ ដែល​បេក្ខជន​ភាគច្រើន​លើសលប់​បានមក​ដល់ទី​តាំង​ប្រលង​មុន​ម៉ោង​កំណត់​។ ពិតមែនតែ​ព្រះអាទិត្យ​មិនទាន់​រះ​មកលើ​ដែនដី​នៃ​ខេត្តសៀមរាប តែ​កាំរស្មី​បាន​ជះ​ពន្លឺ​ពណ៌​មាស​ព្រាងៗ ចាំង​មកលើ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដែល​នៅក្រោយ​ខ្នង​បេក្ខជន​ទាំងអស់​។ នៅ​ទីនោះ វាយោ​បាន​បក​មក​ត្រសៀកៗ​នាពេល​ព្រឹក​ព្រលឹម រួម​និង​ទឹកសន្សើម​ដិតដាម​ស្នាម​ជាប់​នឹង​កៅអី​ផង​នោះ បាន​ជះ​ចំហាយ​ត្រជាក់​មក​ប៉ះ​សរពាង្គ​រាងកាយ​របស់​យើងទាំងអស់គ្នា​។ សំណាង​ដែរ ខ្ញុំ​មាន​ក្រមា​ខ្មែរ​រុំ​ក ដែល​អាច​ផ្តល់​ភាពកក់ក្តៅ​បាន​មួយកម្រិត​។

​អំឡុងពេល​អង្គុយ​រង់​ចាំ ខ្ញុំ​ក៏​នឹកឃើញ​ដល់​រឿងបុរាណ​ចិន​ដែលមាន​បេក្ខជន​មកពី​តំបន់​ឆ្ងាយៗ ស្ពាយ​បង្វិច​មក​ប្រលង​នៅ​រាជធានី​ឬ​នៅ​រាជវាំង​ដើម្បី​ធ្វើជា​មន្ត្រី​។ ពេល​នឹក​ដល់​រឿង​នោះ ខ្ញុំ​ក៏​លួច​អស់សំណើច​ក្នុង​ចិត្ត​ម្នាក់ឯង​។

​ជាធម្មតា​ខ្ញុំ​តែងតែ​ភ័យ​បុក​ពោះ​ពេល​ម៉ោង​ប្រលង​ជិត​មកដល់​។ ប៉ុន្តែ​លើក​នេះ បែរ​ជាមាន​អារម្មណ៍​រំភើប សប្បាយរីករាយ​ទៅវិញ ពិសេស​ពេលដែល​សម្លឹងមើល​ទៅខាង​ឆ្វេង​ដៃ​ខ្ញុំ ដែលមាន​កូនស្រី​ទី​២ និង​ស្វាមី​របស់គាត់ កូនស្រី​ទី​១ និង​ក្មួយ កំពុង​អង្គុយ​ប្រលង​ដែរ​។ ពេលនោះ​ខ្ញុំ​ក៏​គិតក្នុងចិត្ត​ថា វា​ជា​រឿង​មិនធម្មតា ដែល​ឳ​ពុក​មក​អង្គុយ​ប្រលង​ជាមួយ​កូនៗ​។​


 

​ដល់​ម៉ោង​ប្រឡង ព្រះអាទិត្យ​ក៏បាន​ផ្តើម​លូន​ឡើង​សន្សឹមៗ​ជះ​ពន្លឺ​ដ៏​ស្រទន់​មកលើ​ប្រាសាទអង្គរវត្ត និង​បេក្ខជន​យើង​។ ជារឿយៗ ខ្ញុំ​តែងតែ​ក្រឡេកមើល​ទៅក្រោយ លួច​គយគន់​ពន្លឺព្រះអាទិត្យ​យ៉ាង​ជក់ចិត្ត ស្ទើរ​តែ​ភ្លេច​ស្តាប់​ការអាន​របស់លោក​ជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលមាន​តួនាទី​ជា​អ្នកអាន​សំណេរ​អត្ថបទ​សម្រាប់​ប្រលង​សរសេរ​តាម​អាន​នេះ​។​

​មុន​ចាប់ផ្តើម​សរសេរ​តាម​អាន លោកជំទាវ បាន​អាន​អត្ថបទ​ដែល​ត្រូវ​ប្រលង​ឱ្យស្តាប់​មួយ​ចប់​សិន​។ ពេលនោះ​ហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ប្របល់​បន្តិច​ដោយមាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ខ្លួនឯង​ថា តើ​ពាក្យ​នោះ មាន «​រ​» ឬ​អត់ «​រ​»  ឧទាហរណ៍ អូរ ឬ​បឹងបួ ហើយ​ថា​តើ​ពាក្យ​ណា​ត្រូវ​ប្រើ​យុគលពិន្ទុ (​ៈ​) ឬ​ស្រះ​«​ះ​» តួយ៉ាង​ដូចជា លក្ខណៈ និង​រតនសម្បត្តិ ឬ​ពាក្យ​ណា​មាន​សំយោគសញ្ញា ឬ​អត់​មាន​សំយោគសញ្ញា ដូចជា បេតិកភណ្ឌ ជាដើម​។ ពេល​សរសេរ ខ្ញុំ​ដឹងថា​ខ្ញុំ​សរសេរ​មិនត្រូវ​តាម​ក្បួនខ្នាត​អក្សរសាស្ត្រ​ខ្មែរ​ទេ ដូចជា «​ិ​» សរសេរ​អត់​ប្រហោង «​ង​» សរសេរ​អត់​មាន​ក្បាល និង​គួច​ខាងលើ ហើយ​ជើង «​្ន​» ខ្ញុំ​សរសេរ​អាច​ច្រឡំ​នឹង​ជើង «​្ឋ​»  ឬ​ជើង​«​្ច  ្ជ  ្ទ​» ស្រដៀង​គ្នា ។​ល​។​

ពេលអាន យើងក៏ឮសម្លេងល្វើយៗជះត្រឡប់ ឬសម្លេងឡង ចេញមកពីប្រាសាទអង្គរវត្ត ហាក់បីដូចជាប្រាសាទនេះកំពុងតែនិយាយមករកបេក្ខជនយើង ដែលធ្វើឱ្យខ្ញុំកាន់តែរំភើបនិងរកអ្វីមកប្រៀបពុំបានឡើយ។

​ពេល​កំពុង​សរសេរ​តាម​អាន ខ្ញុំ​ក៏បាន​សម្លឹងមើល​តាម​ខឿន​ស្រះ​ទឹកមុខ​ប្រាសាទអង្គរវត្ត​ដែរ ហើយ​បានឃើញ​បងប្អូន​អង្គុយ​លើ​ខឿន​នោះ​មាន​កាយវិការ​ឱន​ងើបៗ ហាក់ដូចជា​កំពុង​កត់ត្រា​អ្វីមួយ​។ ពេលនោះ ខ្ញុំ​ក៏បាន​សួរ​ខ្លួនឯង​ថា តើ​ពួកគាត់​សរសេរ​តាម​អាន​ដូច​ខ្ញុំ​ដែរ​ឬ​យ៉ាងណា​? ពិត​ដូច​ខ្ញុំ​បានគិត​មែន តាមរយៈ​សារព័ត៌មាន និង​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ផ្សព្វផ្សាយ​ក្រោយពេល​ប្រលង គឺ​ពួកគាត់​ពិតជា​បាន​ចូលរួម​សរសេរ​តាម​អាន​ដូច​ពួកយើង​ដែរ ប៉ុន្តែ​សំណេរ​របស់​ពួកគាត់​មិនបាន​កែ​ដោយ​លោកគ្រូ​និង​អ្នកគ្រូ​ជា​មេ​ប្រយោគ​ទេ​។


 
​វា​មិន​ចម្លែក​ទេ ដែល​ឈ្មោះ​ខ្ញុំ​មិនជា​ប់​ក្នុងចំណោម ២០​នាក់ ឬ​បេក្ខជន​ចាស់​ជាងគេ ឬ​បេក្ខជន​ដែល​អក្សរ​ស្អាត​ជាងគេ ព្រោះ​ខ្ញុំ​ជា​បេក្ខជន​ចាស់​ជាងគេ​ទី​៣​បន្ទាប់ពី​បងស្រី​ដែលមាន​អាយុ ៦៧​ឆ្នាំ ជា​អ្នកគ្រូ និង​បងប្រុស អាយុ​៦៤​ឆ្នាំ ស្កាត់​មកពី​បាត់ដំបង​ដែល​ភរិយា​គាត់​វេចបាយ​ឱ្យមក​ប្រលង និង​បានដាក់​អង្រឹង​មក​ដេក​ក្បែរ​អង្គរវត្ត ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​។ ខ្ញុំ​សរសេរ​អក្សរ​មិន​ស្អាត​ហើយ​ខ្វៀក​ទៀត ហើយក៏​ដឹង​ខ្លួនឯង​ថា​មាន​កំហុស​អក្ខរាវិរុទ្ធ​បន្តិចបន្តួច​ដែរ​។​

​ចេញពី​បេះដូង​ដោយស្មោះ ខ្ញុំ​ពិតជា​ចូលរួម​អបអរសាទរ​ប្អូនៗ ក្មួយៗ​ដែល​ទទួលបាន​ជ័យលាភី និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ឬ​លួង​ចិត្ត ហើយក៏​សូម​អរគុណ​បេក្ខជន​ទាំងអស់​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា​ដ៏​មានតម្លៃ ទាំង​ថវិកា​ផ្ទាល់ខ្លួន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ជាមួយគ្នានេះដែរ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ជា​អនេក​ដល់​អ្នករៀបចំ​ក​ម្ម​វិធី និង​អ្នកគាំទ្រ​ទាំងអស់​ដែល​បានធ្វើឱ្យ​កម្មវិធី​ដំបូង​នេះ​កើតមានឡើង ហើយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​រៀបចំ​កម្មវិធី​ប្រលង​សរសេរ​តាម​អាន​បែបនេះ​ជា​រៀងរាល់ឆ្នាំ និង​អាច​ក្លាយជា​ទិវា​ជាតិ​សរសេរ​តាម​អាន​មួយ ដូច​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដើម្បី​ជួយ​ថែរក្សា​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ដែលជា​អត្តសញ្ញាណ​របស់​ជាតិ​យើង​៕

​រួមគ្នា​ថែ​ក្សា​អក្សរសាស្ត្រ​ជាតិ និង​ផ្តើម​សរសេរ​អក្ខរាវិរុទ្ធ​ឱ្យបាន​ត្រឹមត្រូវ​!


© រក្សាសិទ្ធិដោយ thmeythmey.com