ជាតិ
ក្រុងកំពត និងកែប និងខណ្ឌដូនពេញ ឈ្នះពានទីក្រុងទេសចរណ៍ស្អាតអាស៊ាន
× ភ្នំពេញ៖ ខណ្ឌដូនពេញ ក្រុងកំពត និងក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ ឆ្នាំ២០២៤។ វេទិកាទទួលពានរង្វាន់ នេះធ្វើឡើងកាលពីថ្ងៃទី២៦ខែមករា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ បានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកប ដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)»។ ស្ថិតក្នុងវេទិកានោះ ក៏មានវត្តមាន ថ្នាក់ដឹកនាំជាច្រើនរូប រួមមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេស ចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុនកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការ ដៃគូមួយចំនួនផងដែរ។
នាឆ្នំា២០២៤នេះ កម្ពុជា ទទួលបានពានចំនួន៣ រួមមាន ខណ្ឌដូនពេញ ក្រុងកំពត និងក្រុងកែប ដែលជាពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ដែលមានសុពលភាពពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦។ ចំពោះពានរង្វាន់នេះគឺមានវត្តមានលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាអ្នកទទួលពាន។ លោក ម៉ៅ ធនិនអភិបាលខេត្តកំពត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានអញ្ជើញឡើងទទួលពានរង្វាន់ដូចគ្នា។
សូមបញ្ជាក់ថាវេទិកាទេសចរណ៍ទីក្រុងស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ មានទីក្រុងចំនួន២១នៃប្រទេសសមាជិកអាស៊ាន បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មានទីក្រុងចំនួន៣របស់ប្រទេសកម្ពុជាផងដែរ ដូចជាទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប៕
Tag:
ThmeyThmey
ខេត្តកែប
ពានរង្វាន់ទីក្រុងស្អាត
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com