RFI
អន្តរជាតិ
តុលាការជប៉ុនផ្ដន្ទាទោសប្រហារជីវិត ជនដែល​បង្កអគ្គិភ័យនៅស្ទូឌីយោ​​ភាពយន្តគំនូរជីវចល​​ក្យូតូ
26, Jan 2024 , 6:59 pm        
រូបភាព
អគារ​ស្ទូឌីយោផលិតភាពយន្តគំនូរជីវចល​ Kyoto Animation កំពុងឆាបឆេះដោយ​អណ្តាតភ្លើង ថ្ងៃទី១៨កក្កដា ២០១៩​ AP
អគារ​ស្ទូឌីយោផលិតភាពយន្តគំនូរជីវចល​ Kyoto Animation កំពុងឆាបឆេះដោយ​អណ្តាតភ្លើង ថ្ងៃទី១៨កក្កដា ២០១៩​ AP
ដោយ៖ម៉ម ពិសី/RFI

ករណីអគ្គិភ័យបង្កឡើងដោយ​ជនម្នាក់ នៅ​ស្ទូឌីយោផលិត​ភាពយន្តគំនូរជីវចលមួយ នៅទីក្រុង​ក្យូតូ កាលពីឆ្នាំ​២០១៩ បាន​ធ្វើឲ្យ​ជប៉ុន​ទាំងមូល មានការតក់ស្លុតជាខ្លាំង​។ អគ្គិភ័យនេះ បានសម្លាប់ជីវិតមនុស្សចំនួន​៣៦នាក់​ ​និងរបួសជាង​៣០នាក់​។ នៅថ្ងៃ​ទី​២៥មករា តុលាការជប៉ុន បានសម្រេច​ផ្តន្ទាទោសប្រហារជីវិត ទៅលើ​​ជនដៃដល់ ដែលជាអ្នក​បង្កអគ្គិភ័យនេះ​ដោយចេតនា។

 
ជនឈ្មោះ Shinji Aoba បច្ចុប្បន្នអាយុ៤៥ឆ្នាំ ត្រូវបាន​តុលាការជប៉ុន​ផ្តន្ទាទោស​ប្រហារជីវិត ពីបទឧក្រិដ្ឋ​ចំនួន​៥​ ក្នុងនោះមាន​បទមនុស្ស​ឃាតដោយចេតនា បទប៉ុនប៉ងមនុស្សឃាត បង្ករបួសស្នាម និង​បទបង្កអគ្គិភ័យដែលមានលក្ខណៈ​​ឧក្រិដ្ឋ​។ ទោសប្រហារជីវិតនេះ​ ត្រូវបាន​ស្នើដោយ​រដ្ឋអាជ្ញាជប៉ុន​ កាលពី​ខែ​ធ្នូកន្លងទៅ​។
 
នៅក្នុងសវនាការ ថ្ងៃទី២៥មករា មេធាវីការពារក្តីរបស់ជនជាប់ចោទ បានអះអាងថា​​ថាកូនក្តីខ្លួនគ្មានទោសទេ ដោយ​ព្យាយាម​លើកអំណះអំណាង ថាជនជាប់ចោទមានបញ្ហាសតិស្មារតី​ មិនអាចបែងចែង អ្វីខុសអ្វីត្រូវ។ តែយ៉ាងណាង ចៅក្រុមជប៉ុនបាន​ប្រកាសទទួលស្គាល់​ថា ក្នុងពេលកើតហេតុ គឺជនជាប់ចោទ ឈ្មោះ Shinji Aoba ពិតជា​មានសតិស្មារតីនឹងន អាចយល់ដឹងច្បាស់ អំពី​ទង្វើដែលខ្លួនកំពុងធ្វើ។ នៅក្នុងសវនាការ លោក​ចៅក្រមប្រធានអង្គជុំនំជំរះ បាន​លើកឡើងថា អំពើរបស់ជនជាប់ចោទ គឺជា​អំពើ​ព្រៃផ្សៃ និងអមនុស្សធម៌ខ្លាំងណាស់។
 
សូមរំលឹកថា ហេតុការណ៍​អគ្គិភ័យ​ បានកើតឡើងនៅ​ថ្ងៃទី​១៨កក្កដា២០១៩ នៅអគារស្ទូឌីយោ​ផលិត​ភាពយន្តគំនូរជីវចលដ៏ល្បីមួយ​​ ឈ្មោះ KyoAni ក្នុងទីក្រុង​ក្យូតូ​។ យោងតាមសាក្សីជាច្រើន ជនដៃដល់ឈ្មោះ Shinji Aoba បានសំរុកចូលមកក្នុងអគារ ហើយ​បានស្រែកថា​ “ពួក​អ្នកឯង​ទាំងអស់គ្នានឹងស្លាប់” មុននឹងជះប្រេងសាំងដុតបង្កអគ្គិភ័យ​ឆាបឆេះ​។
 
មនុស្ស​៣៦នាក់ បានស្លាប់ដោយ​អគ្គិភ័យ និងមានអ្នករបួសជាង​៣០នាក់។ ភាគច្រើននៃជនរងគ្រោះ គឺសុទ្ធតែជាបុគ្គលិកវ័យក្មេងៗ ​ធ្វើការក្នុងស្ទូឌីយោផលិតភាពយន្តគំនូរជីវចល។ ហេតុការណ៍នេះ បានធ្វើឲ្យ​ប្រជាជនជប៉ុនទូទាំងប្រទេស និង​អ្នកស្នេហាវិស័យភាពយន្តគំនូរជីវចលជប៉ុន ទូទាំងពិភពលោក មាន​ការតក់ស្លុតចិត្តជាខ្លាំង។
 
ជនដៃដល់បានធ្វើអំពើនេះ ដើម្បីសងសឹក ដោយចោទ​ថា​ឌីយោ KyoAni បានលួចសាច់រឿងមួយ ដែលខ្លួន​បាន​​​និពន្ធ​​​​​។ ជាការចោទដែល​រដ្ឋអាជ្ញាជប៉ុន អះអាងថាជាការរវើរវាយ​របស់ជនដាប់ចោទ។​ កាលពី​សវនាការ​នៅខែកញ្ញា​​ ជនដៃដល់ ដែលរបួសឆេះ​ខ្លួន​ ហើយ​ជិះរទេះដើរលែងរួច​ ធ្លាប់​បាន​សារភាពថា ខ្លួនមិន​នឹកស្មានថា​អំពើរបស់ខ្លួន បានបណ្តាល​ឲ្យ​មានមនុស្សស្លាប់ និងរបួសច្រើនដល់ម្លឹងទេ។ ហើយ​ក្នុង​អង្គសវនាការនៅខែធ្នូ ជនជាប់ចោទ​ បានទទួលស្គាល់ថា​ ​ខ្លួនសមនឹងទទួលទោសប្រហារជីវិត ដូចអ្វីដែលក្រុមគ្រួសារជនរងគ្រោះបានទាមទារ​។​
 
គួរបញ្ជាក់ដែរថា ជប៉ុនស្ថិតក្នុងចំណោម​​ប្រទេសមហាអំណាចប្រជាធិបតេយ្យ​មួយចំនួនតូច​ ដែលបន្ត​អនុវត្តទោសប្រហារជីវិត​ មិនខុសពី​សហរដ្ឋអាមេរិក ឬឥណ្ឌា។ ការប្រហារជីវិតអ្នកទោសនៅជប៉ុន គឺធ្វើឡើងដោយការព្យួរក។ បើទោះជាមានការរិះគន់ខ្លះពីបរទេស តែមតិសាធារណៈជប៉ុនភាគច្រើនគាំទ្រ ឲ្យ​មាន​​ទោសប្រហារជីវិត។ បច្ចុប្បន្ននេះ នៅជប៉ុន​ មានអ្នកទោស​ចំនួន​១០៧នាក់ ដែលកំពុងរងចាំការប្រហារជីវិត ដែល​លើកចុងក្រោយ​បង្អស់ គឺបានធ្វើឡើង​នៅឆ្នាំ​២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com