កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រហុងកុងទារប្រាក់វិញ ក្រោយ Messi មិនចូលប្រកួតឱ្យ Miami ទល់ហុងកុង
05, Feb 2024 , 8:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi និងលោក David Beckham ត្រូវបានអ្នកគាំទ្រហុងកុងស្រែកចម្អកដោយការខឹងសម្បារ ហើយទាមទារឱ្យសងប្រាក់ថ្លៃសំបុត្រ ក្រោយប្រធានក្រុម វ័យ៣៦ឆ្នាំ អង្គុយនៅកៅអីបម្រុង ក្នុងជំនួបមិត្តភាពរវាងម្ចាសផ្ទះហុងកុង និង ​Inter Miami ។



រដ្ឋាភិបាលទីក្រុងហុងកុង បាននិយាយថាអ្នករៀបចំបានជំពាក់អ្នកគាំទ្រនូវការពន្យល់ពីរឿងហេតុក្នុងការប្រកួត ដែលគ្មានវត្តមានរបស់ ​Messi ចូលលេង ក្នុងការប្រកួតដែលក្រុម Miami បានបំបាក់ក្រុមហុងកុងដល់ទៅ ៤-០។
 
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនត្រូវបាន ឃើញអង្គុយនៅកៅអីបម្រុងជាមួយនឹងមិត្តរួមក្រុម ប៉ុន្តែមិនមែនក្នុងសម្លៀកបំពាក់ជាកីឡាករប្រកួតឡើយ។ កាលពីពេលថ្មីនេះប្រធានក្រុមម្ចាស់ពានរង្វាន់ World Cup ត្រូវបានរាយការណ៍ថាបានរងរបួសផ្នែកសាច់ដុំសារជាថ្មី។
  


ជំនួបរវាង Miami ទល់នឹងក្រុមហុងកុង មានអ្នកទស្សនាប្រមាណ ៣៨,៣២៣នាក់ ដែលបានចំណាយប្រាក់ចន្លោះពី ១,០០០ដុល្លារហុងកុង(១២៥ដុល្លារ) ទៅ៥,០០០ដុល្លារហុងកុង(៦២៥ដុល្លារ លើថ្លៃសំបុត្រ ដើម្បីតែចង់ឃើញ ​Messi ប្រកួតក្នុងទឹកដីខ្លួន។ តែយ៉ាងណាអ្នកគាំទ្រទទួលបានត្រឹមកំហឹងត្រឡប់មកវិញ។
 
ជាក់ស្តែងក្នុងការប្រកួតបញ្ចប់ត្រឹមវគ្គទីមួយ អ្នកគាំទ្របានស្រែងដំណាលគ្នាដោយប្រើពាក្យថា«យើងចង់បាន ​Messi» ពេញកីឡដ្ឋាន Hong Kong ហើយបន្ថែមពីនេះអ្នកគាំទ្រទាំងនោះក៏បានស្រែកដោយប្រើពាក្យ «Booed» ទៅកាន់ Messi និងលោក David Beckham ដែលសហម្ចាស់ក្លិបមួយផ្នែករបស់ក្លិបនៃលីគកំពូលអាម៉េរិកមួយនេះ។
  


ចង់ឃើញការលេងរបស់ Messi តែមិនបានសម្រេច អ្នកគាំទ្រម្នាក់ឈ្មោះ Jonathan Wong បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា៖«ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង មនុស្សគ្រប់គ្នានៅទីនេះដូចគ្នាគឺដើម្បីចង់ឃើញ Messi ដូច្នេះខ្ញុំមានអារម្មណ៍បន្តិចបន្តួចថាត្រូវបានគេបោកប្រាស់។ ក្រៅពីរូបគាត់ សំបុត្រនៅទីនេះមានតម្លៃធម្មតាដូចតែការប្រកួតលីគ Hong Kong Premier League ដទៃ ហើយដែលសំបុត្រមានតម្លៃត្រឹម ៨០ដុល្លារហុងកុង(១២ដុល្លារ) ហើយពេលនេះយើងត្រូវចំណាយជាង ៥,០០០ដុល្លារហុងកុង(៦២៥ដុល្លារ)។»។ 
 
ចំពោះហេតុផលដែលក្រុមមិនដាក់ឱ្យ Messi បានលេងដើម្បីបង្ហាញដល់អ្នកគាំទ្រ គ្រូបង្វឹកលោក Gerardo Martino បានអះអាងថាក្រុមគ្រូពេទ្យបានសម្រេចចិត្តមិនឱ្យគេចូលលេង ព្រោះតែបញ្ហារបួសមុនការប្រកួតមកដល់។ រងការរិះគន់បែបនេះ លោក Martino ក៏បានចេញមុខអះអាងនៅក្នុងសន្និសីទកាសែត និងសុំទោសទៅកាន់អ្នកគាំទ្រ។
  


«យើងពិតជាដឹងច្បាស់ចំពោះការខកចិត្តរបស់អ្នកគាំទ្រចំពោះការអវត្តមានរបស់ Leo Messi។ យើងដឹងថាអ្នកគាំទ្រជាច្រើនខកចិត្ត ហើយយើងស្នើសុំសម្រាប់ការអភ័យទោស ហើយយើងសង្ឃឹមថាយើងអាចបញ្ចូន Leo យ៉ាងហោចណាស់មួយរយៈ ប៉ុន្តែហានិភ័យគឺធំពេក។»។ នេះបើតាមសម្តីរបស់លោក Gerardo Martino។
 
គួសរំលឹកថាកីឡាករវ័យ ៣៦ឆ្នាំ អំឡុងការប្រកួតនៅទឹកដីអារ៉ាប៊ីសាអូឌីត ទល់នឹងក្រុម Al Nassr រូបគេក៏បានផ្លាស់ប្តូរចូលលេងបានត្រឹមតែ ៦នាទីប៉ុណ្ណោះ ក្រោយពេលដែលក្រុម Miami ត្រូវបានក្រុមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo លត់ ៦-០ ក្នុងជំនួបមិត្តភាព កាលពីថ្ងៃទី១ ខែកុម្ភៈ៕

Tag:
 Lionel Messi
  David Beckham
© រក្សាសិទ្ធិដោយ thmeythmey.com