សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កសិករប៉ូឡូញ និងហុងគ្រីនឹងតវ៉ានៅព្រំដែនប្រឆាំងការនាំចូលពីអ៊ុយក្រែន
05, Feb 2024 , 3:39 pm        
រូបភាព
រូបភាព ៖ UBN
រូបភាព ៖ UBN
កសិករប៉ូឡូញ និងហុងគ្រីបានប្រកាសថា នឹងរៀបចំការតវ៉ានៅច្រកទ្វារព្រំដែនជាមួយអ៊ុយក្រែននៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប (EC) អំពីការសម្រេចចិត្តបន្តលើកលែងពន្ធលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែនរយៈពេលមួយឆ្នាំទៀតរហូតដល់ខែមិថុនា ឆ្នាំ២០២៥។

 
ទោះបីមានការពន្យាការលើកលែងពន្ធសម្រាប់ផលិតផលកសិកម្មនាំចូលពីអ៊ុយក្រែនក៏ដោយ សហភាពអឺរ៉ុបក៏បានស្នើរឱ្យមានវិធានការបន្ទាន់ដើម្បីគ្រប់គ្រងបរិមាណទំនិញថោកៗពីអ៊ុយក្រែន ជាពិសេសលើមុខទំនិញមួយចំនួនដូចជា បសុបក្សី និងពងមាន់ និងស្ករ។
 
យោងតាមសំណើនោះ សហភាពអឺរ៉ុបនឹងដាក់ពន្ធគយ ប្រសិនមានការនាំចូលលើសពីកម្រិតមធ្យមក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ សម្រាប់មុខទំនិញខាងលើ។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបក៏មានសិទ្ធិចាត់វិធានការកែសម្រួលបណ្តោះអាសន្នដែរ ប្រសិនបើទីផ្សារក្នុងស្រុករបស់ពួកគេរងផលប៉ះពាល់ដោយការនាំចូលខ្ពស់នៃផលិតផលកសិកម្មផ្សេងទៀតដូចជាធញ្ញជាតិជាដើម។
 
យ៉ាងណា ចំណាត់ការនេះមិនបានធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនៅអឺរ៉ុបខាងកើតសប្បាយចិត្តនោះទេ ដោយសារតែផលិតផលកសិកម្មរបស់ពួកគេត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតប្រជែងតម្លៃជាមួយនឹងផលិតផលកសិកម្មនាំចូលពីអ៊ុយក្រែន។
 
កាលពីថ្ងៃទី២ ខែកុម្ភៈ កសិករប៉ូឡូញជាច្រើនបានប្រកាសថា នឹងរៀបចាំការតវ៉ានៅច្រកព្រំដែនជាមួយអ៊ុយក្រែន។ ក្រុមមន្ត្រី​ក្នុង​ប្រទេស​នេះ​ក៏​បាន​ប្រកាស​ពង្រឹង​ការ​គ្រប់​គ្រង និង​​ត្រួតពិនិត្យ​ផលិតផល​កសិកម្មដែលនាំចូលពី​អ៊ុយក្រែនដែរ។ ប្រឈមមុខនឹងស្ថានភាពនេះ នឹងមានការបិទទ្វារព្រំដែនបណ្តោះអាសន្នខេត្តមួយចំនួនដែលមានរយៈពេលរហូតដល់ថ្ងៃទី១០ ខែមីនា។ នេះបើតាមសារព៌ត៌មាន UBN។ 
 
ស្រដៀងគ្នានេះ កសិករហុងគ្រីក៏​នឹងរៀបចំធ្វើបាតុកម្មនៅទីក្រុង Zahony ជាប់ព្រំដែនអ៊ុយក្រែន ដើម្បីតវ៉ានឹងសំណើរបស់ EC ទាក់ទងនឹងផលិតផលកសិកម្មអ៊ុយក្រែនផងដែរ៕

Tag:
 ប៉ូឡូញ
  ហុងគ្រី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com