RFI
អន្តរជាតិ
លោកពូទីន ថាសង្គ្រាមនៅអ៊ុយក្រែន បានបង្កើតការងារ​ដល់ពលរដ្ឋរុស្ស៊ី​ជាង៥សែននាក់ ​ក្នុងវិស័យ​ផលិតកម្មយោធា
06, Feb 2024 , 8:29 am        
រូបភាព
លោកពូទីន ថ្លែងសុន្ទរកថា ក្នុងវេទិកា រួមគ្នាដើម្បីជ័យជំនះ នៅទីក្រុង Tula ។ AP  Sergei Guneyev
លោកពូទីន ថ្លែងសុន្ទរកថា ក្នុងវេទិកា រួមគ្នាដើម្បីជ័យជំនះ នៅទីក្រុង Tula ។ AP Sergei Guneyev
ដោយ៖កែវ ឆាយា
 
សង្គ្រាមអ៊ុយក្រែន – គិតតាំងពីឆ្នាំ២០២២​មក គឺ​មានពលរដ្ឋរុស្ស៊ីជាងកន្លះលាននាក់ហើយ ដែល​បានចូលខ្លួនធ្វើការ​ បម្រើវិស័យ​ឧស្សាហកម្មយោធា ពោលគឺ​វិស័យ​ផលិតគ្រឿងសព្វាវុធ និងសម្ភារៈសម្រាប់កងទ័ព​។ នេះបើតាមការ​ថ្លែង​ឲ្យដឹង ពី​សំណាក់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន  កាលពី​រសៀលថ្ងៃសុក្រទី២ កុម្ភៈ ។ តួលេខនេះ បាន​រំលេចឲ្យឃើញ អំពីប្រពលភាពនៃការខំប្រឹងប្រែងនៅរុស្ស៊ី  ដើម្បីគាំទ្រដល់ប្រតិបត្តិការ វាយលុកក្នុងសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាម​ដែលរុស្ស៊ីខ្លួន​ឯង បាន​បញ្ឆេះឡើង​ កាលពីជិត២ឆ្នាំមុន។

 
ក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងទៅ កន្លែងការងារថ្មីៗចំនួន ៥សែន ២ម៉ឺនកន្លែង ត្រូវបានបង្កើតឡើង ក្នុងឧស្សាហកម្មយោធា។ សេចក្តីនេះ ថ្លែងដោយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងវេទិកា សម្រាប់គាំទ្រដល់ ប្រតិបត្តិការវាយលុករុស្ស៊ីនៅអ៊ុយក្រែន ។ វេទិកានេះ បានប្រព្រឹត្តទៅ នៅឯក្រុង Toula ចម្ងាយ ២០០ គម ខាងត្បូងពីរដ្ឋធានីម៉ូស្គូ។
 
តាំងពីឆ្នាំ ២០២២ មក រុស្ស៊ី បានប្រែទាំងស្រុងទិសដៅសេដ្ឋកិច្ចខ្លួន ទៅខាងឧស្សាហកម្មផលិតសព្វាវុធ និង បន្ថយល្បឿនខាងផលិតកម្មផ្នែកស៊ីវិល ទោះបីខ្លួនជាប់ក្នុងគំនាបទណ្ឌកម្មបស្ចិមលោកក្តី - ទណ្ឌកម្ម ដែល តាំងគោលដៅជាអាទិ័​គឺ ដើម្បីរំខានរុស្ស៊ីក្នុងការផលិតស្បៀងរំសេវ និង សព្វាវុធ។
 
ប៉ុន្តែម៉ូស្គូចេះឃ្វាងបានដូចចិត្ត វិធានការខ្លះនៃទណ្ឌកម្មទាំងនោះ ហើយទទួលបាន ឧទាហរណ៍ គឺ គ្រឿង គ្រៅនានានៃ micro-electronique ដែលខ្លួនត្រូវការ ជាពិសេស ពីបណ្តាប្រទេសអាស៊ី។
 
រដ្ឋាភិបាលរុស្ស៊ី បានគ្រោងទៅហើយ បង្កើនយ៉ាងសម្បើម រហូតដល់ ៧០% នៃថវិកាសហព័ន្ធ ទុកសម្រាប់ ផ្គត់ផ្គង់ដល់ផ្នែកការពារប្រទេស។
រីឯ ការផ្តោតសេដ្ឋកិច្ចរុស្ស៊ី ជាអាទិភាពទៅលើសកម្មភាពនៃវិស័យការពារប្រទេស ជាទីដែលប្រាក់ខែមាន កម្រិតខ្ពស់ជាងក្នុងវិស័យឯទៀត រួមផ្សំជាមួយនឹង កំណែនមនុស្សរាប់សែននាក់ ឲ្យចូលប្រើកងទ័ព ព្រម ទាំងលំហូរទៅក្រៅប្រទេសនៃចំនួនពលរដ្ឋយ៉ាងច្រើនបង្គួរ អស់ទាំងនេះ បង្កជាការខ្វះខាតកម្លាំងពលករ ក្នុងស្រុកសម្រាប់ធ្វើការ។
  
ផ្ទាំងបដាឃោសនាព្រោងព្រាត សរសេរថា អរគុណ អ្នកការពារយើង។ AP Dmitri Lovetsky

តាមតួលេខ លោក វ៉្លាឌីមៀរ ពូទីន ៖ ប្រទេសរុស្ស៊ីមានសហគ្រាសចំនួន ៦.០០០ កន្លែង ដែលស្ថិតក្នុង ប្រព័ន្ធពហុឧស្សាហកម្មយោធា  ប្រើកម្លាំងពលករ ៣លាន ៥សែននាក់ នេះដោយមិនទាន់រាប់ ពួកអ្នកម៉ៅការរង ចំនួន១ម៉ឺន​នាក់ ទៅផង។
 
បើសមរភូមិ ជាសកលនៅកកស្ទះក្នុងប្រទេសអ៊ុយក្រែន នោះ អ្នកសង្កេតការណ៍ខ្លះចុះសម្រុងគ្នាថា ចាប់ពីអំណើះតទៅ សមត្ថភាពផលិតអាវុធនិងស្បៀងសឹក ដែលខាងអ៊ុយក្រែនគឺ ពឹងផ្អែកលើជំនួយ បស្ចិមលោក ហើយខាងរុស្ស៊ី គឺ នឹងមានន័យប្តូរប្តេជ្ញ សម្រាប់ច្បាំងកាន់តែខ្លាំងក្លាទៅទៀត។
 
ម៉្លោះហើយ បានជា ថ្ងៃសុក្រ លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងដាស់តឿន បណ្តាសហគ្រាសរុស្ស៊ី ឲ្យ "សកម្មឡើងវិញ” ឈានទៅកាន់ការវិវឌ្ឍន៍បច្ចេកវិទ្យា នៅលើសមរភូមិ។
 
តាមអំណះអំណាងលោកពូទីន ៖ ឥឡូវ ដើម្បីទទួលបានជោគជ័យលើសមរភូមិ គឺចាំបាច់ត្រូវតែ ប្រតិកម្ម ឲ្យបានសមស្របយ៉ាងលឿន ទល់នឹង អ្វីដែលកំពុងប្រព្រឹត្តទៅនៅទីនោះ។ ហើយនរណាដែលចេះ ប្រតិកម្ម បែបនេះលឿនជាងគេ គឺទទួលជ័យជំនះ។
 
បើចៅហ្វាយវិមានក្រេមឡាំង នៅទីបំផុត បានសាទរ ចំពោះ ផលិតកម្មយោធាដែល នាំឲ្យ “សោមនស្សក្រៃ” នោះ រុស្ស៊ី ស្រាប់តែត្រូវលោកខាងលិច សង្ស័យថាបានទទួល ពីកូរ៉េខាងជើង ជា សម្ព័ន្ធមិត្តខ្លួន គឺ គ្រាប់កាំភ្លើងធំ ដល់ទៅជាង ១ លាន គ្រាប់ ឯណោះ។
 
 ចំណែកអ៊ុយក្រែន ខំអំពាវនាវ បស្ចិមលោក ឲ្យ បង្កើតជា”ឧបសគ្គរាំងរា” ដល់ការផលិតសព្វាវុធនៅរុស្ស៊ី ទាំង អះអាងថា ៩៥% នៃ គ្រឿងផ្សំសំខាន់ៗបំផុតពីបរទេស “ ដែលប្រើដើម្បីផលិតសព្វាវុធរុស្ស៊ី គឺមាន ប្រភពវា ចេញមកពី បណ្តាក្រុមហ៊ុនប្រទេសខាងលិចតែម្តង ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com