លោកស្រី Mandy K. Cohen នាយិកាមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាម៉េរិក មកធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៧ ដល់ទី៨ ខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ។
ក្នុងជំនួបជាមួយ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Cohen បានរម្លឹកពីភាពជាដៃគូជាង២០ឆ្នាំរវាង CDC និងប្រទេសកម្ពុជា ដោយលោកស្រីបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ចសហការគ្នា នៅក្នុងការការពារ និងរកឃើញទាន់ពេលនូវជំងឺផ្លូវដង្ហើម ក៏ដូចជាការឆ្លើយតប រួមទាំងការត្រៀមរៀបចំសម្រាប់គ្រាបន្ទាន់ផ្នែកសុខភាពសាធារណៈ។
បើតាមឯកអគ្គរដ្ឋទូតអាម៉េរិក លោក W. Patrick Murphy ទស្សនកិច្ចរបស់លោកស្រី Cohen បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិក ចំពោះការលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជា ដោយតាមរយៈភាពជាដៃគូនេះ CDC បានជួយកម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តាសាយ និងជំងឺឆ្កែឆ្កួត។
លោក Murphy បានបន្ថែមថា រដ្ឋាភិបាលអាម៉េរិក ដែលរួមមានទាំង CDC និងទីភ្នាក់ងារសហរដ្ឋអាម៉េរិកដទៃទៀត ផ្នែកសុខភាព ដែលកំពុងធ្វើការនៅកម្ពុជា ក៏បានជួយផងដែរ ដល់អាជ្ញាធរកម្ពុជា ក្នុងការធ្វើការឆ្លើយតបបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងចំណោមការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតក្នុងពិភពលោក ទៅនឹងការផ្ទុះឡើងនៃជំងឺ Covid-19។
ជាមួយគ្នានេះផងដែរ លោកស្រី Cohen បានទៅមើលកន្លែងលក់សត្វបក្សីរស់ នៅផ្សារអូរឬស្សី មន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ, មជ្ឈមណ្ឌល CDC កម្ពុជា, មណ្ឌលសុខភាពទួលគោកនៅភ្នំពេញ រួមទាំងមានជំនួបពិភាក្សាជាបន្តបន្ទាប់ក្នុងគោលដៅការលើកកម្ពស់សមត្ថភាពស្នូលផ្នែកសុខភាពសាធារណៈនៅកម្ពុជា។
នាយិកា CDC អាម៉េរិក រូបនេះ ក៏បានទៅទស្សនា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ ដើម្បីស្វែងយល់បន្ថែមពីការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក្នុងការនាំមកនូវយុត្តិធម៌ គណនេយ្យភាព និងការអភិរក្សនូវវត្ថុចងចាំពីជនរងគ្រោះដោយសារអំពើឃោរឃៅ។
ការរួមចំណែករបស់អាម៉េរិកលើវិស័យសុខាភិបាលនៅកម្ពុជា
តាមរយៈកម្មវិធីរបស់ប្រធានាធិបតីអាមេរិក សំដៅទប់ស្កាត់ការចម្លងជំងឺអេដស៍ជាបន្ទាន់ (PEPFAR) ដើម្បីធ្វើឲ្យលែងមានជំងឺអេដស៍ នៅត្រឹមឆ្នាំ២០៣០ ចំនួននៃករណីឆ្លងថ្មីប្រចាំឆ្នាំនៃជំងឺអេដស៍ បានថយចុះ៣៦ភាគរយពីឆ្នាំ២០១០មក។ ចាប់ពីឆ្នាំ២០១៣ គម្រោងគំនិតផ្តួចផ្តើមផ្នែកជំងឺគ្រុនចាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក (PMI) បានជួយកម្ពុជាក្នុងការជំរុញការលុបបំបាត់ជំងឺគ្រុនចាញ់ ហើយប្រទេសនេះ គ្មានករណីស្លាប់ដោយសារគ្រុនចាញ់ តាំងពីឆ្នាំ២០១៧មក។
ចំពោះការលើកកម្ពស់សន្តិសុខជាសាកលផ្នែកសុខភាព អាម៉េរិកបានពង្រីកការគាំទ្រដល់កម្ពុជា បន្ទាប់ពីមានការផ្ទុះជាលើកដំបូងនូវគ្រុនផ្តាសាយបក្សី H5N1 ក្នុងចំណោមមនុស្សនៅឆ្នាំ ២០០៥។ បច្ចុប្បន្ន ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID មជ្ឈមណ្ឌល CDC វិទ្យាស្ថានសុខភាពជាតិអាមេរិក និងដៃគូដទៃទៀត ផ្តល់ការគាំទ្រនានា ដើម្បីពង្រឹងសមត្ថភាពកម្ពុជា ក្នុងការបង្ការ តាមដាន និងឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ និងការគំរាមកំហែងលើសុខភាពសាធារណៈ។
ឆ្លើយតបនឹងការរាតត្បាតជំងឺ Covid-19 អាម៉េរិកបានផ្តល់ការគាំទ្រជាច្រើនដល់កម្ពុជា ក្នុងនោះមានការផ្តល់ថវិកាចំនួន១៦ លានដុល្លារ និងវ៉ាក់សាំងតម្លៃ ៣,៣លានដុល្លារ ដែលត្រូវបានផ្តល់ឲ្យតាមរយៈមជ្ឈមណ្ឌល Covid-19 Vaccines Global Access (COVAX)។
ចំណែកការកាត់បន្ថយអត្រាមរណភាពមាតា និងទារក វិញ USAID បានរួមចំណែកតាមរយៈការវិនិយោគលើកំណែលម្អលើគុណភាព ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការវិនិយោគលើការថែទាំសុខភាពបឋម ដោយរួមទាំងការធ្វើផែនការគ្រួសារផងដែរ។
ជាមួយគ្នានេះ ជំនួយជាអន្តរទីភ្នាក់ងារផ្នែកសុខភាពរបស់អាម៉េរិក ចូលរួមលើកកម្ពស់គុណភាពនៃការថែទាំ ការត្រួតពិនិត្យលើអ្នកផ្តល់សេវា ការពង្រីកការការពារសុខភាពសង្គម ដើម្បីកាត់បន្ថយការចំណាយផ្ទាល់ខ្លួនលើផ្នែកសុខភាព និងកសាងសមត្ថភាពរបស់បុគ្គលិក និងរបស់ស្ថាប័ន៕