អន្តរជាតិ
ប្រមុខការពារជាតិកូរ៉េខាងត្បូង គំរាមបញ្ចប់របបក្រុងព្យុងយ៉ាងតែម្តង បើហ៊ានធ្វើសង្គ្រាម
25, Jan 2024 , 11:09 am        
រូបភាព
លោក Shin Won-sik រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង (ឆ្វេង) និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA និងYonhap
លោក Shin Won-sik រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង (ឆ្វេង) និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA និងYonhap
ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលប្រដេញយុទ្ធសាស្រ្តថ្មីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមករា បានប្រើពាក្យខ្លាំងៗជាថ្មីថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់របបរបស់ខ្លួន បើហ៊ានសម្រេចចិត្តជ្រើសយកសង្គ្រាម។

 
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកក្នុងការត្រួតពិនិត្យយន្តហោះចម្បាំងទី ១៧ នៅមូលដ្ឋានទ័ពអាកាស Cheongju ចម្ងាយ ១១២ គីឡូម៉ែត្រពីភាគខាងត្បូងទៅទីក្រុងសេអ៊ូល ប្រមុខការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik បានគំរាមចំៗទៅកាន់ប្រទេសជិតខាងខ្លួន ដែលទើបតែបាញ់មីស៊ីលជាច្រើនគ្រាប់ទៅសមុទ្រលឿង។ 
 
មូលដ្ឋានទ័ពអាកាសមួយនេះ ក៏ជាកន្លែងសម្រាប់យន្តហោះបំបាំងខ្លួនពីរ៉ាដា F-35 ចំនួន ៤០ គ្រឿងប្រតិបត្តិការផងដែរ។ 
 
«កូរ៉េខាងជើងបានកំណត់កូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួន និងបានរក្សាគោលនយោបាយជាសត្រូវក្រោមគោលដៅធ្វើឱ្យឧបទ្វីបកូរ៉េក្លាយជាកុម្មុយនីស្ត»។ លោក Shin និយាយបែបនេះ នៅថ្ងៃទី២៤ ខែមករា។ 
 
ជាមួយយន្តហោះចម្បាំងដ៏ទំនើបF-35 ជាច្រើនគ្រឿង មន្រ្តីកូរ៉េខាងត្បូងរូបនេះ ក៏បានប្រាប់អ្នកបើកបរយន្តហោះដ៏ខ្លាំងមួយនេះឱ្យសងសឹកយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមានការបង្កហេតុណាមួយដោយកូរ៉េខាងជើង តាមរយៈការជ្រៀតចូលបំបាំងកាយរបស់យន្តហោះចម្បាំង និងសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់។
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក Shin បានបន្លុយថា ប្រសិនមេដឹកនាំកូរ៉េខាងជើងជ្រើសយកការសង្រ្គាម របបក្រុងព្យុងយ៉ាង នឹងត្រូវបានបញ្ចប់តែម្តងក្នុងរយៈពេលដ៏ឆាប់រហ័ស។ នេះមិនមែនជាលើកទីមួយឡើយ ដែលប្រមុខការពារជាតិកូរ៉េខាងត្បូងគំរាមបញ្ចប់ការដឹកនាំរបស់កូរ៉េខាងជើង។ 
 
មុនការថ្លែងចំៗដោយមិនញញើតពីសំណាក់លោក Shin បែបនេះ អគ្គសេនាធិការចម្រុះ (JCS) បានរាយការណ៍ពីកូរ៉េខាងជើងបាន បាញ់មីស៊ីលជាច្រើនគ្រាប់ ទៅក្នុងសមុទ្រលឿងផងដែរ។ នៅថ្ងៃទី២៥ ខែមករា កូរ៉េខាងជើង បានបញ្ជាក់ថាខ្លួនបានបាញ់សាកល្បងបាញ់មីស៊ីលប្រដេញយុទ្ធសាស្រ្តថ្មីឈ្មោះ « Pulhwasal-3-31» ជាលើកដំបូង។ 
 
គួរបញ្ជាក់ថា យន្តហោះ F-35A ជាអាវុធដ៏សំខាន់សម្រាប់យោធាកូរ៉េខាងត្បូង ដោយសមត្ថភាពខ្ពស់ក្នុងការបំបាំងកាយ ឬមិនអាចឱ្យប្រព័ន្ធរលករ៉ាដាចាប់បាន ដែលការណ៍ នេះអនុញ្ញាតឱ្យមានការវាយប្រហារជាយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ។ កងទ័ពអាកាសកូរ៉េខាងត្បូង គ្រោងដាក់ពង្រាយ F-35A ចំនួន ២០ គ្រឿង បន្ថែមទៀតនៅឆ្នាំ ២០២៧៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com