សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតគ្រោងអនុញ្ញាតបើកហាងស្រាដំបូង សម្រាប់តែអ្នកការទូតមិនមែនមូស្លីម
25, Jan 2024 , 9:29 pm        
រូបភាព
អ្នកក្រឡុកស្រាជនជាតិលីបង់ Hadi Ghassan កំពុងរៀបចំភេសជ្ជៈមិនមែនអាល់កុលនៅហាងមួយកន្លែងនៅទីក្រុងរីយ៉ាដ ។ រូបភាព ៖ AFP
អ្នកក្រឡុកស្រាជនជាតិលីបង់ Hadi Ghassan កំពុងរៀបចំភេសជ្ជៈមិនមែនអាល់កុលនៅហាងមួយកន្លែងនៅទីក្រុងរីយ៉ាដ ។ រូបភាព ៖ AFP
អារ៉ាប៊ីសាអូឌីត បើកហាងស្រាដំបូងរបស់ខ្លួននៅទីក្រុងរីយ៉ាដ ដោយផ្តល់ជូនតែអ្នកការទូតដែលមិនមែនជាមូស្លីម ក្រោយរឹតត្បិតច្បាប់គ្រឿងស្រវឹងអស់រយៈពេលជាង ៧០ឆ្នាំ។

 
ហាងភេសជ្ជៈមានជាតិអាល់កុលដំបូងបើកនៅក្នុងតំបន់Diplomatic Quarter ដែលប្រមូលផ្តុំដោយស្ថានទូត និងនិវេសនដ្ឋានជនបរទេសក្នុងក្រុងរីយ៉ាដ ដែលជាផ្នែកនៃផែនការចក្ខុវិស័យ២០៣០ ដើម្បីកសាងសេដ្ឋកិច្ចដោយមិនពឹងផ្អែកលើប្រេង ដូចជាវិស័យទេសចរណ៍ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី២៤ ខែមករា។ 
 
នេះ​ជា​ហាង​ស្រា​ដំបូង​ដែល​បើក​នៅ​អារ៉ាប៊ីសាអូឌីត​ក្នុង​រយៈពេល​ជាង ៧០ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ១៩៥២ ដែលសារធាតុអាកុលត្រូវបានហាមឃាត់។
 
ហាងនេះ ផ្តល់សេវាជូនសម្រាប់តែអ្នកការទូតមិនមែនជាមូស្លីម។ មានតែអ្នកការទូតបរទេសដែលមានអាជ្ញាប័ណ្ណទេដែលអាចមកទីនេះដើម្បីទិញគ្រឿងស្រវឹង។ មន្ត្រីការទូតត្រូវតែចុះឈ្មោះជាសមាជិកតាមរយៈកម្មវិធីទូរស័ព្ទ និងទទួលបានលេខកូដបញ្ជាក់ពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត មុននឹងអាចទិញគ្រឿងស្រវឹងក្នុងបរិមាណមានកំណត់រៀងរាល់ខែ។
 
អ្នកការទូតដែលមកទិញគ្រឿងស្រវឹងនៅទីនេះ មិនត្រូវបានអនុញ្ញាតឱ្យនាំភ្ញៀវ ឬនរណាម្នាក់ដែលមានអាយុក្រោម ២១ ឆ្នាំឡើយ ហើយការថតរូបនៅក្នុងហាងក៏ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងផងដែរ។ នៅពេលដែលអតិថិជនមកទីនេះដើម្បីទិញទំនិញ ពួកគេនឹងត្រូវបានស្នើសុំឱ្យរក្សាទូរស័ព្ទរបស់ពួកគេនៅក្នុងប្រអប់ចាក់សោ។
 
មន្ត្រី​អារ៉ាប៊ីសាអូឌីត​បាន​និយាយ​ថា ​ហាង​នេះ​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​«ការ​ជួញ​ដូរ​គ្រឿង​ស្រវឹង​ខុស​ច្បាប់»។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកការទូតដែលធ្វើការនៅអារ៉ាប៊ីសាអូឌីត ត្រឹមតែអាចនាំយកគ្រឿងស្រវឹងនៅក្នុងថង់ការទូតដែលបិទជិតតូចមួយប៉ុណ្ណោះ។
 
អារ៉ាប៊ីសាអូឌីតបានអនុវត្តច្បាប់គ្រឿងស្រវឹងយ៉ាងតឹងរឹងចាប់តាំងពីឆ្នាំ ១៩៥២ បន្ទាប់ពីកូនប្រុសរបស់ស្តេច Abdulaziz ស្រវឹងហើយបានបាញ់សម្លាប់អ្នកការទូតអង់គ្លេសម្នាក់។ អ្នកដែលបំពានលើការហាមប្រាមគ្រឿងស្រវឹងអាចត្រូវបានលុបចោល ពិន័យ និរទេស ឬដាក់គុក។ យ៉ាងណាមិញ គ្រឿងស្រវឹងនៅតែត្រូវបានជួញដូរនៅលើទីផ្សារងងឹតនៅក្នុងប្រទេសនេះ។
 
ហាងស្រាដំបូងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អារ៉ាប៊ីសាអូឌីតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបើកវិស័យទេសចរណ៍ និងអាជីវកម្មដែលដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman។
 
អារ៉ាប៊ីសាអូឌីត បានបន្ធូរបន្ថយច្បាប់សង្គមដ៏តឹងរ៉ឹងរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុញ្ញាតឱ្យមានការធ្វើដំណើរមិនប្រកាន់សាសនា ការប្រគុំតន្ត្រី ការបើករោងកុន និងអនុញ្ញាតឱ្យស្ត្រីបើកបរ។ ផែនការ Vision 2030 ក៏ផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារក្នុងស្រុកផងដែរ៕

Tag:
 ស្រា
  អារ៉ាប៊ីសាអូឌីត
  ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com