ជាតិ
ខែមករា កម្ពុជាទទួលចំណូលជិត៥.៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ
× សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិសរុប ១១៥,៥៣២ នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៤។ តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ចំណូលពីការលក់បណ្ណនេះ បានចំនួន ៥,៤៩៨,០៥៤ ដុល្លារ កើនឡើងប្រមាណ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣។
គ្រឹះស្ថានអង្គរ ក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរ នៃរមណីយដ្ឋានប្រាសាទព្រះវិហារផងដែរ ដែលក្នុងខែមករា មានទេសចរទៅទស្សនាសរុប ៨៩៥នាក់ គិតជាថវិកាស្មើនឹង ៤៣,៤១០ដុល្លារ។ ចំណែកការលក់សំបុត្រកាណូតទូកនៅតំបន់ចុងឃ្នៀស មានចំនួនជាង១០ម៉ឺនដុល្លារ។
សូមជម្រាបថា ឆ្នាំ២០២៣ មានទេសចរ បរទេសជាង៧៩ម៉ឺននាក់ បានទិញណ្ណចូល ទស្សនាតំបន់អង្គរដោយគិតជាប្រាក់ មានចំនួន ៣៧ ១៩៨ ៩៨៨ ដុល្លារ។ ចំណូលនេះ កើនឡើង២២២.៦៨ភាគរយ ធៀបនឹងឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com