ជាតិ
សៀមរាប៖ អ្នករកដើមអង្គាសីល រអ៊ូថាឆ្នាំនេះពិបាករក ហើយលក់មិនបានថ្លៃ អ្នកស្រី សឿម សុខ កំពុងដាក់លក់ដើមអង្គារសិល្ប៍នៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប។
× សៀមរាប៖ ពលរដ្ឋនៅខេត្តសៀមរាបមួយចំនួន តែងចូលព្រៃកាប់ដើមអង្គាសីលដើម្បីផ្សាំលក់នារដូវ ចូលឆ្នាំចិន។ ឆ្នាំនេះពលរដ្ឋលើកឡើងថា ដើមអង្គាសីលកាន់តែខ្សត់ ហើយលក់ក៏មិនសូវបានថ្លៃដែរ។
អ្នកស្រី សឿម សុខ បានដឹកដើមអង្គាសីលតាមម៉ូតូ យកមកលក់នៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប។ ស្រ្តីរូបនេះមានដើមអង្គាសីលប្រហែលជាង១០បាច់។ ពលរដ្ឋនៅសង្កាត់សំបួររូបនេះរៀបរាប់ក្នុងសំដីមួយៗថា អ្នកស្រីលក់ដើមអង្គាសីលតម្លៃចាប់ពី១ម៉ឺន ទៅ៥ម៉ឺន រៀលក្នុងមួយបាច់ តាមដើមតូចដើមធំ ឬមានផ្កាតូចធំ។
យ៉ាងណាមិញ ស្រ្ដីវ័យ៤០ឆ្នាំរូបនេះរអ៊ូថា ដើមអង្គាសីលឆ្នាំនេះមិនសូវសម្បូរទេ ហើយពិបាករក និងលក់ក៏មិនបានថ្លៃលើសឆ្នាំមុនៗដែរ។ អ្នកទិញតថ្លៃច្រើន មិនសូវមានអ្នកចូលទិញ ខ្លះថាគ្មានលុយ។ល។ នេះជាការបញ្ជាក់របស់អ្នកស្រី សឿម សុខ។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី បុស្ស ក៏បានដឹកដើមអង្គារសីលមកលក់នៅច្រកខាងមុខផ្សារដើមក្រឡាញ់ដែរ។ ពលរដ្ឋស្រុកអង្គរធំរូបនេះលើកឡើងថា ទោះបីពិបាករកជាងរាល់ឆ្នាំ តែពលរដ្ឋមួយចំនួនបូករួមទាំងអ្នកស្រីដែលមានរបរនេះខ្ទង់១០ឆ្នាំមកហើយនោះ នៅ តែព្យាយាមចូលព្រៃរកកាប់ដើមអង្គាសីល ដើម្បីបានកម្រៃខ្លះៗ នារដូវបុណ្យចូលឆ្នាំចិន នេះ។ ឆ្នាំនេះស្រ្តីវ័យ៥៥ឆ្នាំរូបនេះ រកដើមអង្គាសីលបានត្រឹម៣០បាច់ប៉ុណ្ណោះ ដែលខ្លួន បានឡើងទៅរកដល់ខេត្តកំពង់ធំប្រមាណមួយខែមុន ដើម្បីយកមកផ្សាំទម្រាំចេញត្រួយនិងផ្កា។
ពលរដ្ឋភាគច្រើននៅខេត្តសៀមរាប ចេញទៅរកកាប់ដើមអង្គាសីលនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈដែលមួយចំនួនតូចរកក្នុងព្រៃក្បែរៗភូមិ ឬនៅភ្នំគូលែន។ អ្នកស្រី បុស្ស ប្រាប់ថា បានចេញទៅព្រៃនៅខេត្តកំពង់ធំចំនួន៣ជើង ដែលក្នុងមួយជើងៗត្រូវចំណាយសោហុយរថយន្តឈ្នួលចន្លោះ៣ម៉ឺន ទៅ៥ម៉ឺនរៀល គឺទៅជាមួយអ្នកភូមិឯទៀត។
ចំណែកអ្នកស្រី សឿម សុខ ដែលមានរថយន្តផ្ទាល់ក៏ឡើងទៅរកដើមអង្គាសីល ដល់ខេត្ត កំពង់ធំដែរ ហើយឆ្នាំនេះ គ្រួសារអ្នកស្រីរកដើមអង្គាសីលបាន៣ពាង។ អ្នកស្រីរំឭកថា ដើមអង្គាសីលកាន់តែពិបាករក ត្រូវចូលព្រៃជ្រៅ ដោយមុតបន្លា ក្ដៅ ទម្រាំបានដើមអង្គា សីលមួយដើមៗ។ អ្នកស្រី សឿម សុខ សុំឱ្យអតិថិជនកុំសូវតថ្លៃពេក ដ្បិតថាដើមអង្គាសីលកាន់តែពិបាករក ហើយត្រូវចំណាយពេលពី ១៥ទៅ២០ថ្ងៃជាងទម្រាំផ្សាំឱ្យវាចេញត្រួយ និងចេញផ្កា៕
© រក្សាសិទ្ធិដោយ thmeythmey.com