RFI
អន្តរជាតិ
UNICEF៖ កុមារប៉ាឡេស្ទីន​យ៉ាងហោច១៧០០០នាក់ បែកពីឪពុកម្តាយ​ រស់ក្នុងក្តីអស់សង្ឃឹម
05, Feb 2024 , 10:29 pm        
រូបភាព
កុមារប៉ាឡេស្ទីនដែលរងរបួស ដោយការទម្លាក់គ្រាប់របស់កងទ័ពអ៊ីស្រាអែល នៅហ្កាហ្សា ថ្ងៃទី២១ វិច្ឆិកា២០២៣។  AP Marwan Saleh
កុមារប៉ាឡេស្ទីនដែលរងរបួស ដោយការទម្លាក់គ្រាប់របស់កងទ័ពអ៊ីស្រាអែល នៅហ្កាហ្សា ថ្ងៃទី២១ វិច្ឆិកា២០២៣។ AP Marwan Saleh
ដោយ៖ម៉ម ពិសី
 
សង្គ្រាម​នៅហ្កាហ្សា បានអូសបន្លាយ​ជិត៤ខែហើយ ជាមួយ​នឹង​ចំនួន​មនុស្ស​ស្លាប់ ឡើងជាង​ ២៧០០០នាក់​​។ យោងតាមអង្គការ​យូនីសែហ្វ គឺកុមារ​ប៉ាឡេស្ទីននៅហ្កាហ្សា ​កំពុងរស់រងទុក្ខវេទនាខ្លាំងបំផុត​។ យ៉ាងហោចណាស់ មានកុមារប៉ាឡេស្ទីន​ ចំនួន១៧០០០នាក់ ដែល​ត្រូវព្រាត់ពីឪពុក​ម្តាយ​និង​ក្រុមគ្រួសារ​​ ហើយពួកគេ​​ រស់ក្នុងក្តីអស់សង្ឃឹម ជាមួយនឹងវិបត្តិ​សតិស្មារតី តក់ស្លុតជាខ្លាំង ដោយសារតែសង្គ្រាមនេះ​​​។

 
យ៉ាងហោចណាស់ មានកុមារប៉ាឡេស្ទីន ចំនួន១៧០០០នាក់ ដែល​កំព្រា ព្រាត់ពីឪពុកម្តាយ និងក្រុមគ្រួសារ​នៅតំបន់ហ្កាហ្សា។ នេះបើផ្អែកតាមការ​លើកឡើង​ របស់លោក Jonathan Crickx អ្នកនាំពាក្យអង្គការUnicef ដែល​បានធ្វើសន្និសីទកាសែតពីទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃទី​២កុម្ភៈ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។
 
លោក​បានលើកឡើងថា ក្រុមការងាររបស់អង្គការUnicef បានជួបការលំបាក​ខ្លាំងណាស់ ក្នុងការប្រមូលទិន្នន័យ​ព័ត៌មាន ស្តីពីកុមារទាំងនោះ ព្រោះថាភាគច្រើន ពួកគេ​ខ្លះមិនទាំងចាំថាខ្លួនឯង​ឈ្មោះអ្វីផងទេ ដោយសារតែភ័យតក់ស្លុត រន្ធត់​ខ្លាំង​ ពេលមកដល់មន្ទីរពេទ្យ។
 
លោកបានអះអាងថា តាមធម្មតា ក្នុងករណីមានសង្គ្រាម កុមារ​ដែល​ព្រាត់ពីឪពុកម្តាយ​ តែងត្រូវបានបងប្អូន​ក្រុមគ្រួសារផ្សេងទៀត ទទួលជួយយកទៅនៅ​ជាមួយ។ តែករណីនៅហ្កា​ហ្សាបច្ចុប្បន្ននេះ​ គឺថា​ប្រជាជនជាទូទៅខ្វះគ្រប់មុខ ខ្វះទាំងចំណីអាហារ ខ្វះ​ថ្នាំសង្កូវ គ្មាន​ទឹកស្អាត និងគ្មាន​ទីជម្រក។​ ក្រុមគ្រួសារនីមួយៗ ដែលជួបការលំបាក​ខ្លាំងរួចទៅហើយ មិនអាចទទួលជួយ​កុមារ​ផ្សេងទៀត ដែល​គ្មាន​អាណាព្យាបាល​នោះឡើយ​។
 
យោងតាមអង្គការUnicef យ៉ាងហោច​ណាស់ កុមារជាង​១លាននាក់ នៅតំបន់ហ្កាហ្សា ពោលគឺ​សឹងតែទាំងអស់ ត្រូវការ​ជាបន្ទាន់ នូវ​ជំនួយ​សតិស្មារតី​។ កុមារទាំងនោះ មានកម្រិតទុក្ខលំបាក​ និងកង្វល់ក្នុងចិត្ត​ ខ្ពស់បំផុត។ ពួកគេ​ខ្លះមិន​ឃ្លាន​ចំណី ដេកមិនលក់ ហើយជាទូទៅ ពួកគេ​ឆាប់ភ័យ​ស្លន់ស្លោខ្លាំង នៅពេល​ដែលឮសូរសំឡេងគ្រាប់ផ្ទុះម្តងៗ។
សូមបញ្ជាក់ដែរថា ផ្អែកតាមអង្គការ​សហប្រជាជាតិ ប្រជាជន​ប៉ាឡេស្ទីននៅហ្កាហ្សា ចំនួន​១លាន​៣សែននាក់ បានភៀសខ្លួនទៅ​នៅ​តំបន់រ៉ាហ្វា ដែលស្ថិតនៅ​ភាគខាងត្បូង​ហ្កាហ្សា​។ ចំនួន​មនុស្សនៅកកកុញច្រើន ក្នុងបរិវេណតូចចង្អៀត កំពុងតែធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងបញ្ហា​​កខ្វះ​ចំណីអាហារបរិភោគ និង​ជំងឺឆ្លងនានា​​ ខណៈសីតុណ្ហភាពកាន់តែចុះត្រជាក់។
 
លោក Jens Laerke អ្នកនាំពាក្យ​ការិយាល័យ​សម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ បានលើកឡើងថា នៅតំបន់រ៉ាហ្វា ជនភៀសខ្លួនប៉ាឡេស្ទីន​ស្នាក់នៅតាមខ្ទម តាម​ជម្រកបណ្តោះ​អាសន្ន និងខ្លះទៀត រស់នៅតាមទី​ហាលវាលផ្ទាល់ដីតែម្តង​​។ លោកអះអាងថា រ៉ាហ្វា គឺប្រៀបបីដូចជា​​​ “​រោងចក្រ​នៃក្តី​អស់សង្ឃឹម” ហើយអ្វី​ដែលគេបារម្ភបំផុតនោះ​ គឺថាស្ថានភាពទៅថ្ងៃមុខនឹងកាន់តែធ្ងន់ធ្ងរខ្លាំង​ឡើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com