កីឡាអន្តរជាតិ
អន្តរជាតិ
Messi រំពឹងថា អាចលេងប្រកួតមិត្តភាពក្នុងទីក្រុងតូក្យូ ក្រោយខកខាននៅហុងកុង
06, Feb 2024 , 3:20 pm        
រូបភាព
Lionel Messi បាននិយាយដោយបើកជំហរថា រូបគេកំពុងសម្លឹងមើលលទ្ធភាពលេងនៅក្នុងការប្រកួតមិត្តភាពរបស់ Inter Miami នៅទីក្រុងតូក្យូ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ អះអាងថា បញ្ហារបួសរបស់គេល្អប្រសើរជាងមុន។ Messi ថ្លែងបែបនេះ ក្រោយធ្វើឱ្យអ្នកគាំទ្រហុងកុង ខកចិត្តដោយសារការមិនបង្ហាញខ្លួនលេង កាលពីសប្ដាហ៍មុន។



ការប្រកួត Inter Miami ឈ្នះលទ្ធផល ៤-០ លើក្រុមហុងកុង នោះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានស្ថិតនៅកៅអីបម្រុង ដោយមិនមានឈ្មោះចូលលេងឡើយ ជាហេតុបង្កឱ្យអ្នកគាំទ្រហុងកុងជិត ៤ម៉ឺននាក់ ខឹងសម្បារ ហើយទាមទារប្តូរយកថ្លៃសំបុត្រវិញ។
 
ពេលនេះ Messi បាននិយាយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថា រូបគេពិតជាខកចិត្តខ្លាំង ដែលមិនបានលេង ព្រោះតែបញ្ហាសាច់ដុំ។ «នៅក្នុងហុងកុងយើងបានបើកទ្វារសម្រាប់ការទស្សនាការហ្វឹកហាត់របស់យើង ហើយខ្ញុំបានចេញមកក្រៅដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រដ៏ច្រើនដែលទន្ទឹងរង់ចាំ និងជាពិសេសអ្នកគាំទ្រវ័យក្មេង។ ខ្ញុំពិតជាចង់នៅទីនោះ ហើយលេងបង្ហាញទៅកាន់ពួកគេខ្លាំងណាស់។»។ Messi បានរៀបរាប់បែបនេះនៅ ក្នុងសន្និសីទកាសែតស្ថិតក្នុងទីក្រុងតូក្យូ។
 
មិនត្រឹមប៉ុណ្ណោះ តារាបាល់ទាត់ម្ចាស់ពាន World Cup 2022 បានបញ្ជាក់ទៀតថា ខ្លួនពិតជាមានអារម្មណ៍មិនល្អឡើយ នៅពេលដែលជួបបញ្ហាហើយបែបនេះ។ 
 
Messi បានបន្តដូច្នេះ៖«ប៉ុន្តែពិតណាស់វានឹងមិនធ្វើឱ្យខ្ញុំមានអារម្មណ៍ថាល្អនោះទេ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការលេង។ ខ្ញុំដឹងថាមនុស្សគ្រប់គ្នាកំពុងសម្លឹងទៅមុខហើយក្នុងការទស្សនាការប្រកួតនោះ ហើយខ្ញុំក៏រំពឹងដែរនឹងអាចទទួលបានឱកាសជាថ្មីសម្រាប់ខ្ញុំក្នុងការលេងនៅក្នុងប្រទេសហុងកុង។
 
នៅក្នុងប្រទេសជប៉ុន ក្រុម Miami នឹងត្រូវប្រកួតតទល់នឹងក្រុម ​​Vissel Kobe ស្ថិតក្នុងក្របខណ្ឌ J League នៅថ្ងៃទី៧ ខែកុម្ភៈ។ តារាបាល់ទាត់អាហ្សង់ទីនបញ្ជាក់បន្ថែម៖«សម្រាប់ថ្ងៃស្អែក ខ្ញុំមិនទាន់ដឹងឡើយ យើងនឹងចាំមើល […] តែខ្ញុំពិតជាចង់លេងខ្លាំងណាស់»៕

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com